ព្រឹទ្ធសភានឹងបន្តកិច្ចប្រជុំ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ ២០១៦ ថ្ងៃ៧ធ្នូ

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបើកសម័យប្រជុំ វិសាមញ្ញនីតិកាលទី៣ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដី ព្រាងស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ និងសេចក្ដីព្រាងច្បាប់ស្ដីពី ទូរគមនាគមន៍នៅថ្ងៃច័ន្ទ ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាចេញមុននេះបន្តិច បានឲ្យដឹងថា “បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃច័ន្ទទី ៧  ធ្នូ ម៉ោង៨ព្រឹក”។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ និងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវបានសមាជិករដ្ឋសភា មកពីគណបក្ស ប្រជាជនកម្ពុជា បានអនុម័តកាលពីពេលថ្មីៗកន្លងមកនេះ ដោយសំឡេងគាំទ្រ ៦៦លើ ៦៦៕