ព្រឹទ្ធសភា​ខ្លាច​អ្នក​សារព័ត៌មាន​ថត​ជាប់​សមាជិក​អង្គុយ​ប្រជុំ​ងោក

អគ្គលេខាធិការ​ព្រឹទ្ធ​សភា​ពន្យល់​ថា ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ថតរូប ឬ​ថត​វីដេអូ ក្នុង​ពេល​ប្រជុំ​របស់​ខ្លួន ព្រោះ​ខ្លាច​ថត​ជាប់​សមាជិក​សភា​ដេក ឬ​អង្គុយ​ដោយ​ងងុយ​ដេក។ ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​រួម​ចំណែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដំណើរការ​សភា​ប្រជាធិបតេយ្យ នៅ​វិមាន​ព្រឹទ្ធសភា ថ្ងៃ​ទី​៤ ខែ​ធ្នូ។

ការ​ដែល​ខ្លាច​អ្នក​សារព័ត៌មាន​ថតរូប​រសើប​របស់​សមាជិក​ព្រឹទ្ធសភា ការ​រំខាន​កិច្ចប្រជុំ ឬ​ថតរូប​តំណាងរាស្ត្រ​ដេក​លង់លក់​ក្នុង​ពេល​ប្រជុំ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ផ្ដិត​យក​រូបភាព​នៃ​កិច្ច​របស់​ខ្លួន។ ប៉ុន្តែ​សមាជិក​ព្រឹទ្ធ​មក​ពី​គណបក្ស​ប្រឆាំង ជំទាស់​វិធានការ​នេះ ដោយ​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹទ្ធសភា​ជា​វេលា​ធ្វើ​ការងារ មិន​មែន​ជា​កន្លែង​គេង​របស់​សមាជិក​ព្រឹទ្ធ​សភា​នោះ​ទេ។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ ថ្លែង​ថា ព្រឹទ្ធសភា​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សកលលោក​ស្ទើរ​តែ​ទាំង​អស់ មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​សម័យ​ប្រជុំ​នោះ​ទេ ហើយ​ព្រឹទ្ធ​សភា​កម្ពុជា ក៏​ដូច្នេះ​ដែរ។ លោក​ថា ប្រសិនបើ​អ្នក​សារព័ត៌មាន​ថត​រូប​មិន​ល្អ​របស់​សមាជិក​ព្រឹទ្ធសភា គឺ​ធ្វើ​ឲ្យ​ខូច​ជីវិត​នយោបាយ​របស់​សមាជិក​ព្រឹទ្ធសភា៖ «»។

ការ​អះអាង​បែប​នេះ នៅ​ក្នុង​សិក្ខាសាលា​ដែល​អ្នក​ចូលរួម​ប្រមាណ ១០០​នាក់ មក​ពី​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ព្រឹទ្ធសភា​ក៏​មាន​គម្រោង​បណ្ដុះបណ្ដាល​ដល់​អ្នក​សា​ព័ត៌មាន​មុន​នឹង​ចូល​ព័ត៌មាន​នៅ​ស្ថាប័ន​មួយ​នេះ។ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា និង​សមាជិក​ព្រឹទ្ធ​សភា​មួយ​ចំនួន​លើក​ឡើង​ក្នុង​សិក្ខាសាលា​នោះ​ថា មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​យក​កាត​អ្នក​កាសែត​ដើរ​សុំ​លុយ​សមាជិក​ព្រឹទ្ធ​សភា។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក យូ ស៊ាងហេង មិន​យល់​ស្រប​ចំពោះ​វិធានការ​នេះ​ទេ។ លោក​ថា កិច្ច​ប្រជុំ​ពេញអង្គ​របស់​ព្រឹទ្ធ​សភា​មិន​គួរ​លាក់បាំង​អ្នក​សារព័ត៌មាន​នោះ​ទ។ លោក​ថា ជា​ការ​ល្អ​ក្នុង​ករណី​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​សម័យ​ប្រជុំ​ពី​ដើម​ដល់​ចប់​ដើម្បី​ផ្សព្វផ្សាយ​រឿង​ទាំង​នោះ​ឲ្យ​បាន​ស៊ីជម្រៅ​ដល់​សាធារណជន។ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង​ដដែល បង្ហើប​ឲ្យ​ដឹង​ថា សម័យប្រជុំ​កន្លង​មក​ធ្លាប់​មាន​សមាជិក​ព្រឹទ្ធ​សភា​ខ្លះ​គេង​លក់​ក្នុង​ពេល​ប្រជុំ​ដោយ​បញ្ហា​សុខភាព៖ «»។

​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​សម័យ​ប្រជុំ​របស់​ស្ថាប័ន​នីតិ​បញ្ញត្តិ រួម​មាន​ព្រឹទ្ធ​សភា និង​រដ្ឋសភា មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ស្ថាប័ន​ទាំង​នេះ​មាន​អ្នក​ថតរូប និង​ថត​វីដេអូ សម្រាប់​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ ជា​ញឹកញាប់​នៅ​ពេល​ប្រជុំ​សភា​ម្តងៗ តែងតែ​លេច​រូប​តំណាងរាស្ត្រ​អង្គុយ​ងោក​ក្នុង​ពេល​ប្រជុំ។

​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា ស្នើ​ឲ្យ​ព្រឹទ្ធសភា​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ និង​ស្នើ​ដល់​សមាជិក​ព្រឹទ្ធ​សភា​កុំ​គេង​នៅ​ពេល​មាន​វត្តមាន​របស់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នោះ។ លោក​បន្ត​ថា ក្នុង​សម័យ​ប្រជុំ​មួយ​គួរ​ណាស់​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ថតរូប​បន្តិច​សិន​មុន​កិច្ច​ប្រជុំ​ចាប់​ផ្ដើម៖ «»។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​អះអាង​ថា ទោះ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ថត​ផ្ដិត​រូបភាព​ក្នុង​ពេល​ប្រជុំ ប៉ុន្តែ​ស្ថាប័ន​នេះ​មាន​ក្រុម​ការងារ​ផ្ដល់​រូបថត​ដល់​អ្នក​សារព័ត៌មាន សម្រាប់​អ្នក​សារព័ត៌មាន ហើយ​អ្នក​ព័ត៌មាន​ផ្ទាល់​អាច​សម្ភាស​អ្នក​នាំ​ពាក្យ ឬ​សមាជិក​ព្រឹទ្ធ​សភា​ស្ដីពី​សម័យ​ប្រជុំ​នោះ។

ទោះ​មិន​ឆ្លើយ​តប​ភ្លាមៗ ក្រោយ​ចប់​សិក្ខាសាលា​ដែល​មាន​រយៈពេល​ជាង ៥​ម៉ោង អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា លោក អ៊ុំ សារឹទ្ធ ថា​លោក​នឹក​លើក​សំណើ​របស់​អ្នក​សារព័ត៌មាន​ទាំង​នេះ​ដាក់​ជូន​ថ្នាក់ដឹកនាំ​របស់​ព្រឹទ្ធ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។