សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ស្នើ​បក្ស​ទាំង​២​ពន្លឿន​ជំនួប​ដោះស្រាយ​នយោបាយ

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ស្នើ​ឲ្យ​មេដឹកនាំ​បក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ទាំង​ពីរ ពន្លឿន​ជំនួប​ដោះស្រាយ​នយោបាយ​ដើម្បី​ដោះលែង​ពួកគាត់។ សំណើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​នោះ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា ពេល​នេះ​នៅ​មិន​ទាន់​អាច​បន្ត​វប្បធម៌​សន្ទនា​ទៀត​បាន​នោះ​ទេ។

ក្នុង​ជំនួប​សួរ​សុខ​ទុក្ខ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ នា​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ គឺ​មន្ត្រី និង​សកម្មជន​ចំនួន ១៥​នាក់ រំពឹង​ថា ការ​ពន្លឿន​ការ​ចរចា​នយោបាយ​អាច​នឹង​ជួយ​ពួកគេ​អោយ​ចេញ​ពី​ពន្ធនាគារ​បាន​ឆាប់​ដែរ។

​លោក ម៉ៅ មុនីវណ្ណ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កា​អំពាវនាវ​នេះ ដោយសារ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ លើក​ឡើង​ថា ការ​ចាប់​ខ្លួន​ពួកគាត់ គឺ​ធ្វើ​ឡើង​ក្នុង​ទិដ្ឋភាព​នយោបាយ៖ «»។

ទាក់ទិន​នឹង​ជំនួប​កំពូល​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់​ឡើយ។ មិន​ពេល​កំណត់ ដោយសារ​ដៃគូ​វប្បធម៌​សន្ទនា​អនុវត្ត​ពុំ​បាន​ត្រឹមត្រូវ​ទៅ​តាម​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​គណបក្ស​ទាំង​ពីរ៖ «»។

ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ និង​អន្តរជាតិ រិះគន់​ថា កាន់តែ​អាក្រក់​ទៅ និង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ។ ហេតុការណ៍​សំខាន់ៗ​ទាំង​នោះ​មាន​ដូចជា ការ​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ការ​ដក​តំណែង លោក កឹម សុខា អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង និង​ការ​កាត់​ទោស​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ថ្លែង​ថា អ្នក​នយោបាយ​គួរ​តែ​បន្ទាន់​ឥរិយាបថ ហើយ​ជួប​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន៖ «»។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ស្ថានការណ៍​ថ្មីៗ​នេះ គ្មាន​អ្វី​ប្លែក និង​ធ្ងន់ធ្ងរ​ជាង​ពេល​កន្លង​មក​នោះ​ទេ ដូច្នេះ​គ្មាន​អ្វី​ដែល​ថា អ្នក​នយោបាយ​ដោះស្រាយ​មិន​ចេញ​ឡើយ។លោក​បន្ថែម​ថា ប្រសិនបើ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ហែកហួរ​គ្នា​ផ្នែក​នយោបាយ គឺ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​រង​គ្រោះ ប្រទេស​ជាតិ​ខាតបង់​ទាំង​នយោបាយ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ខាតបង់​សេដ្ឋកិច្ច។ ចំណែក​អ្នក​ដែល​ចំណេញ​ពី​ជម្លោះ​នេះ គឺ​ប្រទេស​ជិត​ខាង​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។