កិច្ចប្រជុំពេញអង្គ​លើក​ទី​២២ របស់ ICC អង្គរ សាទរ​សមិទ្ធិផល ដែល​សម្រេចបាន​រយៈពេល ៦ ខែ​កន្លងមក​

សៀមរាប: ​គណៈកម្មាធិការ​អន្ដរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ ការអភិវឌ្ឍ​និង​អភិរក្ស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ហៅ​កាត់​ថា ICC អង្គរ នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ដែល​បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២២​របស់ខ្លួន នៅ​សាលសន្និសីទ​នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​វត្តមាន លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា សហប្រធាន អាយ​ស៊ី​ស៊ី​-​អង្គរ លោក Jean Claude Poimboeuf ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក Yuji KUMAMARU ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការចូលរួម​ពី​សមាជិក​មកពី​បណ្ដា​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​។​

​កិច្ចប្រជុំពេញអង្គ​រលើ​ក​ទី​២២​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា និង​ត្រួតពិនិត្យ​លើ​របាយការណ៍​សកម្មភាព​ការងារ​ដែល​បាន​អនុវត្ត​គម្រោង អភិរក្ស ការជួសជុល​ប្រាង្គ​ប្រាសាទ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន ICC​អង្គរ រយៈពេល​៦​ខែ​កន្លងមក​។  អង្គប្រជុំ​បានលើកឡើង អំពី​របក គំហើញ និង​ការអភិវឌ្ឍ​ថ្មីៗ ដូចជា​ការអភិរក្ស ការជួសជុល​ប្រាង្គ​ប្រាសាទ ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​ផ្តោត​ទៅ និង​ប្រធានបទ​សំខាន់ៗ រួមមាន​ការអនុវត្ត​ន៍​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ និង​ការបំពុល​បរិស្ថាន​នៅក្នុង​ឧទ្យាន​អង្គរ ដោយបាន​ដាក់ចេញ​នូវ​អនុសាសន៍ ជា​ផ្លូវការ​សម្រាប់​គម្រោង​អភិរក្ស និង​អភិវឌ្ឍ​បន្ដ ។​

​ថ្លែង​ក្នុង​សន្និសីទកាសែត បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំពេញអង្គ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ រយៈពេល​៦​ខែ​កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា និង​សហគមន៍​អន្តរជាតិ​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន រួមមាន ការអភិរក្ស​ប្រាសាទ និង​តំបន់​នៅ​ជុំវិញ​អង្គរ​ដោយ​សម្រេចបាន​លទ្ធផល​យ៉ាង​ធំធេង ដូចជា​ប្រាសាទលលៃ ជួសជុល​ប៉ម​ឥដ្ឋ​ជ្រុង​ឥ​សាន្ត  និង​ជ្រុង​ពាយ័ព្យ​។ ក្រៅពី​ការងារ​ជួសជុល និង​អភិរក្ស​ប្រាសាទ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា នៅមាន​ការងារ​យ៉ាងច្រើន​ទៀត​ដែល​ត្រូវធ្វើ ក្នុងនោះ​ការថែទាំ​ផ្លូវ និង​ជួសជុល​ផ្លូវ​វាង​ខាងលិច បាន​ជាង​៥​ពាន់​ម៉ែត្រ និង​កសាង​បន្ថែម​ផ្លូវ​ពី​កសិណ​ខាងជើង​អង្គរវត្ត​ទៅ​ជុំវិញ​ប្រាសាទបាយ័ន ជួសជុល​ថែទាំ​ផ្លូវ​ពី​ព្រលានយន្តហោះ កាត់​មក​ប្រាសាទ​អង្គរ​រួម និង​ផ្លូវ​មួយចំនួនទៀត​។ ការគ្រប់គ្រង​ទឹក​ក៏​ជា​ការងារ​សំខាន់​ដ៏​ធំ ដែល​អំឡុងពេល​៤​ឆ្នាំ​មកនេះ​យើង​បាន​បញ្ចៀស​មិន​ឲ្យ​មាន ទឹកជំនន់​នៅក្នុង​ក្រុង​សៀមរាប​ទៀតឡើយ ហើយក៏​គ្មាន​ទឹកជំនន់​មក​ចូលក្នុង​តំបន់​ប្រាសាទ​នោះដែរ ដោយសារ​ផ្លូវ​ជលសា​ស្ត្រ​ពី​បុ​រា​ណ្យ​ក្នុងសម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ត្រូវបាន​ស្តារ​ឲ្យ​ដំណើរការ​ឡើងវិញ ក្នុងនោះ​មាន​ប្រឡាយ​ប្រវែង ១៦​គីឡូម៉ែត្រ ត្រូវបាន​ស្តារ  និង​បានធ្វើ​ថ្មី​សំណង់​ទ្វា​ទឹក​៦​កន្លែង ស្ពានបេតុង​២​កន្លែង និង​ផ្លូវ​អម​ប្រឡាយ​ប្រវែង​៧​គីឡូម៉ែត្រ ក៍​ត្រូវបាន​កសាងឡើង​ដែរ​។​

 

​ទិដ្ឋភាព​មួយទៀត គឺ​អាជ្ញាធរ​អប្សរា​ធ្វើ​ការងារ​ជាមួយ​សហគមន៍ ប្រជាពលរដ្ឋ​ដែលមាន​ចំនួន​១២១​ភូមិ​ក្នុងស្រុក​ចំនួន​៥ ដែលមាន​ទីតាំង​ស្ថិតក្នុង​រមណីយដ្ឋាន​អង្ករ គឺ​អាជ្ញាធរ​អប្សរា​បាន​ចុះ​ជួប​ប្រាស្រ័យ​ជាមួយ ប្រជាពលរដ្ឋ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍ ដូចជា​ការកសាង​ស្ពាន​តូចៗ​ដែល​ប្រជាពលរដ្ឋ ស្នើសុំ​ការ​សាង​ប្រឡាយ ទ្វា​ទឹក និង​ការងារ​មួយចំនួនទៀត​ក្នុង​វិស័យ​សាសនា​នៅក្នុង​សហគមន៍  ។​

 

​ក្រៅពីនេះ​ការងារ​ដ៏​សំខាន់​មួយទៀត គឺ​កា​ររ​គ្រប់គ្រង​ទេសចរណ៍ (pmp) ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ក្រម​ប្រតិបត្តិ​ទេសចរ​។ ករណីនេះ លោកបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​អះអាងថា  រមណីយដ្ឋាន​ធំៗ​លើ​សកលលោក​ភាគច្រើន  មិនទាន់​ធ្វើ​បានទេ  ប៉ុន្តែ​អង្គរ​យើង​ធ្វើបាន ដោយ​យើង​បោះ​ពុ​ម្ភ​ជា​សៀវភៅ សម្រាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ លោកបណ្ឌិត សុខ អាន បាន​ឲ្យ​ដឹងថា​៖  ជារួម​យោងតាម​ការវាយតម្លៃ​ពី​អ្នកជំនាញ នៅក្នុង​កិច្ច​ប្រជុំបាន​សាទរ​ពី​ភាពជោគជ័យ​យ៉ាង​ធំ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ខិតខំ​សម្រេចបាន​ក្នុង​រយៈពេល​៦​ខែ​មកនេះ​៕​