បទ​សម្ភាសន៍​ជាមួយ​លោក PIERRE JEAN LUIZARD អ្នកនិពន្ធ​សៀវភៅ អន្ទាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពី​គម្រោងការ​ក្រុម​នេះ

ទូរទស្សន៍​បារាំង FRANCE TV INFO បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ធ្នូ នូវ​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក PIERRE JEAN LUIZARD អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «​អន្ទាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​» បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា បណ្តាល​ឱ្យ​បារាំង និង​សម្ព័ន្ធមិត្ត​បង្កើន​ការ​វាយប្រហារ​លើ​ក្រុម​ជី​ហា​ដ​នេះ ។

នៅ​ស៊ី​រី​ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​នេះ​មក ការ​វាយប្រហារ​របស់​បារាំង​ប្រឆាំង​ពួក​ជី​ហា​ដ ត្រូវ​បាន​បង្កើន ហើយ​សភា​អង់គ្លេស​ក៏​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​វាយប្រហារ​ពួក​នោះ​នៅ​ស៊ី​រី​ដែរ ។ ចំពោះ​ការ​យល់​ឃើញ​របស់​លោក PIERRE JEAN LUIZARD ការ​ឆ្លើយ​តប​ទាំងនេះ​គឺជា​អ្វី​ដែល​គេ​ហៅ​ថា​ធ្លាក់​ក្នុង​អន្ទាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដូច​ចំណងជើង​សៀវភៅ​របស់​លោក ។ លោក​ថា នេះ​ជា​អន្ទាក់​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដាក់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​លោក​ខាងលិច ដែល​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ទាំងនេះ​ពិត​ណាស់​វា​តំណាង​ឱ្យ​គ្រោះថ្នាក់​មួយ ។

អ្នក​ជំនាញការ​រូប​នេះ​លើក​ឡើង​ពី​បណ្តា​គន្លឹះ​ប្រវត្តិសាស្ត្រ ដើម្បី​ស្វែង​យល់​ពី​ការ​គំរាមកំហែង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដោយ​លោក​ថា បណ្តា​មេរៀន​ប្រវត្តិសាស្ត្រ​ក៏​ត្រូវ​ប្រើ​សម្រាប់​ប្រឆាំង​ក្រុម​ជ្រុលនិយម​នេះ​ដែរ ។

ពេល​សួរ​លោក តើ​អ្វី​ទៅ​ដែល​លោក​ហៅ​ថា អន្ទាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម?លោក LUIZARD ឆ្លើយ​ថា អន្ទាក់​គឺជា​ការ​ជំរុញ​ការ​ហក់​ចូល​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដោយ​យើង​កម្រិត​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស ហើយ​ជំរុញ​ឱ្យ​មាន​អន្តរាគមន៍​តាម​ជើង​គោក​របស់​បណ្តា​តួអង្គ​ដែល​ជាប់​ទាក់ទិន​នឹង​ជម្លោះ ។

វា​ជា​ការ​ធ្វើ​អន្តរាគមន៍​ខាង​យោធា​ទាំង​មុន គិតដល់​យុទ្ធសាស្ត្រ​ចាក​ចេញពី​វិបត្តិ​ទៀត​ផង ។ ការ​គ្រាន់តែ​គិត​ពឹង​លើ កងទ័ព​ស៊ី​រី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ថា​ជា​រឿង​អត្តឃាត​នយោបាយ​មួយ ។ របប​ក្រុង​ដា​ម៉ាស់​ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាត់ទុកជា​ឧបសគ្គ​ដ៏​ធំ​របស់​គេ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ខិតខំ​ធ្វើខ្លួន​នៅ​អុ​ី​រ៉ា​ក់​ក៏​ដូច​ជា​នៅ​ស៊ី​រី​ជា​អ្នក​ការពារ​តែ​ម្នាក់ឯង​នូវ​បណ្តា​សហគមន៍​អា​រ៉ាប់​ស៊ុន​នី​ត ។

