ចាប់ពីថ្ងៃទី ០១ ខែធ្នូ តទៅ ចរាចរណ៍ឆ្លងកាត់ផ្លូវ វ៉េងស្រេងត្រូវបង់ប្រាក់ទាំងអស់

ឮរាជធានី​ភ្នំពេញ​៖ ផ្លូវ​ចោមចៅ ហៅ​ផ្លូវ វ៉េងស្រេង បានចាប់ផ្តើម​អនុវត្តន៍​វិធានការ​យកប្រាក់​ពី​រថយន្ត​គ្រប់ ប្រភេទ​ដែល​បាន​ឆ្លងកាត់​ចាប់ពី​ថ្ងៃទី ០១ ធ្នូ ឆ្នាំ​២០១៥ នេះ​តទៅ ក្នុងនោះ​មាន​រថយន្ត​ដឹកទំនិញ រថយន្ត​កុងតឺន័រ និង រថយន្ត​ធុន​តូច​លក្ខណៈ​គ្រួសារ ជាដើម ហើយ​ការយក​ប្រាក់​នោះ គឺ​ក្រោយ​ពេលដែល​ផ្លូវ​នេះ​ទើប​ស្ថាបនា ដោយ​ការចាក់​ក្រាល​បេតុង​រួចរាល់​ហើយ​ក្រុមហ៊ុន ដែល​វិនិយោគ​លើផ្លូវ​នោះ​គឺ​ក្រុមហ៊ុន ភ្នំពេញ​ថូ​វ៉េ ដែល​បានការ​អនុញ្ញាត និង ទទួល​សិទ្ធិ​វិនិយោគ​តាម​រូបភាព (B.O.T) ពី​រាជរដ្ឋាភិបាល ។

នៅក្នុង​ព្រឹក​នោះ គេ​សង្កេតឃើញ​មានប្រតិកម្ម​ខ្លះៗ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកដំណើរ​តាម​រថយន្ត​ធុន​តូច បែប​លក្ខណៈ​គ្រួសារ ព្រោះតែ​ក្នុងពេល​កន្លងមក​នៅតាម​ផ្លូវ​នោះ​មិនបាន​យកលុយ​ពី​រថយន្ត​តូច​បែបនេះ ឡើយ គឺ​យកតែ​រថយន្ត​ដឹកទំនិញ​ប៉ុណ្ណោះ ហើយក៏​គ្មាន​ការជូនដំណឹង​ពី​ការយក​លុយ​នេះ​ជាមុន​ដែរ ប៉ុន្តែ​ទោះបីជា​បែបណា​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ គ្រាន់តែ​មានការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ ដោយឡែក​បញ្ជរ​បង់ប្រាក់​ទើប​សាសង់​រួច​ខាង​ច្រមុះជ្រូក​ស្ទឹងមានជ័យ គឺ​ខាង​ចេញពី​ភ្នំពេញ ចំណែក​ខាង​រង្វង់​មូល​ថ្នល់បំបែក​ចោមចៅ​ខាង​ចូលទៅ​ភ្នំពេញ គឺ​មិនទាន់​សាងសង់​ហើយ​នៅឡើយ ។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដែ​ផ្លូវ​ចោមចៅ ឬ ផ្លូវ​វ៉េងស្រេង នេះ​មាន​ប្រវែង ៦៥០០ ម៉ែត្រ ទទឹង ២៨​ម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី ២១ វិច្ឆិកា ២០១៣ ជា​ប្រភេទ​ផ្លូវ​វិនិយោគ​(B.O.T)​គឺ​ចាប់ពី​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដល់​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ស្ថាបនា​ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក មាន​កម្រាស់ ២ តឹក ដែលមាន​សាច់​បេតុង​សុទ្ធ​២២ ម៉ែត្រ មាន ៣ គន្លង​ទៅ ៣ គន្លង​មក និង មាន​សួនច្បារ​ចំ​កណ្តាល ២ ម៉ែត្រ​កន្លះ ព្រមទាំង​ចិញ្ចើមផ្លូវ ៣​ម៉ែត្រ សងខាង​ផងដែរ និង ចំណាយ​ថវិកា​អស់​ជាង ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ថវិកា​វិនិយោគ​របស់​ក្រុមហ៊ុន ភ្នំពេញ​ថូ​វ៉េ ។​

ប្រភព​ដដែល​បាន​បន្តថា ដោយ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​បែបនេះ សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​យក​តម្លៃ​សេវា​ថ្មី​លើ​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​វិនិយោគ​នេះ ចាប់ពី​ថ្ងៃទី​០១​ធ្នូ​២០១៥​តទៅ គឺ​សម្រាប់​រថយន្ត​តូច តាក់ស៊ី pick up មួយ​យក ១ ពាន់​រៀល រថយន្ត​ពី ១២ ទៅ ២៤ កៅអី ២ ពាន់​រៀល រថយន្ត​ពី ២៥ ទៅ ៤៥ កៅអី និង រថយន្ត​ដឹកទំនិញ​ធន់​មធ្យម​ក្រោម ២ តោន​កន្លះ ៤ ពាន់​រៀល រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​ចាប់ពី ២ តោន​កន្លះ​ឡើងទៅ ៨ ពាន់​រៀល និង រថយន្ត​សណ្តោង ១ ម៉ឺន​រៀល ហើយ​ចាប់ពី​ឆ្នាំ​ទី ១០ ដល់​ឆ្នាំ​ទី ៣០ តម្លៃ​មានការ​កើនឡើង ៥០០ រៀល​សម្រាប់​រថយន្ត​តូច និង ២ ពាន់​រៀល​សម្រាប់​រថយន្ត​ធំ ។

ដោយឡែក​សម្រាប់​រថយន្ត​ដែល​មិន​យក​ថ្លៃ​មាន​៖ ក្បួន​រថយន្ត​ប្រតិភូ រថយន្ត​កងយោធពល​ខេមរៈភូមិន្ទ នគរបាលជាតិ កាកបាតក្រហម អគ្គីភ័យ និង រថយន្ត​សង្គ្រោះបន្ទាន់ ក្នុង​ពេលធ្វើ​បេសកកម្ម ។ ចំណែកឯ​រថយន្ត​ប្រជាពលរដ្ឋ​នៅ​តំបន់​អម​សងខាង​ផ្លូវ ដែល​គ្មាន​ផ្លូវ​ផ្សេង ដើម្បី​ចេញចូល មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​នោះទេ តែ​ត្រូវមាន​ការទំនាក់ទំនង ដើម្បី​បាន​ឯកសារ​សម្គាល់​ពី​ក្រុមហ៊ុន​សិន ៕ ភ្នាក់ងារ​ភ្នំពេញ (​ប្រភពពី TV5)



Related