គយ​ច​ល័យ​ចាប់​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​​៤​គ្រឿង​នៅ​៣​ខណ្ឌ​ផ្សេង​ៗ​គ្នា

រាជធានី​ភ្នំពេញ ៖ កម្លាំង​គយ​ចល័ត​ស្រាវជ្រាវ ​និង​តាម​ចាប់​បាន​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​តែ​មាន​ស្លាក​លេខ​ក្នុង​​រយៈ​មួយ​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ នេះ​បាន​ចំនួន​៤​គ្រឿង​នៅ​ក្នុង​៣​ខណ្ឌ​ផ្សេង​ៗ​គ្នា ។

លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ ហៅ​គយ​ច​ល័យ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​តាម​ចាប់​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​នេះ មានការ​ចូលរួម​សហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយ​ចាប់​បាន​រថយន្ត​អត់​ពន្ធ​ស៊េរី​ទំនើប​ចំនួន​៤​គ្រឿង គឺ​ឡិច​ស៊ី​ស 450H ២​គ្រឿង​, ហា​យ​លែ​ន​ឌ័​រ​១​គ្រឿង និង​ឡង់​គ្រី​ស័​រ​១​គ្រឿង​ នៅ​ក្នុង​៣​ខណ្ឌ​ផ្សេង​ៗ​គ្នា​ គឺ​នៅ​ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក និង​ខណ្ឌចំការមន ។

លោក ព្រាប គា​រ៉ាត់ បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដែល​សមត្ថកិច្ច​គយ​ចល័ត​បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ពេល​នេះ​ទើប​ចាប់​បាន​នោះ​មាន ១-​រថយន្ត​ម៉ាក ឡិច​ស៊ី​ស 450H ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-5845 ចាប់​បាន​នៅ​ម្តុំ​អង់​តែ​ន​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​, ២-​រថយន្ត​ម៉ាក ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5830 ចាប់​បាន​នៅ​ម្តុំ​ផ្សារ​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​, ៣-​រថយន្ត​ម៉ាក ឡិច​ស៊ី​ស 450H ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-1074 ចាប់​បាន​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង បែ​ល វូ​ឡុ​ង ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង ៤-​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-1181 ចាប់​បាន​នៅផ្ទះ​លេខ​២១​អឺ​សូន្យ ផ្លូវ​លេខ​៣៦០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។ លោក​បញ្ជាក់​ថា រថយន្ត​ស៊េរី​ទំនើប​ទាំង​៤​គ្រឿង​នេះ​សុទ្ធតែ​មាន​ស្លាក​លេខ តែ​គឺជា​រថយន្ត​អត់​ពន្ធ ដែល​ធ្វើ​សមត្ថកិច្ច​ចំណាយពេល​យ៉ាង​យូរ​ទម្រាំ​ស្រាវជ្រាវ​ដឹង និង​តាម​ចាប់​បាន ។

លោក​ប្រធាន​ការិយាល័យ​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ ហៅ​គយ​ច​ល័យ​ បាន​ឲ្យ​ដឹង​ដែរ​​ថា ការ​ចាប់​រថយន្ត​អត់​ពន្ធ​ទាំង​៤​គ្រឿង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​រលូន ពោល​គឺ​ម្ចាស់​រថយន្ត​ទាំងអស់​បាន​ព្រម​ប្រគល់​រថយន្ត​មក​ឲ្យ​ខាង​សមត្ថកិច្ច​ដោយ​មិន​មានការ​ប្រទូស្ត​រាយ ឬ​ថ្នាំងថ្នាក់​អ្វី​ឡើយ ។ លោក​ថា ការ​ចាប់​នេះ​គឺ​តម្រូវ​ឲ្យ​ម្ចាស់​ចូល​ទៅ​បង់ពន្ធ​ចូល​រដ្ឋ​នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ ។

លោក ព្រាប គា​រ៉ាត់ ក៏​បាន​សំណូមពរ​ឲ្យ​ម្ចាស់​រថយន្ត​អត់​ពន្ធ​ទាំងអស់ ក៏​ដូច​ជា​ឈ្មួញ​រកស៊ី​រថយន្ត​អត់​ពន្ធ ប្រញាប់​ចូល​ទៅ​បង់ពន្ធ​នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ ចៀសវាង​សមត្ថកិច្ច​គយ​ស្រាវជ្រាវ​ដឹង តាម​ចាប់​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន ។

ក្រោយ​ពេល​ចាប់​បាន រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​៤​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ៕