ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ប្រាប់​ថៃ​ពី​ការ​អាច​ទទួល​រង​ការ​វាយប្រហារ​ពី​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋាភិបាល​ទីក្រុង​បាងកក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ព្រមាន​ប្រាប់​ពី​ហានិភ័យ​នៃ​ការ​វាយប្រហារ​ពី​សំណាក់​អង្គការ​រដ្ឋអ៊ីស្លាម​ប្រឆាំង​នឹង​ផលប្រយោជន៍​រុស្ស៊ី​នៅ​ក្នុង​ទឹកដី​ថៃ។ ការ​ទាញ​សញ្ញា​អាសន្ន​របស់​មូស្គូ​ចំពោះ​បាងកក​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​សកម្មជន​ស៊ីរី​ចំនួន ១០នាក់​បាន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​នា​ដើម​រដូវ​ទេសចរណ៍។ គួរ​រម្លឹក​ជូន​ថា​ជា​រៀងរាល់​ឆ្នាំ មាន​ទេសចរណ៍​បរទេស​ជា​ច្រើន​លាន​នាក់​បាន​ចេញ​ទៅ​ដើរ​លេង​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី។