អភិបាលខេត្ត​​​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​ ជួយ​ពង្រីក​ផ្លូវ​ចូល​ក្រុង​ស្ទឹង​សែន

​​ខេត្ត​កំពង់ធំ ៖ ​លោក​ អ៊ុត សំ​អន អភិបាលខេត្ត​​ ​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​សៀង​ហៃ នៃ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន ​ជួយ​សាងសង់​ផ្លូវជាតិ​លេខ​៦​អា​ ចាប់ពី​រង្វង់​មូល​ភូមិ​បល្ល័ង្ក រហូត​ដល់​គល់​ស្ពាន​​ត្បូង​ចាម​ប្រហែល​៣.០០០​ម៉ែត្រ ឲ្យ​បាន​ធំ​ទូលាយ​ប្រហាក់ប្រហែល​នឹង​​ផ្លូវ​វាង​ក្រុង ដើម្បី​ឲ្យភ្ញៀ​វ​ជាតិនិង​ភ្ញៀវ​អន្តរជាតិ​ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុង​ស្ទឹង​សែន បាន​ទទួលទាន​អាហារ ​និង​​បន្ទប់​ស្នាក់​នៅ​ ដែល​ពោរពេញ​ដោយ​ផា​សុកភាព​​ ។​

​លោក​​អភិបាលខេត្ត​​បាន​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​លក់ដូរ ជា​ពិសេស​ ​​ភោជនី​យ​ដ្ឋា​ន ផ្ទះសំណាក់ និង​សណ្ឋាគារ​មាន​ភ្ញៀវចូល​ពិសារ​អាហារនិង​ស្នាក់​នៅ ដើម្បី​ជីវភាព​របស់​ប្រជាពលរដ្ឋ​ធូរធារ​​ ​ប្រ​សិន​ណា​ជា​ផ្លូវ​ចូលក្រុង​តូច​ចង្អៀត​នោះ​ ភ្ញៀវ​គេ​នឹងបើក​ទៅ​ផ្លូវ​វាង​ក្រុង​អស់​ធ្វើ​ឲ្យ​បាត់​ចំណូល​​ដល់​ពលរដ្ឋ​ ។​

នៅ​រសៀល​ថ្ងៃ​ទី​៤ ​ធ្នូ ​​២០១៥ ​លោក​​ក៏​បាន​ដឹកនាំ​មន្ត្រី​ ដោយ​មានការ​ចូលរួម​ពី​លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន លោក​ចៅសង្កាត់ ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សា​ធារ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​ ​បាន​មាន​ប្រសា​ស​ន៏ថា​ ​ចំពោះ​ផ្លូវ​ចូល​ក្រុង​នេះ មាន​ប្រវែង​ប្រហែល​៣​គីឡូម៉ែត្រ​ប៉ុ​ណ្ណោះ​ បើ​តាម​កិច្ច​សន្យាក្រុមហ៊ុន​សៀង​ហៃ ធ្វើ​ផ្លូវ​​​ក្រាល​កៅស៊ូ​ដែល​មាន​ទទឹង​៧​ម៉ែត្រ និង​ចិញ្ចើម​សងខាង​ផ្លូវ​​១​ម៉ែត្រ សរុប​៩​ម៉ែត្រ ចំណែក​ផ្លូវ​វាង​ក្រុង មាន​ទទឹង​១០​ម៉ែត្រ ​ចិញ្ចើម​សងខាង​​ផ្លូវ​​​១​ម៉ែត្រ សរុប​១២​​ម៉ែត្រ ​ឯណោះ​​ ។

​ដោយ​មើលឃើញ​​ពី​​ភាព​ខុល​គ្នា​នេះ ទើប​លោក​​អភិបាលខេត្ត​ស្នើ​សុំ​ទៅ​ក្រសួង ​ដើម្បី​ឲ្យ​ក្រសួង​ជួយ​អន្តរាគម​ន៏​ទៅ​ក្រុមហ៊ុន​សៀង​ហៃ​ធ្វើ​ផ្លូវ ​ជួយ​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទទឹង​៩​​ម៉ែត្រ​ និង​ចិញ្ចើម​សងខាង​ផ្លូវ​ម្ខាង​១​ម៉ែត្រ ​​លោក​អភិ​បាល​ខេត្ត​ ​សូមធានា​ចំពោះ​ផល​ប៉ះពាល់ មិន​ឲ្យ​ក្រុមហ៊ុន​លំបាក​នោះទេ​​ ​ហើយ​ខាង​ក្រុមហ៊ុន​បាន​យល់ព្រម​តាម​សំណើរ​​នេះ​ហើយ ៕