ពេល​សួរ​ថា​តើ​សកម្មភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដូច​សកម្មភាព​របស់​ក្រុម​អាល់​កៃ​ដា​ទេ? លោក LUIZARD ឆ្លើយ​ថា អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​មាន​ប្រភព​មនោគមន៍វិជ្ជា​ដូច​គ្នា គឺ​មនោគមន៍វិជ្ជា​ជី​ហា​ដ សាឡា​ហ្វី​ស្ត ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​គ្រា​ដំបូង ចង់ឱ្យ​អ៊ិ​ស្លា​ម​ក្លាយជា​អាវុធ​មួយ​ប្រឈម​មុខ​នឹង​ការ​ត្រួតត្រា​របស់​លោក​ខាងលិច ក៏​ប៉ុន្តែ​ក៏​ជា​អាវុធ​ប្រឆាំង​បណ្តា​របប​ដែល​យល់​ថា មិន​បរិសុទ្ធ និង​ពុក​រលួយ​ផង​ដែរ ដូច​ជា​របប​នៅ​ទុ​យ​នី​ស៊ី​ជាដើម ព្រមទាំង​ប្រឆាំង​បណ្តា​របប​ផ្តាច់​ការ​ផង​ដែរ ។ អង្គការ​ភេរវកម្ម​ទាំង​២​នេះ​សុទ្ធតែ​ចង់​ស្តារ​ឡើង​វិញ នូវ​កាលី​ហ្វា​ត ដែល​ត្រូវ​លុប​បំបាត់​ចោល​កាលពី​ឆ្នាំ​១៩២៤ ដោយ MUSTAFA KEMAL  នៅ​តួ​ក​គី ។ កាលី​ហ្វា​ត​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើក​ឡើង​ពិតជា​ខុស​នឹង​កាលី​ហ្វា​ត អូ​តា​ម៉​ង់ តែ​ជា​កាលី​ហ្វា​តរបស់​បណ្តា​កាលី​ហ្វ RASHIDUN (​ដឹកនាំ​ល្អ​) ដំបូង​ៗ ដែល​ឡើង​កាន់​អំណាច​បន្ត​ពី​ព្រះ​មហាម៉ាត់ ។ ក៏​ប៉ុន្តែ​អំណាច​របស់​បណ្តា​កាលី​ហ្វ​ដំបូង​ៗ ក៏​មិន​ចុះសម្រុង​គ្នា​ដែរ ។ កាលី​ហ្វ UMAR និង​កាលី​ហ្វ UTHMAN ត្រូវ​គេ​ធ្វើឃាត​ក៏​ដូច​ជា​កាលី​ហ្វ​អា​លី​ដែរ ។

បច្ចុប្បន្ន​ទិដ្ឋភាព​នៃ​ការ​បែកបាក់​គ្នា​នេះ នៅ​តែ​មាន​ដោយ​សង្គ្រាម​សហគមន៍​សាសនា​រវាង​ពួក​ស៊ុន​នី​ត និង​ពួក​ស៊ី​អីុត​មាន​ភាព​ខ្លាំងក្លា​ជាង​ពី​មុន​ទៅ​ទៀត ហើយ​ពិភព​ស៊ុន​នី​ត​ផ្ទាល់​ក៏​មានការ​បែកបាក់​គ្នា​ខ្លាំង​ដែរ ។

ទោះបី​យ៉ាងណា ក្រុម​អាល់​កៃ​ដា​ពុំ​មាន​មហិច្ឆតា​បោះទីតាំង​រឹង​មាំ​លើ​ដែនដី​មួយ​ឡើយ ដែល​ផ្ទុយ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

សម្រាប់​អាល់​កៃ​ដា​យល់​ថា ការ​ស្តារ​ឡើង​វិញ នៃ​កាលី​ហ្វា​ត​នេះ ជា​ទស្សនៈ​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ពួក​តា​លី​បង់​បាន​បូជា​រដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​គម្រោង​ឆ្លង​ជាតិ​របស់​អាល់​កៃ​ដា ។ ក្រុម​អាល់​កៃ​ដា​ឧទាហរណ៍​ពេល​វាយ​ត្រួតត្រា​ក្រុង FALLOUJAH អីុរ៉ា​ក់​កាលពី​ឆ្នាំ​២០០៣-២០០៤ បាន​ដាក់​បណ្តា​តួអង្គ​មូលដ្ឋាន​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​យុទ្ធ​ជនបរទេស ។

ចំណែក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វិញ ចាប់ផ្តើម​ប្រកាស​រដ្ឋ​កាលី​ហ្វា​ត​មួយ ។ ក្រុម​នេះ​មាន​គម្រោង​បង្កើត​រដ្ឋ​មួយ​លើ​ដែនដី​មួយ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​គម្រោង​បង្កើត​រដ្ឋ​មួយ​ដែល​គ្មាន​ព្រំដែន ។ ក្រុម​នេះ​ផ្តល់​ការ​គ្រប់គ្រង​អំណាច​មូលដ្ឋាន​ដល់​បណ្តា​តួអង្គ​មូលដ្ឋាន​ដូច​ជា​ពួក​កុលសម្ព័ន្ធ បណ្តា​អតីត​នាយទាហាន​នៃ​របប​សា​ដាម ហ៊ូ​សេន មេដឹកនាំ​សាសនា​នី​កាយ​ស៊ុន​នី​ត​សម័យកាល​សា​ដាម តែ​គេ​រក្សា​សិទ្ធិ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​៣​គឺ​បង្ក្រាប​ការ​បះបោរ ដោះស្រាយ​ជម្លោះផ្ទៃក្នុង និង​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ដំបៅ​ពី​របប​ក្រុង​បា​ដា​ដ ៕