សប្ដាហ៍ទី២ នៃ ITF Futures ធ្វើឡើង ដើម្បីរំឭក ស្នាដៃអតីត កីឡាករឆ្នើមកម្ពុជាម្នាក់

ភ្នំពេញ៖ សប្ដាហ៍ទី២ នៃព្រឹត្តិការណ៍វាយកូនបាល់ ITF Futures ដែលមានឈ្មោះថា GLF Tep Khunnah Memorial Cup គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ដែលសហព័ន្ធរៀបចំ ដើម្បីរំឭកខួបអនុស្សាវរីយ៍ ដល់អតីតកីឡាករឆ្នើមកម្ពុជាម្នាក់ គឺលោក ទេព ឃុនណា ដែលលោកជាវិរៈបុរស ចំណាយពេលមួយជីវិត ក្នុងការលើកកម្ពស់កីឡាវាយកូនបាល់កម្ពុជា ឲ្យរីកចម្រើនដល់បច្ចុប្បន្ន ។ នេះបើតាមការលើកឡើងរបស់លោក ទេព រិទ្ធីវិទ្ធ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៤ ខែធ្នូនេះ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យ រយៈពេលមួយសប្តាហ៍កន្លងមក នៃការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ GLF Open 2015 ឥឡូវននេះសប្ដាហ៍ទី២ គឺពានរង្វាន់ GLF Tep Khunnah Memorial Cup ក៏កំពុងតែបន្ដការប្រកួតយ៉ាងស្វិតស្វាញ ដើម្បីស្វែងរកជើងខ្លាំងផងដែរ ។

ពានរង្វាន់ GLF Tep Khunnah Memorial Cup គឺមានកីឡាករកម្រិសខ្ពស់ លើពិភពលោកជាច្រើនចូលរួម ដើម្បីប្រកួតប្រជែង និងអបអរសាទរកម្មវិធីនេះ ព្រោះជាកម្មវិធីរំឭកខួប ដល់លោក ទេព ឃុនណា ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា និងធ្លាប់បានកសាង ហេដ្ឋារចនាសម្ព័ន្ធកីឡា វាយកូនបាល់កម្ពុជាជាច្រើន ដែលជាការរួមចំណែកអភិវឌ្ឍន៍ ឲ្យរីកចម្រើនមកទល់នឹងបច្ចុប្បន្ន ។

ជាមួយគ្នានោះលោក Mitsuji Konoshita អគ្គនាយកក្រុមហ៊ុន GLF បាននិយាយថា ក្នុងនាមជាដៃគូឧបត្ថម្ភ របស់សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា លោកពិតជាមានកិត្តិយស និងឯកសិទ្ធិជាផ្នែកមួយ ក្នុងការបដិវត្ដន៍កីឡាវាយកូនបាល់ ។ វាជារឿងដែលមិនគួរឲ្យជឿនោះទេ ដែលប្រទេសកម្ពុជា ទទួលបានស្គាល់នៅឆាកអន្តរជាតិនេះក្នុងរយៈពេលខ្លី ។ កន្លងមកក្រុមហ៊ុនលោក តែងតែឧបត្ថម្ភគាំទ្រជានិច្ច ដើម្បីលើកស្ទួយ វិស័យកីឡាវាយកូនបាល់កម្ពុជាឲ្យកាន់តែរីកចម្រើន ជាក់ស្ដែងការឧបត្ថម្ភដល់ព្រឹត្តិការណ៍  ITF Futures ជាដើម ៕

សប្ដាហ៍ទី២ នៃ ITF Futures ធ្វើឡើង ដើម្បីរំឭក ស្នាដៃអតីត កីឡាករឆ្នើមកម្ពុជាម្នាក់