នៅ​ថ្ងៃទី​១២ ធ្នូ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ធ្វើ​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី

ភ្នំពេញ: នៅ​ថ្ងៃទី​១២ ខែធ្នូ ខាងមុខនេះ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក​ម៉ម​សូណង់ដូ នឹងធ្វើ​សមាជ វិសាមញ្ញ​ជាថ្មី​របស់ខ្លួន​ម្តងទៀត ក្នុង​គោលបំណង រៀប​ចំ​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ថ្មី​របស់​គណបក្ស​ឡើងវិញ​។ គម្រោង​ជួបជុំ ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់​គណបក្ស​សំបុក​ឃ្មុំ​នេះ នឹងធ្វើ​ឡើង បន្ទាប់ពី​មានការ​បែកបាក់​ផ្ទៃក្នុង រហូត​ឈានដល់​ការ​ប្តឹងផ្តល់​គ្នា រំលាយ​គណបក្ស រវាង​លោក ហ៊ាង រិទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ និង​លោក​ម៉ម​សូណង់ដូ​។​

​សមាជ​វិសាមញ្ញ ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ គឺ​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សាជាតិ ប្រមាណ​ជាង ៤០០​នាក់ និង​មានការ​ចូលរួម​ពី​សមាជិក សមាជិកា សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ផងដែរ​។

​នៅក្នុង​សមាជ​វិសាមញ្ញ គឺ​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គ​ហេ​រញ្ញឹក ...​។​

 មន្ត្រីជាន់ខ្ពស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​បញ្ជាក់ថា លោក​ម៉ម សូណង់ដូ នឹងត្រូវ​ធ្វើជា​ប្រធាន​ដដែល និង​លោក ហារី សំអាត ជា​អនុប្រធាន ព្រមទាំង​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​អគ្គលេខាធិការ អគ្គលេខាធិការរង និង​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​មួយចំនួនទៀត​។​
​    ​
សូមជម្រាបថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានធ្វើ​សមាជ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ ម្តង​រួចមកហើយ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំ ដោយ​កាលនោះ សមាជ​បានសម្រេច​ជ្រើសតាំង​លោក ម៉ម សូណង់ដូ ជា​ប្រធាន​គណបក្ស​។ ចំណែក​អនុប្រធាន​មាន​២​រូប គឺ​លោក ហារី សំអាត និង​លោក ហ៊ាង រិទ្ធី លោក យ៉ែម វណ្ណ​ថន អគ្គលេខាធិការ និង​លោក អ៊ី សំអុល អគ្គ​ហិ​រញ្ញឹក​។

​ប៉ុន្តែ​ក្រោយមក ក៏មាន​ការបែកបាក់​ផ្ទៃក្នុង​ដោយ​លោក ហ៊ាង រិទ្ធី ដែលជា​អនុប្រធាន​គណបក្ស បាន​ប្តឹងផ្តល់​ទៅ​តុលា​ការសុំ​ឲ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ បណ្តឹង​របស់លោក​ហ៊ាង​រិទ្ធី ត្រូវបាន​តុលាការ តម្កល់ទុក មិន​ចាត់ការ​៕​