ថៃផ្អាកនាំចូល សាច់បក្សី ពីបារាំង ក្រោយផ្ទុះជំងឺផ្តាសាយ H5N1

ប៉ារីស៖ ថៃ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន០៨ ដែលបានផ្អាកការនាំចូលសាច់បក្សីពី បារាំង បន្ទាប់ពីមានករណីផ្ទុះជំងឺផ្តាសាយបក្សីប្រភេទ H5N1  ដែល បានកើត ឡើងនៅភាគនិរតីក្នុង ប្រទេសអឺរ៉ុបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន bangkokpost ចុះផ្សាយនៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥។

ក្រសួងកសិកម្មរបស់បារាំងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា H5N1 បានសម្លាប់មាន់ចំនួន ២២ ក្បាល នៅក្នុងគ្រួសារមួយ នៅ Biras ស្ថិតក្នុងតំបន់ Perigord ។ នេះគឺជាលើកដំបូង ហើយ ក្នុងរយៈពេល៨ឆ្នាំមកនេះ ដែលជំងឺ ដ៏កាច់សាហាវ H5N1 បានវាយប្រហារទៅលើ ប្រទេសកសិកម្មដ៏ធំ របស់សហគមន៍អឺរ៉ុប នេះ ។

មន្ត្រីក្រសួងខាងលើបានបន្ថែមទៀតថា ថៃ  កូរ៉េខាងត្បូង ចិន អេហ្ស៊ីប  អាល់ហ្សេរី និង ទុយនីស៊ី បានសម្រេចផ្អាកការនាំចូល សាច់បក្សី ពីបារាំងដូចគ្នា។ ប៉ុន្តែសម្រាប់ព័ត៌មាន នៅ ពេលអនាគតថានឹងងាកមកនាំចូល ឬយ៉ាងណា  នៅមិនត្រូវបានបង្ហាញនោះឡើយ ។

ប្រធានទីភ្នាក់ងារសុខភាព និងសុវត្ថិភាពរបស់បារាំង លោក Stephane Le Foll   បានឲ្យ ដឹងថា វាអាចនឹងឆ្លងដល់មនុស្ស  ប៉ុន្តែវាមិនមានកម្រិតហានិសភ័យ ដោយសារតែការញ៉ាំអាហារនោះទេ ។

ករណីជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះឡើងកាលពីពីរសប្តាហ៍កន្លងទៅ នៅកសិដ្ឋានមួយ ក្នុងតំបន់ Dordogne។ មេរោគ H5N1 បានផ្ទុះជាលើកដំបូង តាំងពីឆ្នាំ២០០៧  ដោយកើត ឡើងនៅ កន្លែងចិញ្ចឹមក្ងាន ក្នុងតំបន់ Moselle ៕

ថៃផ្អាកនាំចូល សាច់បក្សី ពីបារាំង ក្រោយផ្ទុះជំងឺផ្តាសាយ H5N1