សហជីព​ស្នើ​បក្ស​ប្រឆាំង​ជួយ​បង្អាក់​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព

តំណាង​សហជីព​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ បាន​ចូល​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ ជួយ​បង្អាក់​ដំណើរ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ដៃ​រដ្ឋ​សភា។

ការ​ចូល​ជួប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​សហជីព​បាន​ដាក់​លិខិត​ទៅ​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​សហជីព​បាន​ជួប​ពិភាក្សា​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បញ្ជូន​ទៅ​កាន់​សមាជិក​សភា​ពិភាក្សា និង​អនុម័ត។

ក្រុម​សហជីព​លើក​ឡើង​ថា ពួកគេ​មិន​អាច​ទទួល​យក​ច្បាប់​សហជីព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​របស់​កម្មករ​និយោជិត​បាន​នោះ​ឡើយ។

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ក្រោយ​ជំនួប​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា នៅ​ក្នុង​ជំនួប​នោះ ក្រុម​តំណាង​សហជីព​បាន​លើក​ឡើង​ពី​កង្វល់​របស់​សហជីព​ទៅ​កាន់​លោក កឹម សុខា និង​បាន​ស្នើ​ឲ្យ​អនុ​ប្រធាន​បក្ស​ប្រឆាំង និង​អតីត​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​រូប​នេះ ជួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​រដ្ឋ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស​មួយ​នេះ។

​លោក ហ្វា សាលី ឲ្យ​ដឹង​បន្ត​ថា ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​របស់​តំណាង​សហជីព លោក កឹម សុខា បាន​សន្យា​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​តាម​រយៈ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ពិចារណា និង​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​រួច​នេះ។ ក្រៅ​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​អំពាវនាវ​ឲ្យ​ប្រទេស​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ជួយ​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​ផង​ដែរ។

​លោក ហ្វា សាលី៖ «លោក កឹម សុខា បាន​បញ្ជាក់​ហើយ​ថា គាត់​នឹង​ប្រើ​ឲ្យ​អស់​លទ្ធភាព​របស់​គាត់ សភា​ភាគ​តិច សភា​ភាគ​ច្រើន ដើម្បី​ជជែក​ទាក់ទង​ទៅ​នឹង​ច្បាប់​សហជីព​នេះ ហើយ​លោក សម រង្ស៊ី គាត់​នៅ​ក្រៅ​ប្រទេស គាត់​នឹង​ជំរុញ​អ្នក​ទិញ (buyers) និង​អ្នក​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​សហជីព យើង​មាន​ក្តី​សង្ឃឹម​ច្រើន ពីព្រោះ​កម្ពុជា បើ​នៅ​តែ​ធ្វើ​បែប​នេះ​ទៀត នោះ​សិទ្ធិ​កម្មករ សិទ្ធិ​រស់រាន​ទាំង​អស់​គ្នា​ធ្លាក់​ដុនដាប​យ៉ាង​ពេញ​ទំហឹង​តែម្ដង»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នៅ​ក្នុង​កិច្ចពិភាក្សា​នោះ សហជីព​បាន​សម្ដែង​ការ​បារម្ភ​របស់​ពួកគេ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ទៅ​ដល់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បញ្ជាក់​អំពី​វិធានការ​របស់​ពួកគេ ថា​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​បារម្ភ​របស់​សហជីព​ឡើយ។

​តំណាង​សហជីព​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ក៏​បាន​ដាក់​លិខិត​ទៅ​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ស្នើ​ឲ្យ​លោក ហេង សំរិន អន្តរាគមន៍​ឲ្យ​តំណាង​សហជីព​បាន​ជួប​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ដើម្បី​ពិភាក្សា​អំពី​ខ្លឹមសារ និង​ដាក់​បញ្ចូល​សំណើ​របស់​សហជីព​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់។

លោក ហ្វា សាលី មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ក្រុម​សហជីព​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ផ្លូវការ​ណា​មួយ​ពី​ខាង​រដ្ឋ​សភា​នៅឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សួរ​នាំ​ពី​រឿង​នេះ​បាន​នៅ​ឡើយ​ដែរ។

សេចក្ដី​ព្រាង​ច្បាប់​សហជីព​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។ រដ្ឋាភិបាល​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​សារសំខាន់​សម្រាប់​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​កត្តា​ស្នូល​ក្នុង​ការ​ធានា​នូវ​ស្ថិរភាព និង​និរន្តរភាព​នៃ​រោងចក្រ​សហគ្រាស ឬ​គ្រឹះស្ថាន​ក្នុង​ដំណើរ​ការ​សង្វាក់​ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្ម និង​ការ​ទាក់ទាញ​វិនិយោគទុន​នៅ​កម្ពុជា។

យ៉ាង​ណា ក្រុម​សហជីព​ថ្លែង​ថា ពួកគេ​មិន​អាច​ទទួល​យក​ច្បាប់​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត និង​សង្គម​ទាំង​មូល​បាន​នោះ​ឡើយ។

កន្លង​មក អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​សមាជ​សហជីព​អន្តរជាតិ ក៏​បាន​រិះគន់​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋាភិបាល​រៀបចំ​ឡើង នឹង​ធ្វើ​ឲ្យ​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ។ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។