ផ្ទះសំណាក់​២​ទាស់ទែង​គ្នា​រឿង​សង់​សំណង់ អាជ្ញាធរ​ខេត្ត​ចុះ​មក​សម្រួល

ខេត្តកំពត ៖ ផ្ទះសំណាក់​២ នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស មានការ​ទាស់ទែង​គ្នា​រហូត​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាស្រុក​បន្ទាយមាស​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ដូច​ជា​មានការ​ស្ទាក់ស្ទើរ​រក​មិនឃើញ​អ្នក​ចាញ់​និង​អ្នក​ឈ្នះ ដោយ​សាលាស្រុក​មិន​អាច​ដោះស្រាយ​បាន​ក៏​បញ្ជូន​សំណុំរឿង​ក្តី​នោះ​ទៅ​សាលាខេត្ត​កំពត ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត ។

ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ គង់ សា​វី​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ទូក​មាស បាន​និយាយ​ថា គាត់​បាន​សង់​អគារ​តូច​នេះ​ទៅ​តាម​ទំហំ​ដី​របស់​គាត់ ដោយ​មាន​ប្លង់ ហើយ​ត​សសរ​បេតុង​នៅ​លើ​ក៏​មិន​ខ្ពស់​ប៉ុន្មាន​ដែរ កំពុង​តែ​សាងសង់​ស្រាប់តែ​ខាង​សាលាស្រុក​មក​ឃាត់​ឱ្យ​ផ្អាក​ការ​សាងសង់ ។ ចំណែក​ផ្ទះសំណាក់​មួយទៀត យីហោ ហេង លាភ ដែល​មាន​ម្ចាស់​ឈ្មោះ ប៉ុ​ល ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ កង សុគន្ធ អាយុ​៣១​ឆ្នាំ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះសំណាក់​ឈ្មោះ គង់ សា​វី​ន បាន​សាងសង់​លៀន​ជ្រុល​មក​លើ​ផ្ទះសំណាក់​របស់​ខ្លួន អាច​ជ្រុះ​កាក​សំណល់​ផ្សេង​ៗ​មក​លើ​ដំបូង​ផ្ទះសំណាក់​របស់​ខ្លួន ។

នៅ​រសៀល​ថ្ងៃ​ទី​៣ ធ្នូ ២០១៥ លោក ហេង វ​ន្ថា អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ រួម​ទាំង​មន្ត្រី​សាលាស្រុក​បន្ទាយមាស មាន​លោក មួ​ង នឿ​ន ជា​អភិបាលស្រុក នគរបាល​ប៉ុស្តិ៍​ទូក​មាស​ខាងលិច កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចុះ​មក​ពិនិត្យ​ជាក់ស្តែង​កន្លែងផ្ទះ​សំណាក់​២​ជាប់​គ្នា ហើយ​មាន​ទំនាស់​នឹង​គ្នា ។

លោក​អភិបាលរង​ខេត្ត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​ថា ផ្ទះសំណាក់​ដែល​សង់​ជាប់​សំ​យ៉ាប​គ្នា​នេះ​បាន​ទាស់​គ្នា ប៉ុន្តែ​ពេល​នេះ​ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត​មិន​ចង់​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​ទាំង​២​ប្តឹងផ្តល់​គ្នា​វែង​ឆ្ងាយ​នោះ​ទេ លោក​បាន​សម្រួល​រួចរាល់​អស់ហើយ ដោយ​ឲ្យ​ភាគី​ទាំង​សងខាង​យល់ព្រម​ទាំងអស់​គ្នា បើ​ផ្ទះ​ឈ្មោះ គង់ សា​វី​ន កំពុង​សាងសង់​មាន​ជ្រុះ​ស៊ីម៉ង់ត៍ ឬ​ក៏​ធ្វើ​អ្វី​ឲ្យ​ខូចខាត បែកបាក់ របស់របរ​របស់​ផ្ទះសំណាក់​យីហោ ហេង លាភ ដែល​មាន​ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ ប៉ុ​ល ចាន់​តារា និង​ប្រពន្ធ​ឈ្មោះ កង សុ​គ​ន្ធា នោះ ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ គង់ សា​វិ​ន ត្រូវ​សង​សំណង​ឲ្យ​គេ​វិញ ។

លោក ហេង វ​ន្ថា បាន​ជំរុញ​ឲ្យ​មន្ត្រី​សាលាស្រុក​បន្ទាយមាស ហៅ​ភាគី​ទាំង​សងខាង​ទៅ​កិច្ចសន្យា​ណាមួយ​ដើម្បី​បញ្ចប់រឿង​ក្តី​នេះ ៕