អគ្គិភ័យ​ឆាបឆេះ​ក្រុមហ៊ុន SMART ជាន់​ទី​៥ ផ្នែក​ខាងក្រោយ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​

ភ្នំពេញ: បន្ទប់​ដាក់​ប្រអប់​ម៉ាស៊ីនត្រជាក់​ជាន់​ទី​៥ នៃ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Smart ស្ថិតនៅតាមបណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមនត្រូវបាន​អគ្គិភ័យ​ឆាបឆេះ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ បង្កការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​។​

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​គេ​បានឃើញផ្សែងហុយ​ចេញពី​បន្ទប់​ជាន់​ទី​៥ ហើយក៏​មានការ​ផ្អើលឆោឡោ​នាំគ្នា​រត់ចេញមកក្រៅ​ក្រុមហ៊ុន​។​

​លោកនាយ​ប៉ុ​សិ៍្ត​រដ្ឋបាល​ទន្លេបាសាក់​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​បណ្តាល​ឲ្យ​មានការឆាបឆេះ​ប្រអប់​ម៉ាស៊ីនត្រជាក់​នេះ នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេហើយក៏​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បុគ្គលិក​ណា​ម្នាក់​ឡើយ​។​

​ដោយឡែក​លោក​វរសេនីយ៍ទោ ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ករណីអគ្គិភ័យ​ឆេះ​បន្ទប់​ម៉ាស៊ីនត្រជាក់​ជាន់​ខាងលើ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​Smartគឺ​សមត្ថកិច្ច​ជំនាញ​កំពុង​សហការ​ជាមួយ​ភាគី​ខាង​ក្រុមហ៊ុន ដើម្បី​ស្រាវជ្រាវ​​រក​មូលហេតុ​។

 លោក​វរសេនីយ៍ទោ ព្រហ្ម យ៉​ន បន្តថា រថយន្ត​ពន្លត់​អគ្គិភ័យ​បានចេញ​ជួយ​អន្តរាគមន៍៧​គ្រឿង ក៏ប៉ុន្តែ​បាន​ប្រើប្រាស់​តែ ៥​គ្រឿង​ប៉ុណ្ណោះ ៕​

អគ្គិភ័យ​ឆាបឆេះ​ក្រុមហ៊ុន SMART ជាន់​ទី​៥ ផ្នែក​ខាងក្រោយ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​