បងថ្លៃ​ជីដូនមួយ​វាយ​ប្អូនថ្លៃ​ស្រី រួច​បំភ្លៃ​ការ​ពិត​ថា​មាន​មនុស្ស​២​នាក់​មក​ចូល​វាយ

ខេត្ត​ត្បូងឃ្មុំ ៖ បន្ទាប់​ពី​«​កោះសន្តិភាព​បាន​»​ចុះ​ផ្សាយ​ថា ស្ត្រី​២​នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​វាយ​​ដល់​ក្នុង​ផ្ទះ​​​ទាំង​យប់ ព្រមទាំង​ប្រើ​ម្ជុល​ពេទ្យ​ចាក់​របួស​៣​កន្លែង សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​លើ​ករណី​ហិង្សា​ដោយ​ចេតនា​នេះ ។ តាម​ពិត​មិន​មាន​ជន​ណា​ម្នាក់​មក​ពី​ខាងក្រៅ​ចូល​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​នោះ​ទេ គឺជា​ស្នាដៃ​របស់​ស្ត្រី​ឈ្មោះ ឡេ​ង ស្រី ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ ដែល​បាន​បំភ្លៃ​ការ​ពិត​ផ្អើល​សមត្ថកិច្ច​គ្រប់កន្លែង​ចុះ​អង្កេត ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​សំពៅ​ផុស​ថ្មី ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កើត​មាន​អំពើ​ហិង្សា​ចូល​វាយ​ម្ចាស់ផ្ទះ​ដែល​កំពុង​តែ​ដេក​លង់លក់​នៅ​ក្នុង​ផ្ទះថ្ម បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ម្នាក់​ព្រោះតែ​មាន​អាកា​រៈ​ធ្ងន់​​ធ្ងរ​ពេក​នោះ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា ក្រោយ​ពី​បាន​ធ្វើការ​ស៊ើបអង្កេត​ដោយ​យកចិត្តទុកដាក់​លើ​ករណី​ហិង្សា​នេះ​រួច​មក​ឃើញ​ថា គឺ​មិន​មាន​ជនសង្ស័យ​ណា​ម្នាក់​ចូល​ធ្វើ​សកម្មភាព​ដល់​ក្នុង​ផ្ទះថ្ម​ខាងលើ​នេះ​ទេ តាម​តាម​ពិតជា​ទ​ង្វើ​របស់​ស្ត្រី​ជា​បងថ្លៃ​ជីដូនមួយ​ឈ្មោះ ឡេ​ង ស្រី ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​តែ​ម្នាក់ឯង ដោយ​បាន​យក​ក្រមា និង​ខោ​ចងដៃ​ចងជើង ហើយ​ប្រឌិត​ថា​មាន​ជន​២​នាក់​មក​ចូល​វាយ ហើយ​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ច្រក​ទ្វា​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ៕