អាជ្ញាធរភ្នំពេញ នឹងជួបសហភាព ចលនាកម្មករ កម្ពុជាពីការរៀបចំ ទិវាសិទ្ធិមនុស្ស ១០ធ្នូ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងជួបជាមួយតំណាង សហភាពចលនាកម្មករកម្ពុជា ដើម្បីពិភាក្សាពីការរៀបចំអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០១៥ ខួបលើកទី៦៧ នៅម៉ោង ២និង០០នាទី រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ។

នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា។ យោងតាមលិខិត របស់លោក កេន ឆេងឡាង អនុប្រធានសហភាព ចលនាកម្មករកម្ពុជា ផ្ញើជូនអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ វិច្ឆិកា បានឲ្យដឹងថា ខ្លួននឹងរៀបចំជួបជុំ ថ្នាក់ដឹកនាំតាម មូលដ្ឋានចំនួន ៥០០នាក់ នៅថ្ងៃទិវាសិទ្ធិមនុស្សអន្ដជាតិ ១០ ធ្នូ ក្នុងគោលបំណងសម្ដែង នូវក្ដីព្រួយបារម្ភជុំវិញការរើសអើង សិទិ្ធសេរីភាពសហជីព និងដាក់ញតិ្ដ ជូនថ្នាក់ដឹកនាំក្រសួងការងារ ដើម្បីធ្វើការដោះស្រាយនូវ សំណើរមួយចំនួន។

លិខិតខាងលើបន្តថា ការជួបជុំនៅម៉ោង ៨និង០០នាទីព្រឹក នៅស្នាក់ការកណ្ដាល សហភាពចលនាកម្មករកម្ពុជា ដែលមានទីតាំងស្ថិតក្នុង បូរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ រាជធានីភ្នំពេញ បន្ទាប់មកដើរក្បួន ឆ្ពោះទៅកាន់ ក្រសួងការងារ ដើម្បីដាក់ញត្ដិ ហើយនឹងរំសាយនៅម៉ោង១២ :០០នាទីរសៀលថ្ងៃត្រង់៕

អាជ្ញាធរភ្នំពេញ នឹងជួបសហភាព ចលនាកម្មករ កម្ពុជាពីការរៀបចំ ទិវាសិទ្ធិមនុស្ស ១០ធ្នូ