យុវជន បេ្តជ្ញាថែរក្សា ល្បែងប្រជាប្រិយខ្មែរ

ភ្នំពេញ៖ ក្រុមយុវជន បានសម្តែងអារម្មណ៍របស់ខ្លួន ដោយបេ្តជ្ញាចិត្ត ថែរក្សាល្បែងប្រជាប្រិយខ្មែរឡើងវិញ នៅគ្រាដែលអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលល្បែងទាញព្រ័ត្ររបស់កម្ពុជា និង៣ប្រទេសទៀត ជាបេតិកភណ្ឌវប្បធម៌អរូបិយ របស់មនុស្សជាតិ។

ថ្មីៗនេះ ក្នុងអំឡុងនៃសម័យប្រជុំលើកទី១០ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល រៀបចំឡើងនៅរដ្ឋធានី Windhoek ប្រទេស Namibia អង្គការ UNESCO ប្រទេសទទួលស្គាល់ល្បែងទាញព្រ័ត្រ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ បន្ទាប់ពីការស្នើសុំពី សំណាក់ប្រទេសប្រទេសកូរ៉េខាងត្បូង វៀតណាម កម្ពុជា និង ហ្វីលីពីន ក្នុងគោលបំណង ដើម្បីថែរក្សាកេរតំណែលវប្បធម៌អរូបិយមួយនេះ។
ល្បែងប្រជាប្រិយខ្មែរដូជា បោះអង្គញ់ លាក់កន្សែង ស្តេចចង់ ទាញព្រ័ត្រ ក្រុងមេមាន់ វាយក្អម ចោលឈូង ឆ្មាចាប់កណ្តុរ ដណ្តើមស្លឹកឈើ ពង្រត់កូនក្រមុំ ចាប់កូនខ្មែរ ជាដើម ត្រូវបានគេសង្កេតថា បច្ចុប្បន្នធ្លាក់ចុះ ព្រោះយុវជនមួយចំនួន មិនសូវចាប់អារម្មណ៍លេងនោះទេ ពិសេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ យ៉ាងណាមិញ ល្បែងទាំងអស់ត្រូវបានយកមកលេងកម្សាន្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់លើទឹកដីអង្គរឡើងវិញ ក្នុងកម្មវិធីអង្គរសង្រ្កាន្ត រយៈពេលពីរបីឆ្នាំ ចុងក្រោយនេះតាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំឲ្យលោក ហ៊ុន ម៉ានី។

យុវជន លី ផាន់ណា អាយុ២៦ឆ្នាំ បានអបអរសាទរ ចំពោះល្បែងទាញព្រ័ត្រកម្ពុជា ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជា សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ របស់មនុស្សជាតិ ព្រោះវាល្បែងប្រជាប្រិយខ្មែរ ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរ មួយចំនួនទៀត។
យុវជនរូបនោះនិយាយថា “ ក្នុងនាមជាយុវជន យើងត្រូវចូលរូមថែរក្សាល្បែងប្រជាប្រិយខ្មែរឡើងវិញ គឺនាំគ្នាលែងឲ្យផុសផុល ក្នុងរដូវបុណ្យចូលឆ្នាំជាដើម ដើម្បីឲ្យសាកសក្តិនឹងកិតិ្តយស ដែលយូណេស្កូប្រគល់ឲ្យ”។

យុវជនមួយរូបទៀត ប្អូន ចាន់ ចេងហាក់ អាយុ ២៥ឆ្នាំ ក៏បានលើកឡើងស្រដៀងគ្នាថា យុវជនត្រូវតែនាំគ្នា លេងល្បែងប្រជាប្រិយខ្មែរឡើងវិញ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឃើញ ព្រោះល្បែងប្រជាប្រិយខ្មែរ បង្ហាញពីសកម្មភាពរូបរួមគ្នា ។ យុវជនរូបនោះ និយាយថា “ល្បែងប្រជាប្រិយខ្មែរ គឺលេងទៅមានប្រយោជន៍ណាស់ សប្បាយ ហើយបង្ហាញពីភាពស្រឡាញ់គ្នា រួបរួមគ្នា ដូចល្បែងទាញព្រ័ត្រ អីចឹង សាមគ្គីគ្នា ដើម្បីទាញខ្សែ យកឈ្នះភាគីម្ខាងទៀត”។

ប្រវត្តិល្បែងទាញព្រ័ត្រ៖

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយ របស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើ កម្លាំងកាយជាមូហេតុ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះ មានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

សមាសភាពនៃអ្នកលេងល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម ៥នាក់ ឬ១០នាក់ឡើងទៅ តាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទម្លាប់ អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេឲ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រី ឲ្យមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺ បើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រ ធ្វើពីស្បែកគោ ស្បែកក្របីធ្វើព្រ័ត្រ ឬគេយក ពួរធ្វើពីជក់ដូងជាព្រ័ត្រសម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោរ ឬគងម៉ង់ ឬរគាំង១ សម្រាប់ទះ ឬសម្រាប់វាយនៅពេលដែលទាញដំបូង។

របៀបលេង ៖

មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កម្លាំងខ្លាំង ឲ្យជាអ្នកឈរកាន់ចុងព្រ័ត្រ គឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយឲ្យប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំ មានកម្លាំង ឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សម្រាប់នាំពួកខ្លួន ឲ្យខំទាញតែរៀងខ្លួន ឯមនុស្សដែលមានមាឌតូចៗស្គមៗ កម្លាំងខ្សោយៗ គេឲ្យឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេឲ្យមនុស្សប្រុសម្នាក់កាន់សំភោរ ឬ គងម៉ង់ ឬក៏រគាំងឈរត្រង់កណ្ដាលទី ជិតអ្នកទាំងពីរ ដែលកាន់ខ្សែឈរទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ (១) !.! ឮយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលែក យ៉ាងគ្រលួច។ ឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មាន ជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជម្នះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ ឬគងម៉ង់ ឬរគាំង គេចេះតែបញ្ជើតសំភោរ ឬគងម៉ង់ ឬក៏រគាំងរឿងៗ ឮសូរតាក់ទីងៗ ឬម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅ ទើបឃើញឈ្នះ ឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះ ខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសាជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណឲ្យរាងកាយ មានកម្លាំងមានសុខភាពល្អ៕

យុវជន បេ្តជ្ញាថែរក្សា ល្បែងប្រជាប្រិយខ្មែរ