អង្គការ​យូណេស្កូ ​ដាក់បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​

Sanofi

​ក្រោយពី​សិក្សា ត្រួតពិនិត្យ​សំណើរ​របស់​កម្ពុជា​អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​នោះ កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ នេះ អង្គការ​យូណេស្កូ បានសម្រេច​ដាក់បញ្ចូលល្បែង​ទាញព្រ័ត្រ​របស់​ប្រទេស​កម្ពុជា និង ល្បែង​ទាញព្រ័ត្រ​របស់​ប្រទេស ៣ ទៀត​ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ​។ ការសម្រេច​ដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ​របស់​កម្ពុជា ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ​នេះ ​គឺធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​លើក​ទី ១០ នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ ដែល​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នាទី​ក្រុង​វិ​ន​ហ៊ើ​ក ប្រទេស​ណា​មី​ប៊ី​។​

ឯកឧត្តម ហាប់ ទូច អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌របស់​ក្រសួង​វប្បធម៌​បានអោយដឹងថា យើង​បាន​ស្រាវជ្រាវ រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ល្បែង​ទាញព្រ័ត្រ​នេះ​នៅ​ឆ្នាំ​ ២០១៣ ហើយ​បាន​បញ្ជូន​សំណើ​ទៅ​អង្គការ​យូណេស្កូ​នៅ​ដើមឆ្នាំ២០១​៤។

ដោយ​ល្បែង​ទាញព្រ័ត្រ​នេះ មិនមែនជា​ល្បែង​ផ្តាច់មុខ​របស់​កម្ពុជា​នោះទេ ហើយ​អង្គការ​យូណេស្កូ​មានបំណង​ឱ្យ​​ប្រទេស​ដែលមាន​ល្បែង​ប្រហាក់ប្រហែល​ធ្វើការ​រួមគ្នា ដូច្នេះហើយ កម្ពុជា​ក៏បាន​បញ្ជូន​សំណើ​របស់ខ្លួនដោយ​រួម​នឹង​សំណើ​របស់​ប្រទេស​ ៣​ ទៀត ​គឺប្រទេស​ហ្វីលីពីន ប្រទេស​កូរ៉េ និង​ប្រទេស​វៀតណាម ទៅកាន់​អង្គការ​យូណេស្កូ​។​

កន្លងទៅ អង្គការ​យូណេស្កូ ក៏បាន​ដាក់បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​មួយចំនួនចូល​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​វប្បធម៌​របស់​ពិភពលោក មានដូចជា ប្រាសាទព្រះវិហារ ល្ខោន​ស្រមោល​ស្បែក​ធំ របាំ​ព្រះរាជ​ទ្រព្យ ប្រាសាទអង្គរវត្ត ជាដើម​៕ សុថា​ត់​

Related