Q&A : មិនមាន​អារម្មណ៍​ជាមួយ​ស្វាមី តើ​ទាំងនេះ​កើតចេញ​មកពី​មូលហេតុ​អ្វី ?

​សំណួរ ៖ នាង​ខ្ញុំ​ត្រូវបាន​ស្វាមី​រិះគន់​ជា​ញឹកញាប់​ថា​ជា​មនុស្ស​គ្មាន​កាមារម្មណ៍ និង ជា​មនុស្ស​ខ្វះ​សមត្ថភាព​ផ្លូវភេទ ព្រោះថា​រៀងរាល់​ពេល​គាត់​បបួល​ឡើង​គ្រែ​តែង​មិនបាន​សម្រេច​ទេ ព្រោះ​នាង​ខ្ញុំ​តែង​នឿយណាយ និង គេចវេះ​រហូត ។ ដោយសារតែ​នាង​ខ្ញុំ​មាន​អារម្មណ៍​មិន​ចូលចិត្ត​នេះហើយ​បានជា​ធ្វើឱ្យ​គាត់​ខឹង និង តែង​ស្តីបន្ទោស​ថា​ជាម​នុស្ស​«​ងាប់​តណ្ហា​» ។

ថ្ងៃ​ខ្លះ​ពេល ដែល​គាត់​បបួល​ខ្លាំងពេក​នាង​ខ្ញុំ​ក៏​យល់ព្រម ប៉ុន្តែ​ក៏​គ្មាន​អារម្មណ៍​អ្វី​ឡើយ ។ ហេតុនេះ​ពេល​រួមភេទ នាង​ខ្ញុំ​ដេក​ធ្វើ​ព្រងើយៗ​មិន​ចង់​កម្រើក​អ្វី​ឡើយ ។ បែបនេះ​បានធ្វើឱ្យ​ស្វាមី​មិន​ពេញចិត្តទាល់តែសោះ ហើយ​តែង​និយាយថា​នាង​ខ្ញុំ​ជា​មនុស្ស​គល់ឈើ ។ តើ​ទាំងនេះ​កើតចេញ​មកពី​មូលហេតុ​អ្វី ?

​ចម្លើយ ៖ ជាការ​ពិត​មាន​កត្តា​ជាច្រើន​ដែល នាំឱ្យ​ប៉ះទង្គិច​ដល់​ផ្លូវភេទ ឬ ធ្វើឱ្យ​ស្ត្រី​អស់​អារម្មណ៍ ក្នុងការ​រួមភេទ​ជាមួយ​បុរស ។ អ្នក​មិនបាន​បញ្ជាក់​ប្រាប់ថា​អាយុ​ប៉ុន្មាន​ឡើយ ហេតុនេះ​ធ្វើឱ្យ​យើង​មិនអាច​សន្និដ្ឋានបាន​ជាក់​លាក់​ថា​កើត​មកពី​កត្តា អ្វ​ឱ្យ​ច្បាស់លាស់​ឡើយ ។ ប៉ុន្តែ​បើ​ក្នុងករណី​អ្នកមាន​វ័យ​ចំណាស់ វា​អាច​កើត​មកពី​បញ្ហា​អ័រម៉ូន​ធ្លាក់ចុះ​ទើប​ធ្វើ​ឱ្យអស់​អារម្មណ៍​ផ្លូវភេទ ។

ទោះបីយ៉ាងណា​បើ​អ្នក​មិនទាន់​ឈានចូល​វ័យ​ចំណាស់ ឬ វ័យ​កណ្តាល​ទេ បញ្ហា​សិច​អាច​កើត​មកពី​បញ្ហា​បរិយាកាស​ច្រើនជាង ដូចជា​ទីកន្លែង​មិន​អំណោយផល​ដោយ​ខ្លាច​មនុស្ស​ដឹង ខ្លាច​កូន​ឃើញ ឬ រួមភេទ​មិន​ធ្លាប់​ឈានដល់​កោះ​ត្រើយ ដោយសារតែ​ស្វាមី​ឆាប់​ឈានដល់​ចំណុចកំពូល​ពេក​ជាដើម ។ ក្រៅពីនេះ​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍ ក៏​ជា​កត្តា​នាំឱ្យ​កើតការ​នឿយណាយ​ផ្លូវភេទ​ដែរ ហេតុនេះ​ត្រូវ​រក​វិធី​ដោះស្រាយ​បញ្ហា​ទើប​មិន​ជួប​វិបត្តិ​បែបនេះ​បន្តទៅទៀត ៕

 

Related