ប្រទេស​អាល្លឺម៉ង់​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី

នៅ​ថ្ងៃ​សុក្រ ទី៤ ធ្នូ​នេះ សភា​អាល្លឺម៉ង់​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ សេចក្តីសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​បាន​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​នៅ​ក្រោយ​អំពើភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ អំពើ​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស ១៣០នាក់ និង​របួស​ជាង ៣០០នាក់។