ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ឥណ្ឌា​ស្លាប់​យ៉ាងតិច​269​នាក់

អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​ពាន់​នាក់​នៅ​តែ​ដុតដៃដុតជើង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត និង​ជម្លៀស​មនុស្ស​ចេញពី​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត​នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ​ភាគ​ខាងត្បូង​ឥណ្ឌា ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៦៩​នាក់ រួច​ហើយ​ចាប់តាំងពី​៤​ស​ប្តា​ហ៍​កន្លង​មកនេះ ។

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ថ្មី​ៗ​ក្នុង​តំបន់​នេះ សរុប​មនុស្ស​ជាង​៤០.០០០​នាក់​ត្រូវ​បាន​សង្គ្រោះ ។ រដ្ឋធានី​រដ្ឋ​តា​មិ​ល​ណា​ឌូ ក្រុង CHENNAI ពី​មុន​ហៅ​ក្រុង​ម៉ា​ដ្រា​ស មាន​ប្រជាជន​៦​លាន​នាក់​ត្រូវ​ទឹក​ជន់​លិច ។ អ្នកដំណើរ​ជា​ច្រើន​ពាន់​នាក់​ជាប់​ឯ​ព្រ​លាន​យន្តហោះ​ក្រុង​ដែល​បិទ​ដោយសារ​ផ្លូវ​ព្រ​លាន​ត្រូវ​ទឹក​ជន់​លិច ត្រូវ​បាន​កងទ័ពអាកាស​ជួយ​ជម្លៀស​ចេញ ។ នាវាចម្បាំង​១​គ្រឿង ដែល​ដឹក​កាណូត​កៅស៊ូ សម្ភារ​ពេទ្យ និង​ឧបករណ៍​មុជទឹក​បាន​មក​ដល់​ក្រុង​ម៉ា​ដ្រា​សនា​ថ្ងៃ​ទី​៣ ធ្នូ ។

ប្រទេស​ឥណ្ឌា​តែង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​រាល់​ឆ្នាំ​រវាង​ពី​ខែមិថុនា និង​ខែកញ្ញា ។ ក៏​ប៉ុន្តែ​បើ​តាម​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា លោក RAJNATH SINGH ថា សភាពការណ៍​បច្ចុប្បន្ន​គឺ​ខុស​ពី​ទម្លាប់ ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី អះអាង​ពី​ទឹកជំនន់​ថា ស្ថិត​ក្នុង​ចំណោម​ផលវិបាក​នៃ​ការ​ផ្លាស់​ប្តូរ​បរិយាកាស ។

ក្រុង​ម៉ា​ដ្រា​ស​ជាទី​ក្រុង​ធំ​ទី​៤​របស់​ប្រទេស​និង​ជា​តំបន់ឧស្សាហកម្ម​ធំ​មួយ​នៅ​ឥណ្ឌា  រោងចក្រ​ជា​ច្រើន​ត្រូវ​បិទទ្វារ ៕