វង់ល្បែង​ជល់​មាន់ យូគី នៅ​ក្នុង​សួនសត្វ​កោះកុង​១​កន្លែង​ហ៊ាន​គំរាម​សមត្ថកិច្ច

ខេត្តកោះកុង ៖ វង់ល្បែង​ជល់​មាន់ និង​វង់​យូគី មួយ​កន្លែង​ដែល​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង​ដឹង​គ្រប់​គ្នា​ថា បាន​បើក​លេង​ជា​ប្រចាំ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​ វិច្ឆិកា ២០១៥ រហូត​មក ចំ​ថ្ងៃ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ជា​សាធារណៈ​ព្រមាន​ដល់​មន្ត្រីរាជការ​ដែល​ញៀន​នឹង​ល្បែងស៊ីសង ត្រូវ​ដកខ្លួន​ជា​បន្ទាន់​នោះ ឥឡូវ​កំពុង​តែ​យកឈ្មោះ​ថ្នាក់ដឹកនាំ​គំរាម​សមត្ថកិច្ច​នានា​ដែល​មាន​តួនាទី​បង្ក្រាប​ល្បែងស៊ីសង រួម​ទាំង​គំរាម​អ្នក​សារព័ត៌មាន​ទៀត​ផង ។

ម្ចាស់​សង្វៀន​ខាងលើ​បញ្ជាក់​ហេតុផល​ឲ្យ​មន្ត្រីរាជការ និង​អ្នកជំនួញ​មួយ​ចំនួន​ដែល​បាន​ចូល​ទៅ​លេងល្បែង​ទាំងនោះ (​ជល់​មាន់ យូគី​)​ដឹង​ថា សង្វៀន​ជល់​មាន់ និង​យូគី​ខាងលើ​នេះ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​រួច​ហើយ មិនតែប៉ុណ្ណោះ​វង់ល្បែង​ខាងលើ​បាន​យក​កម្លាំង​ដែល​បាន​ស្លៀក​ឯក​សណ្ឋាន​ជា​ប៉ូលិស​យាម​ការពារ​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​ថត​ជា​ដាច់ខាត ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​មាន​តួនាទី​បង្ក្រាប​ល្បែងស៊ីសង​ខ្លាច​ទីនោះ​ដូច​ខ្លាច​រូង​ខ្លា​អ៊ីចឹង ។

ប្រភព​បាន​បញ្ជាក់​ថា ដោយឡែក​សង្វៀន​ជល់​មាន់ និង​យូគី​ខាងលើ​ពុំ​មែន​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​កោះកុង​ឡើយ ហេតុនេះ​ម្ចាស់​សង្វៀន និង​យូគី​ខាង​លើ មិន​គួរ​យក​ឥទ្ធិពល​ថ្នាក់ដឹកនាំ​កំពូល​មក​ប្រឡាក់​ប្រឡូក​ក្នុង​រឿង​ល្បែងស៊ីសង​ខាងលើ​នេះ​ទេ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​សង្វៀន​ជល់​មាន់ និង​យូគី​ខាងលើ​ឈ្មោះ ជា លាង​ហេង ជា​មន្ត្រី​ការិយាល័យ​តំណាងរាស្ត្រ​កោះកុង បាន​ទៅ​ជួល​ដី​បរិវេណ​សួនសត្វ​កោះកុង​ក្នុង​១​ខែ​៣០​លាន​រៀល ដើម្បី​បើក​បន​ល្បែង​ខាងលើ ហេតុនេះ​ពុំ​មែន​ជា​បន​ល្បែង​ដែល​មានច្បាប់​នៅ​ក្នុង​កាស៊ីណូ​កោះកុង​ឡើយ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ដោយ​សមត្ថកិច្ច​យល់​ថា​បន​ល្បែង​ជល់​មាន់ និង​យូគី​ខាងលើ​មានច្បាប់​ទើប​រូប​គាត់​មិន​ហ៊ាន​ចុះ​បង្ក្រាប ។ មន្ត្រី​ប៉ូលិស​ជា​ច្រើន​និយាយ​ថា បើ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ដាក់​បទបញ្ជា​ឲ្យ​បង្ក្រាប គាត់​នឹង​ចុះ​ទៅ​បង្ក្រាប​ភ្លាម ព្រោះ​ចាប់តាំងពី​សង្វៀន​ជល់​មាន់ និង​យូគី​មួយ​នេះ​កើតឡើង ប៉ូលិស​រវល់​មិនសូវ​បាន​ដេក​ទេ ព្រោះ​ពី​មុន​ខេត្តកោះកុង​មិន​ធ្លាប់​មាន​ចោរឆក់​កាបូប​ទេ តែ​ឥឡូវ​មាន​ញឹកញាប់​ណាស់ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៤ ធ្នូ ២០១៥​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​លោក ជា លាង​ហេង ជា​មន្ត្រី​ការិយាល័យ​តំណាងរាស្ត្រ​កោះកុង និង​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ និង​យូគី​នេះ​ នៅឡើយ​ទេ ៕