ព័ត៌មាន​បន្ថែម ៖ ករណី​សម្លាប់​បុរស​ម្នាក់​នៅ​ដី​ឡូត៍​តាម​ផ្លូវជាតិ​លេខ​៦​អា ជា​ករណី​រៀប​គម្រោង​ប្លន់

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃ​ទី​៤ ធ្នូ ២០១៥​នេះ​ថា ករណី​សម្លាប់​បុរស​ម្នាក់​នៅ​ចំណុច​ដី​ឡូត៍​ដី​ឡូត៍​មួយ​កន្លែង​ទល់មុខ​ហាង​លក់​នំប៉័ង ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៦A ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៤ ឆ្នូ ២០១៥ ជា​ករណី​រៀប​គម្រោង​ប្លន់​របស់​គូសង្សារ​មួយ ​ហើយ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ប្រុស​ស្រី​ជា​សង្សារ​និង​គ្នា​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឈ្មោះ​ គឿ​ន គី​ម ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មាន​លំនៅ​ភូមិ​សា​ម្កាក់ ឃុំ​អូ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ឈ្មោះ អួ​ច ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បម្រើ​ការ​នៅ​ហាង​មនោ​រម្យ មាន​លំនៅ​ភូមិ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ជា​សង្សារ​និង​គ្នា ហើយ​នារី​ជា​គូស្នេហ៍​បាន​ទាក់ទង​ស្នេហា​ជាមួយ​ជន​រង​គ្រោះ​ដើម្បី​នាំ​មក​ប្លន់​យក​ទ្រព្យសម្បត្តិ ។ មុន​ពេល​កើតហេតុ​នារី​សង្ស័យ​បាន​រៀប​គំរោង​ជាមួយ​ជនសង្ស័យ ដោយ​អន្ទង​ជន​រង​គ្រោះ​ដែល​ប្រុស​ស្នេហ៍​ក្រោយ​របស់​នាង​មក​រួម​រ័ក្ស​គ្នា​ក្នុង​ដី​ឡូត៍​កន្លែង​កើតហេតុ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ខណៈ​ពេល​កំពុង​រួម​រ័ក្ស​គ្នា ជនសង្ស័យ​បាន​ប្រើ​ដំបង​វាយ​ក្បាល​ពីក្រោយ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ ដោយ​ភ័យ​ពេក​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២​នាក់​ក៏​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​វិញ​ដើម្បី​គេចខ្លួន​ក៏​ជួប​ជាមួយ​សមត្ថកិច្ច​ល្បាត ហៅ​សួរនាំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ដំបូង នារី​សង្ស័យ​បាន​ឆ្លើយ​ប​ង្វៀ​ង​ដាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ត្រូវ​គេ​ចាប់​រំ​លោភ​នៅ​ក្នុង​ដី​ឡូត៍​នោះ តែ​ដោយ​មាន​បុរស​ម្នាក់​ឃើញ​ហេតុការណ៍​នេះ​ក៏​ជួយ​នាង​ទាន់ ។ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ដី​ឡូត៍​នោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ព្រៃវែង 1G-4092 រួម​ទាំង​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ទៀត​ផង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​វាយ​សម្លាប់​ជន​រង​គ្រោះ គឺ​ប្រុស​ស្រី​ទាំង​២​នាក់​ជា​សង្សារ​និង​គ្នា​បាន​រៀប​គម្រោងជា​មុន ហើយ​អន្ទង​ជន​រង​គ្រោះ​ទៅ​ក្នុង​ដី​ឡូត៍​ស្ងាត់​ដើម្បី​រួម​រ័ក្ស ហើយ​ឱកាសល្អ​ក៏​ប្លន់​តែ​ម្តង​សម្លាប់​តែ​ម្តង ៕