រាជអាវុធហត្ថ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់ ឃាត់ខ្លួន​៧​នាក់​យក​ទៅ​អប់រំ

ខេត្ត​ប៉ៃលិន ៖ អ្នកលេង​ល្បែង​បញ្ជល់មាន់​ជា​ច្រើន​នាក់​បាន​រត់​ចែក​ជើង​គ្នា ដោយ​អ្នកខ្លះ​ធ្លាក់​ទឹកស្រះ ខ្លះ​បុក​របង​ដួល​របួសស្រាល និង​ខ្លះ​ទៀត​រត់​បម្រះ​ជាន់​លើ​គ្នា​ថ្លោះ​ដៃជើង​ទៀត​ផង ខណៈ​ពួក​គេ​វ៉ាង​(​ជល់​សាក​មាន់​ជល់​)១​គូ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សាលា​ក្រៅ ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ចាប់​បាន​អ្នកលេង និង​អ្នក​ឈរ​មើល​ចំនួន​៧​នាក់ និង​រឹបអូស​បាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ដឹក​ទឹក​១​គ្រឿង យក​ទៅ​អប់រំ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រួច​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​បន្តិចបន្តួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១ ៥ ស្ថិត​នៅ​ក្បែរ​ខាងជើង​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​មុនគេ​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​លេង​ល្បែង​បញ្ជល់មាន់​នៅ​ត្រង់​ចំណុច​ខាងលើ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយ​មាន​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ និង​នគរបាល​មួយ​ចំនួន​ក៏​ចូល​ទៅ​លេង​ទីនោះ​ដែរ ។ តែ​គេ​លេង​ត្រឹម​១ ឬ​២​គូ​ប៉ុណ្ណោះ ហើយ​ក៏​មានការ​ដាក់​ភ្នាល់​លុយកាក់​តិចតួច​ដែរ ។ ប្រភព​បន្ត​ទៀត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​ពួក​គេ​កំពុង​តែ​ដាក់​មាន់​បញ្ជល់​សាកមើល ស្រាប់តែ​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​សាលា​ក្រៅ​ជា​ច្រើន​នាក់ ចុះ​ទៅ​ព័ទ្ធ​ចាប់​អ្នកលេង​ល្បែង​បញ្ជល់មាន់ និង​អ្នក​ឈរ​មើល ធ្វើ​ឱ្យ​រត់​ចែក​ជើង​គ្នា ដោយ​អ្នកខ្លះ​ភ័យ​ខ្លាំង​ពេក​លោត​ទម្លាក់​ទឹកស្រះ អ្នកខ្លះ​រត់​បុក​បង្គោលរបង​សន្លប់ និង​ខ្លះ​ទៀត​រត់​បុក​គ្នា​ដួល​រង​របួសស្រាល​ផង​ដែរ ។

ចំណែក​អ្នកខ្លះ​ទៀត​អាង​ថា​ខ្លួន​មិន​បាន​លេង​ទេ គ្រាន់តែ​ជា​អ្នក​ឈរ​មើល អត់​ព្រម​រត់ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ចំនួន​៧​នាក់ និង​រឹបអូស​ម៉ូតូ​ចំនួន​៦​គ្រឿង ព្រមទាំង​រថយន្ត​ដឹក​ទឹក​លក់​តាម​ភូមិ​១​គ្រឿង​ផង​ដែរ យក​ទៅ​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សាលា​ក្រៅ លុះ​ក្រោយមក​ខណៈ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​សួរនាំ ស្រាប់តែ​គេ​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​អប់រំ និង​ផាកពិន័យ​បន្តិចបន្តួច​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក ស៊ិ​ន តាំ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្រុម​អ្នកលេង​ល្បែង និង​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនេះ​ត្រូវ​ខាង​លោក​យក​មក​អប់រំ រួច​ធ្វើ​កិច្ចសន្យា​ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ថ្ងៃក្រោយ​មិន​ត្រូវ​នាំ​គ្នា​លេងល្បែង​ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​នោះ​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ល្បែងស៊ីសង​បៀ អាប៉ោង កន្ទុយលេខ​ឆ្នោត កំពុង​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង នៅ​ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខណៈ​អ្នក​ញៀន​ល្បែង​ខ្លះ​អះអាង​ថា បាន​បង់​លុយកាក់​បិទ​មាត់​សមត្ថកិច្ច​មូលដ្ឋាន​អស់​ហើយ បើ​ពុំ​ដូច្នោះ​ទេ​គេ​នឹង​ចាប់​មិន​អាច​នាំ​គ្នា​លេង​កើត​បាន​ឡើយ ៕