១ឆ្នាំអាជ្ញាធរថៃ ចាប់ឃាត់ខ្លួន និងបញ្ជូនពលករខ្មែរ ចំណាកស្រុក ខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ជាង៥ម៉ឺននាក់

បន្ទាយមានជ័យ ៖ គ្រាន់តែរយៈពេល១ឆ្នាំ២០១៥ ពលករខ្មែរប្រុសស្រី ដែលបានឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន និងបញ្ចូនត្រឡប់ចូលស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត សរុប ៥៥.៦២៦នាក់ ក្នុងចំណោមពលករខ្មែរ ដែលត្រូវបានចាប់បញ្ចូន មក មានពលករ ៩០១នាក់ ក៏ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួននៅក្នុងពន្ធនាគារផងដែរ។

នេះបើយោងតាមគេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិដែលបានដកស្រង ពីរបាយការណ៍របស់ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

របាយការណ៍ខាងលើបន្តថា ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរត្រូវគេមើលឃើញថា បានលួចចាក ចេញតាមច្រករបៀង និងច្រកអន្តរជាតិ តាមរយៈការអូសទាញពីមេខ្យល់ និងការចាកចេញដោយខ្លួន ឯង។

គ្រាន់តែរយៈពេល១ ឆ្នាំ២០១៥ នគរបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករខ្មែរ បម្រុងទៅ រកការងារធ្វើខុសច្បាប់ ចំនួន ៤១លើក សរុបពលករ ៧១១នាក់ ក្នុងនោះស្រី ២៣៨នាក់ កុមារ ៧៤នាក់។

រយៈពេល២ថ្ងៃចុងក្រោយ បានធ្វើការទប់ស្កាត់ពលករខ្មែរប្រុសស្រី ចំនួន ៣៨នាក់បន្ថែមទៀត ខណៈដែលពលករទាំងនោះ ជិះរថយន្ត៣គ្រឿង ចាកចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និងបន្ទាយ មានជ័យប ម្រុងឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុក សំពៅលូន ខេត្តបាត់ដំបង។

ពលករទាំង៣៨នាក់ ក៏ត្រូវបានដោះលែងឲ្យត្រឡប់ទៅស្រុកវិញ ក្រោយពីមានការអប់រំ និងឲ្យធ្វើកិច្ច សន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀតនោះ ៕

១ឆ្នាំអាជ្ញាធរថៃ ចាប់ឃាត់ខ្លួន និងបញ្ជូនពលករខ្មែរ ចំណាកស្រុក ខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ជាង៥ម៉ឺននាក់