​ជើង​ខ្លាំង​អាមេរិក Tynanes ​ប្ដេជ្ញា​​​នឹង​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ស្រែក​ហ៊ោ​នៅ​ល្ងាច​ស្អែក

​ជើង​ខ្លាំង​អាមេរិក Tynanes ​ប្ដេជ្ញា​​​នឹង​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ស្រែក​ហ៊ោ​នៅ​ល្ងាច​ស្អែក

Lowen Tynanes ​អ្នក​ប្រដាល់​ក្នុង​ទ្រុង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​របស់​អាមេរិក ដែល​​នឹង​ត្រូវ​​ប្រកួត​ជាមួយជើង​ខ្លាំង​រុស្ស៊ី  Rasul Yakhyaev ​ក្នុង​ព្រឹត្តិការណ៍ Kingdom of Khmer​ នៅ​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​បាន​បញ្ជាក់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​រូបគេ​ពិត​ជា​មាន​ការ​នឿយហត់​បន្តិច​មែន ​ព្រោះ​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​រូប​គេ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​អន់​ចិត្ត​ចំពោះ​ការ​ប្រកួត​ឡើយ។

 

​ជើង​ខ្លាំង​អាមេរិក Tynanes ​ប្ដេជ្ញា​​​នឹង​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ស្រែក​ហ៊ោ​នៅ​ល្ងាច​ស្អែក

 Lowen Tynanes ថត​ជាមួយ Ring Girl កញ្ញា Mel Tan

 

Lowen Tynanes ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​រុស្ស៊ី Rasul Yakhyaev ​គឺ​ជា​គូ​ឯក​ក្នុង​កម្មវិធី Kingdom of Khmer ​របស់​​​ស្ថាប័ន One Championship ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ល្ងាច​ស្អែក​នេះ។ មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នេះ​ដែរ កីឡាករ​សញ្ជាតិ​អាមេរិក​ដែល​ចេះ​គ្រប់​ក្បាច់​ Tynanes ​បាន​និយាយ​ថា​៖ “ធ្វើ​ដំណើរ​ពី Hawaii ​មក​កម្ពុជា មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នឿយហត់​បន្តិច។ តែ​នេះ​មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​ទីនេះ ហើយ​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​ជាមួយ​ដៃ​គូ​របស់​ខ្ញុំ​ដែរ។ ប្រកួត​ខាង​មុខ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ឈ្នះ ហើយ​ក៏​មិន​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​គ្នា អន់​ចិត្ត​ដែរ”។

 

អ្នក​វាយ​ក្នុង​ទ្រុង​វ័យ​២៥​​ឆ្នាំ​ខាង​លើ​ចូល​ហ្វឹកហាត់​តាំង​ពី​អាយុ​៣​ឆ្នាំ ដោយសារ​តែ​រូបគេ​ចូល​ចិត្ត​កីឡា​​តាំង​ពី​តួច។ ជើង​ខ្លាំង​រូប​នេះ ចេះ​​កីឡា​ច្រើន​ប្រភេទ​ហើយ​អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​គេ​គឺ​ក្បាច់​បោក​ចំបាប់។ កំណត់ត្រា​របស់​គេ​គឺ ៧​ប្រកួត​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​នោះ​ទេ។

 

ងាក​មក​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ស្អែក​វិញ ​ព្រឹត្តិការណ៍ Kingdom of Khmer ​មាន​សំបុត្រ​លក់​៣​ប្រភេទ​គឺ ​ប្រភេទ​ទី​មួយ​តម្លៃ​៨០​​ដុល្លារ​ ប្រភេទ​ទី​២​តម្លៃ​៥០​ដុល្លារ​ និង​ប្រភេទ​ទី​៣​តម្លៃ​២០​ដុល្លារ៕

 

​អត្ថបទ៖ មុន្នី រម្យ