មនុស្ស​១៦នាក់​ស្លាប់​នៅ​ក្នុង​ការ​បោក​គ្រាប់បែក​កែច្នៃ​ក្នុង​ក្លឹប​រាត្រី​ក្នុង​ប្រទេស​អេហ្ស៊ីប

មនុស្ស​១៦នាក់​ស្លាប់​នៅ​ក្នុង​ការ​បោក​គ្រាប់បែក​កែច្នៃ​ក្នុង​ក្លឹប​រាត្រី​ក្នុង​ប្រទេស​អេហ្ស៊ីប

អ្នក​ស៊ើបអង្កេត​អេហ្ស៊ីប​ត្រួតពិនិត្យ​កន្លែង​កើត​ហេតុ​នៃ​ការ​វាយប្រហារ​ទៅ​លើ​ក្លឹប​រាត្រី​នៅ​ក្នុង​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

មន្ត្រី​អេហ្ស៊ីប​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​១៦នាក់​បាន​ស្លាប់ និង​៥នាក់​ទៀត​របួស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពីការ​វាយ​ប្រហារ​ដោយ​ការ​បោក​គ្រាប់​បែក​កែច្នៃ​នៅ​ក្លឹប​រាត្រី​មួយ​កន្លែង​ក្នុង​រដ្ឋធានី​គែរ (Cairo)។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​វាយ​ប្រហារ​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់ Agouza នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា អ្នក​វាយ​ប្រហារ​គឺ​ជា​បុគ្គលិក​នៅ​ក្លឹប​រាត្រី​នោះ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​អេស្ស៊ីប​ឈ្មោះ MENA បាន​ស្រង់​សម្តី​មន្ត្រី​ម្នាក់​ ដែល​និយាយ​ថា បុរស​បី​នាក់​ដែល​ជិះ​ម៉ូតូ​បាន​គ្រវែង​គ្រាប់​បែក​កែច្នៃ​ធ្វើ​ពី​ដប​ស្រា​ចូល​ទៅ​ក្នុង​ក្លឹប​រាត្រី​នោះ ហើយ​ក៏​បើក​ម៉ូតូ​ចេញ​ទៅ​បាត់។

ក្រុម​ជ្រុល​និយម​ឥស្លាម​បាន​ធ្វើ​ការ​វាយប្រហារ​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​ប្រធានាធិបតី​ឥស្លាម​និយម​របស់​អេហ្ស៊ីប គឺ​លោក Mohamed Morsi ត្រូវ​បាន​ទម្លាក់​ពី​តំណែង​នៅ​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​យោធា​មក។

ក្រុម​សកម្ម​ប្រយុទ្ធ​មួយ ដែល​បាន​អះអាង​ពី​ភក្តីភាព​របស់​ពួកគេ​ចំពោះ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ជាច្រើន។

ក្រុម​មន្ត្រី​និយាយ​ថា ពួកគេ​បាន​តាម​រក​ជន​ដៃ​ដល់​នៃ​ការ​វាយប្រហារ​នៅ​ក្លឹប​រាត្រី​នោះ៕