រុស្ស៊ី​បន្ត​ទិតៀន​តួ​ក​គី ជំនួប​រដ្ឋមន្ត្រីការបរទេស​គ្មាន​ផ្លែផ្កា​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ម្សិលមិញ​នេះ​បានសម្រេច​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​ជា​លើកដំបូង​តាំងពី​យន្តហោះ​រុស្ស៊ី​ត្រូវ​តួ​ក​គី​បាញ់​ធ្លាក់​។ ប៉ុន្តែ​ជំនួប​កម្រិត​ប្រមុខ​ការទូត​មិនមាន​ផ្លែផ្កា​ទេ ព្រោះ​តួ​ក​គី​រក្សា​ជំហរ​របស់ខ្លួន ដោយ​ចោទ​រុស្ស៊ី​ថា​ជា​អ្នក​ខុស​ដែល​រំលោភ​ដែនអាកាស​ខ្លួន​។ ហើយ​រុស្ស៊ី​ក៏ត្រូវ​បន្ត​រិះគន់​និង​បកអាក្រាត​របប​ដឹកនាំ​ក្រុង​អង់កា​រ៉ា​ទៀត​ពាក់ព័ន្ធ​ជំនួញ​ប្រេង​ខុសច្បាប់​។

សូមស្ដាប់ព័ត៌មានលម្អិត៖

*

​ជំនួប​ពិសេស​កម្រិត​រដ្ឋមន្ត្រីការបរទេស​រវាង​រុស្ស៊ី​និង​តួ​ក​គី​លើកដំបូង​បំផុត​ក្រោយ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ល្អក់​ករក បានបញ្ចប់​ទៅដោយ​គ្មាន​ផ្លែផ្កា​បន្តិច​សោះ​។ កិច្ចពិភាក្សា​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្រៅ​សន្និសីទ​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​ដែល​បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​បែ​ល​ក្រា​ត ប្រទេស​ស៊ែ​ប៊ី​។ រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov  ដែលជា​តំណាង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អះអាងថា លោក​មិន​បានលឺ​អ្វី​ថ្មី​សោះ​ពី​មាត់​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu សោះ​ក្រោយ​ជជែក​ពិភាក្សាគ្នា ម្សិលមិញ​។

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​ដែល​តំណាង​ឲ្យ​ប្រធានាធិបតី Recep Tayyip Erdogan បានការ​ពារ​ជំហរ ដែល​ខ្លួន​មាន​កន្លង ដោយ​អះអាង​ជាថ្មី​ថា តួ​ក​គី​មិន​ខុស ហើយ​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ទម្លាក់​។ នេះ​បញ្ជាក់​ច្បាស់​ថា តួ​ក​គី​មិនបាន​បន្ទន់​ជំហរ​ដោយ​សុំ​អភ័យទោស​រុស្ស៊ី​ជា​ផ្លូវការ​ឡើយ​ចំពោះ​អ្វីដែល​កើតមានឡើង​នេះ​។  ប៉ុន្តែ​យ៉ាងហោចណាស់​ភាគី​តួ​ក​គី​បានទទួល​ស្គាល់​ផងដែរ​ថា ជំនួប​ម្តង​ប៉ុណ្ណេះ​មិន​ជួយ​ដោះស្រាយ​អ្វី​ឡើយ  ហើយ​វា​ចាំបាច់​ត្រូវ​បន្ត​ការទាក់ទង​គ្នា​ទៅមុខទៀត​។

​គេ​មើលឃើញថា បើ​គ្មាន​ការដោះស្រាយ​បញ្ហា​បច្ចុប្បន្ននេះ​ទេ ចំណងមិត្តភាព​ទ្វេភាគី​រវាង​រុស្ស៊ី​និង​តួ​ក​គី​នឹង​វិ​វត្ត​ទៅរក​ភាពអាក្រក់​កាន់តែខ្លាំង​។ វា​អាច​បណ្តាល​ឲ្យ​មានការ​ប្រឈមមុខគ្នា​កាន់តែខ្លាំង​រវាង​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​នេះ ជាមួយនិង​មហាអំណាច​រុស្ស៊ី​។

​រុស្ស៊ី​បាន​ប្រើប្រាស់​វិធានការ​សេដ្ឋកិច្ច​ដើម្បី​សងសឹក​តួ​ក​គី​រួចហើយ​កន្លងមក​។​ទំនិញ​តួ​ក​គី​មាន​ចំណីអាហារ ផលិតផល​វាយនភ័ណ្ឌ​ជាដើម​នឹង​លែង​អាច​នាំចូល​ទៅកាន់​ទីផ្សារ​រុស្ស៊ី​បាន​ទៀត ហើយ​តួ​ក​គី​នឹង​ខាតបង់​ចំណូល​ប្រហែល ៧៦៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឯណោះ​។ ចំណែក​បុរស​ខ្លាំង​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​បន្ត​ទិតៀន​របប​ដឹកនាំ​ក្រុង​អង់កា​រ៉ា និង តាមរក​ភ័ស្តុតាង​មក​បកអាក្រាត​រឿងអាស្រូវ​របស់​ប្រធានាធិបតី​តួ​ក​គី​បច្ចុប្បន្ន​ផង​ជុំវិញ​ការ​លួច​ធ្វើ​អាជីវកម្ម​ប្រេង​ជាមួយ​ភេរវជន​។ 

​ម្សិលមិញ​នេះដែរ ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ ប្រធានាធិបតី​រុស្ស៊ី​ខាងលើ​ឆ្លៀតឱកាស​វាយប្រហារ​តួ​ក​គី​នៅ​ចំពោះមុខ​សមាជិកសភា​រុស្ស៊ី​ទាំងអស់​ផង ដោយ​លោក​ចាត់ទុក​ការ​លួច​រកស៊ី​ជាមួយ​ក្រុម​ភេរវជន​ជា​ជំនួញ​ឈាម​។ ក្រៅពីនេះ លោក ក៏​បន្ត​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ជា​មិត្ត​និង​មហាអំណាច​ទាំងអស់​រួម​កម្លាំង​គ្នា​ដើម្បី​បង្កើន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​កម្ចាត់​ក្រុម​ភេរវជន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​