តា​ដឹកគោ​ទៅ​វាលស្រែ ចៅ​ប្រុសដើរ​តាម​ពីក្រោយ ធ្លាក់​ទឹកស្រះលង់​​ស្លាប់

​ខេត្ត​ព្រៃ​វែង ៖ ​ចៅ​ប្រុស​អាយុ​៥​​ឆ្នាំ​ម្នាក់ បាន​លង់​ទឹក​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​ ខណៈ​ដើរ​​​​តាម​ក្រោយ​លោក​តា​​ដែល​ដឹកគោ​ទៅ​វាល​ស្រែហើយ​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ទឹក​គ្មាន​អ្នក​ណា​ដឹង​​កាលពី​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​៣​ ​ធ្នូ នៅ​​​ភូមិ​បា​ប្រិ​យ៍​ ​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ​កណ្តាល ​​។

​មន្ត្រីសមត្ថកិច្ច ​បានឱ្យ​ដឹង​ថា ​កុមារារង​គ្រោះ ​​ឈ្មោះ ភឿន ជីវ័ន អាយុ​៥​​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។ មុន​ពេល​កើតហេតុ​​ ​ជីតា​​​កុមារ​រងគ្រោះ​​​ឈ្មោះ ភឿន អាយុ​៥៧​​ឆ្នាំ ​​ដឹក​មេគោ​ចំនួន​៤​​ក្បាលយក​ទៅ​ឱ្យ​​ស៊ី​ស្មៅនៅ​វាល​ស្រែ​ខាងក្រោយ​ភូមិ​​ដោយ​ដើរ​​កាត់​តាម​មាត់​ស្រះ​ទឹក​​ខាងក្រោយ​ផ្ទះ​​​ឈ្មោះ សេង ខុ​ម ហើយ​ពេល​នោះ​ចៅ​​ដើរ​​ទៅតាម​​ពីក្រោយ​​គោ​ ​ហើយ​​​ជីតា​មិន​បានដឹង​ថាចៅ​ដើរទៅ​តាម​នោះ​ទេ​ ។

​លុះ​ពេល​ដែល​ដើរទៅ​ដល់មាត់​ស្រះ ​កុមារ​រង​គ្រោះ​ប្រហែល​ជា​​​​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ បណ្តាល​​ឱ្យ​​លង់ស្លាប់​ដោយ​គ្មាន​នរណា​ម្នាក់​បានដឹង​ឡើយ​ ចំណែកឯ​ជីតាពេល​ត្រឡប់​មក​ពី​ចង​គោ​​វិញ បាត់​មិនឃើញ​ចៅក៏​ដើរ​រក និង​​សួរ​គេ សួរឯង​​​ពេញ​ភូមិ តែ​គ្មាន​នរណា​​ម្នាក់​បានឃើញ​សោះ ទើប​មានការ​សង្ស័យខ្លាច​ចៅ​ដើរ​តាម​ពេល​ដឹកគោ​ទៅ​វាលស្រែ​​ធ្លាក់​ចូល​ស្រះ ក៏​រក​អ្នកស្រុក​ឱ្យ​​ជួយ​ចុះ​រាវរក​ស្រាប់តែ​ឃើញ​​សព​ចៅ​នៅ​ក្នុង​ទឹកស្រះ​នោះ​មែន ​បង្ក​ការ​​​ភ្ញាក់ផ្អើល និង​បន្ទោស​ខ្លួនឯង​​​ចំពោះ​ការ​​ធ្វេស​ប្រហែស​មិន​ចាប់អារម្មណ៍​បណ្តាល​ឱ្យ​ចៅ​ប្រុស​​ស្លាប់​​​​​​យ៉ាង​អាណោច​អាធ័ម​បែបនេះ ៕