លោក ប្រាក់ សុវណ្ណារ៉ា ទទួលស្គាល់ថា វឌ្ឍនាកា មិនសូវ​រត់ ប៉ុន្តែ​មានឱកាស​សម្រេច​ផល​ច្រើន​

លោក ប្រាក់ សុវណ្ណារ៉ា រក​មិនឃើញ​ឡើយ​អ្នកមាន​ជំងឺ​តួឯក​នៅក្នុង​ក្រុម​របស់លោក ជាពិសេស​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ និង​កោតសរសើរ​យ៉ាង​ផុសផុល​។ លោក​បាន​ថ្លែង​បែបនេះ នៅមុន​ពេលដែល​លោក​ដឹកនាំ​ក្រុម​ចេញទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្លិប Becamex Binh Doung នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការដណ្តើម​ពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ​២០១៥ នា​ថ្ងៃអាទិត្យ​ខាងមុខ​។​

​បឹងកេត​អង្គរ ត្រូវ​បោះជំហាន​ទៅមុខ​បន្ថែមទៀត​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club ឆ្នាំ​២០១៥ បន្ទាប់ពី​ពួកគេ​យកឈ្នះ Lao Toyota របស់​ឡាវ ២-០ និង​ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា Yangon United ៣-០ នា​ការប្រកួត​ជម្រុះ​។ សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ខាងមុខ ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង Becamex Binh Doung របស់​វៀតណាម នៅ​កីឡដ្ឋាន Hang Day ក្នុង​ទីក្រុង​ហាណូយ​។​

​គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា បាន​អះអាងថា ក្រុម​របស់​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នេះ ហើយ​ស្របពេល​ជាមួយគ្នា លោក​បាន​បកស្រាយ​ថា គ្មាន​ឡើយ​កីឡាករ​ដែលមាន​ជំងឺ​តួឯក​នៅក្នុង​ក្រុម​របស់លោក​។ ប្រសាសន៍​របស់​គ្រូបង្វឹក​វ័យ​៤៣​ឆ្នាំ​រូបនេះ ហាក់ដូចជា​ឆ្លើយតប​ទៅនឹង​ការលើកឡើង​មួយចំនួន ដែល​ទាក់ទង​នឹង​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​កំពុងមាន​ភាពល្បីល្បាញ ហើយ​ថែមទាំង​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​នៅ​ក្របខណ្ឌ​លំដាប់​ទី​២​របស់​ជប៉ុន​ថែមទៀត​។​

​បើតាម លោក ប្រាក់ សុវណ្ណារ៉ា ការកោតសរសើ និង​ការលើកតម្កើង​នានា បាន​ក្លាយជា​កម្លាំងចិត្ត​បន្ថែម​សម្រាប់ ចាន់ វឌ្ឍនាកា ដែល​គ្រោង​ទទួល​ស្បែ​កមាស​ប្រចាំ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៣៧​គ្រាប់​។ «​ខ្ញុំ​សង្កេតឃើញ វឌ្ឍនាកា មានការ​ខិត​ប្រឹងប្រែង​កាន់តែខ្លាំង ហើយ​គេ​មាន​ឆន្ទៈ​យ៉ាង​មុះ​មត់​ក្នុង​ការជួយ​ក្រុម​នៅ​រាល់​ការប្រកួត​»​។ នេះ​ការបញ្ជាក់​របស់លោក ប្រាក់ សុវណ្ណារ៉ា​។​

