ប្រមុខ​តា​លីបង់​អាហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​ក្រោយ​របួស​ធ្ងន់​

តាម​ TWITTER លោក SULTAN FAIZY អ្នក​នាំ​ពាក្យ​របស់​អនុ​ប្រធានា​ធិបតី​ទីមួយ​អាហ្វ​ហ្គា​នី​ស្ថាន​ លោក RACHID DOSTOM ប្រកាស​នា​ថ្ងៃ​ទី​៤ ធ្នូ ថា លោក​មុល​ឡាហ៍​ អាក់​តា​ម៉ាន់កួរ ប្រមុខ​ពួក​តា​លី​បង់​ស្លាប់​ហើយ​ក្រោយ​រង​របួស​ធ្ងន់។

យោង​តាម​ទូរ​ទស្សន៍​ក្នុង​ស្រុក​ ITV ថា លោក​ម៉ាន់​សួរ​ ត្រូវ​របួស​ធ្ងន់​ កាល​ពី​ថ្ងៃ​ទី​១ ធ្នូ ក្នុង​ការ​បាញ់​ប្រហារ​មួយ​ដែល​កើត​មាន​មក​ពី​ជម្លោះ​យ៉ាង​ខ្លាំង​មួយ​រវាង​បណ្តា​មេដឹក​នាំ​តា​លី​បង់​នៅ​ជិត​ក្រុង​កេតា​ប៉ា​គី​ស្ថាន​។

ពួក​តាលី​បង់​អាហ្វ​ហ្គា​នី​ស្ថាន​មានការ​បែក​បាក់​គ្នា​ចាប់​តាំង​ពី​លោក​ម៉ាន់ សួរ ឡើង​បន្ត​តំណែង​ពី​ប្រមុខ​ប្រវត្តិ​សាស្ត្រ​ លោក​មុល​ ឡាហ៍​ម៉ូហា​ម៉ាដ អូម៉ា ដែល​ការ​ស្លាប់​របស់​លោក​ត្រូវ​បាន​អះ​អាង​កាល​ពី​ដំណាច់​ខែ​កក្កដា។

ពី​ដើម​ខែវិច្ឆិកា មក​ក្រុម​បំបែក​ខ្លួន​បាន​ជ្រើស​តាំង​លោក​មុល​ឡាហ៍​ ម៉ូ​ហា​ម៉ាដ​រ៉ា​ស៊ូល មនុស្ស​ជំនិត​នៃ​គ្រួសារ​មុល​ឡាហ៍​អូម៉ា​ជា​ប្រមុខ​របស់​ខ្លួន​។

អ្នក​នាំ​ពាក្យ​ពួ​ក​តា​លី​បង់​ លោក ZABHULLAH MUIAHID បាន​បដិ​សេធ​នា​សប្តាហ៍​នេះ​ថា លោក​ម៉ាន់​សួរ ពុំ​បាន​ត្រូវ​របួស​ ឬ​ស្លាប់​ឡើយ​ ៕