អាជ្ញាធរ​អប្សរា​បង្ហាញ​ពី​ក្រម​សីលធម៌​មួយ​ចំនួន​ដែល​អ្នក​ទេសចរ​គួរ​ចៀសវាង

អាជ្ញាធរ​អប្សរា​បង្ហាញ​ពី​ក្រម​សីលធម៌​មួយ​ចំនួន​ដែល​អ្នក​ទេសចរ​គួរ​ជៀសវាង ពេល​ទស្សនា​ក្នុង​តំបន់​អង្គរ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ​ថា អាជ្ញាធរ​បាន​ផលិត​ខ្សែ​វីដេអូ​ខ្លី​មួយ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ស្ដីពី​ក្រម​ប្រតិបត្តិ​របស់​អ្នក​ទេសចរ ពេល​មក​ទស្សនា​នៅ​តំបន់​អង្គរ។ ក្រម​នោះ​បាន​ចែងពី​ការហាមប្រាម​មួយចំនួន​ ដូចជា​ហាម​ស្លៀក​ពាក់​ខ្លី ហាម​ជក់​បារី ហាម​ឲ្យ​លុយ និង​ស្ករ​គ្រាប់​ដល់​កូន​ក្មេង ហាម​ប៉ះពាល់​រូប​ចម្លាក់ និង​ត្រូវ​គោរព​ស្លាក​សញ្ញា​ជាដើម៖ «ជាទូទៅ​ភ្ញៀវ​ទេសចរ​គ្រប់​ទី​កន្លែង និង​ប្រទេស​ណា​ក៏​ដោយ គេ​បង្ហាញ​នូវ​ឥរិយាបថ​គួរ​ប្រកាន់​យក និង​ឥរិយាបថ​មិន​គួរ​ប្រកាន់​យក​នៅ​ពេល​ទស្សនា​នៅ​ប្រទេស​គេ​នីមួយៗ សម្រាប់​តែ​តំបន់​អង្គរ យើង​ធ្វើ​ឡើង​នូវ​ប្រតិបត្តិ​នេះ ដើម្បី​ឲ្យ​អ្នកទស្សនា​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គួរ​ប្រកាន់​យក​នូវ​ឥរិយាបថ​សមរម្យ ដែល​ផ្ដល់​តម្លៃ​ដល់​ប្រាសាទ ទី​សក្ការៈ និង​វប្បធម៌​របស់​កម្ពុជា​យើង»។

កន្លង​មក​អាជ្ញាធរ​អប្សរា ធ្លាប់​បាន​ពិន័យ​ជា​ប្រាក់​ដល់​អ្នកទេសចរ​មួយ​ចំនួន​​ដែល​ប្រព្រឹត្ត​ខុសឆ្គង​នឹង​បម្រាម ដូចជា​ការ​ឡើង​លើ​តួ​ប្រាសាទ និង​ថត​រូប​អាសអាភាស​ជាដើម។ អ្នក​ទាំង​នោះ​ក៏​តម្រូវ ​ឲ្យ​ធ្វើ​លិខិត​សុំ​ទោស និង​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។