​គ្រូបង្វឹក​រូបនេះ នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​លេង​បែប​ការពារ​នា​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ Becamex Binh Doung ។ លោក​ទទួលស្គាល់ថា ម្ចាស់​ការពារ​តំណែង​ជើងឯក​ដែលមាន​រហស្សនាម​ថា «Chelsea of Vietnam» គឺជា​ក្រុម​ខ្លាំង​មួយ​នៅក្នុង​តំបន់​ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​នៅក្នុង​ក្របខណ្ឌ AFC Champions League និង​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFC Cup កាលពី​ឆ្នាំ​២០០៩ ប៉ុន្តែ​លោក​រំពឹងថា កីឡាករ​បឹងកេត​នឹង​លេង​ប្រកបដោយ​ឆ​ន្ទះ​ខ្ពស់​ដើម្បី​យកបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​លោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្វីត្បិតតែ​យើង​លេង​បែប​ការពារ​ពិតមែន ប៉ុន្តែ​យើង​នឹង​វាយ​សម្រុក​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅពេល​មានឱកាស​។ យើង​ធ្វើបាន​យ៉ាង​ជោគជ័យ​នា​ជំនួប​ជាមួយ Yangon United ដូច្នេះ​ខ្ញុំ​រំពឹងថា ផល​វិជ្ជមាន​នឹង​បន្ត​កើតឡើង​សម្រាប់​បឹងកេត​អង្គរ​»​។​

​អ្នកតាមដាន​កីឡាបាល់ទាត់​មួយចំនួន​មើលឃើញថា ចាន់ វឌ្ឍនាកា ហាក់ដូចជា​មិនសូវ​រត់​ឡើយ​នៅលើ​ទីលាន​។ លោក ប្រាក់ សុវណ្ណារ៉ា ក៏​មិន​ប្រកែក​នោះដែរ ហើយ​ថែមទាំង​បាន​អះអាងថា នេះ​ជា​អ្វីដែល​លោក​ចង់បាន​។ លោក​បាន​ពន្យល់ថា​៖ «​កីឡាករ​ទាំងអស់​បាន​លេង​ទៅតាម​ការរៀបចំ​របស់​ក្រុម​។ ថ្វីត្បិតតែ វឌ្ឍនាកា ក៏ដូចជា Ronaldo មិនសូវ​រត់​ច្រើន​ក៏ដោយ ប៉ុន្តែ​គេ​មាន​ប្រសិទ្ធ​ខ្ពស់​ក្នុងការ​គ្រប់គ្រង​បាល់ និង​បង្កើត​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​» ។​

​លោក​បានកត់សម្គាល់​ផងដែរ​ថា ក្រុម​ជម្រើសជាតិ​ត្រូវការ​កីឡាករ​មួយចំនួន ដូចជា គួច សុគ​ម្ភៈ​, ឈិន ឈឿន​, ប្រាក់ មុន្នី​ឧ​ត្ត​ម និង សុះ ស៊ូ​ហា​ណា ជាដើម ធ្វើ​សកម្មភាព​នៅ​ពេញទី​លាន ប៉ុន្តែ​គេ​ក៏ត្រូវ​ការ​កីឡាករ​ឆ្នើម​ក្នុង​ការសម្រេច​ផល​ចុងក្រោយ​ដូចជា ចាន់ វឌ្ឍនាកា ផងដែរ​។​

Becamex Binh Doung គឺជា​ម្ចាស់​ជើងឯក​៤​ជំនាន់​នៃ​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​វៀតណាម និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ពានរង្វាន់ Toyota Mekong Club នេះ​តែម្តង​។ កាលពី​ឆ្នាំ​២០១៤ ពួកគេ​បាន​បំបាក់​ភ្នំពេញ​ក្រោ​ន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា ក្នុង​លទ្ធផល ៥-២ ហើយ​បាន​ក្លាយជា​ម្ចាស់​ជើងឯក បន្ទាប់ពី​បាន​យកឈ្នះ​ក្លិប Ayeyawady United របស់​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​ដែល​ឈ្នះ​ការប្រកួត​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ នឹង​បន្ត​ប៉ះ​ជាមួយ​ជើងឯក​ថៃ Buriram United នៅក្នុង​ទីក្រុង​បាងកក នា​ថ្ងៃទី​២០ ខែធ្នូ ខាងមុខនេះ​។ ម្ចាស់​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​៧៥០០០​ដុល្លារ លេខ​ពីរ បាន​៥០០០០​ដុល្លារ លេខ​បី​បាន​៣០០០០​ដុល្លារ រីឯ​ក្រុម​លេខ​៤ និង​លេខ​៥ ក៏បាន​ប្រាក់រង្វាន់​១០០០០​ដុល្លារ និង​៥០០០​ដុល្លារ​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​