គ្រូ​ប្រដាល់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត

ភ្នំពេញ: កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ បានធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ឈានដល់​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែលជា​គ្រូបង្ហាត់​កីឡាប្រដាល់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី ហើយ​បាន​រត់គេចខ្លួន​មក​ពួន​សំងំ​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា ដោយ​ស្នាក់​នៅក្នុង​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត រាជធានី​ភ្នំពេញ​។​

​ការបង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែលជា​គ្រូបង្ហាត់​កីឡាប្រដាល់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤:៤០​នាទី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១១៨​កែង​លេខ​៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​ជនសង្ស័យ​ឈ្មោះ BAGNATO ANTONIO ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​អូស្ត្រាលី មុខរបរ​សព្វ​ថ្ងៃជា​គ្រូបង្ហាត់​កីឡាប្រដាល់ និង​ស្នាក់នៅ​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត បន្ទប់​លេខ​៦០៥ ដែលមាន​ទីតាំង​លេខ​៨២ នៅ​ផ្លូវ​លេខ​១៣៦​កែង​ផ្លូវ​លេខ​០៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនសង្ស័យ​ដែលជា​គ្រូបង្ហាត់​កីឡាប្រដាល់ ជនជាតិ​អូស្ត្រាលី​រូបនេះ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន (​សម្លាប់​មនុស្ស​ប្រុស​ម្នាក់​) នៅ​ប្រទេស​អូ​ស្ត្រី​លី រួចហើយនោះ គឺ​រូបគេ​បាន​ចាក់​ចេញពី​ប្រទេស​អូ​ស្ត្រី​លី កាលពី​ឆ្នាំ​២០១៤​មក​ម្លេះ ដោ​យមក​សំងំ​លាក់ខ្លួន​រស់នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​មិន​នឹកស្មានថា​រត់​រួចខ្លួន លុះដល់​ថ្ងៃកើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ដឹង​ច្បាស់​ថា ជនសង្ស័យ​បាន​ជួល​បន្ទប់​សណ្ឋាគារ​ខាងលើ​ស្នាក់នៅ ទើប​ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានតែ​ម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវីធី ៕

គ្រូ​ប្រដាល់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត