រដ្ឋ​អាហ្វ្រិក​ត្រេកត្រអាល​នឹង​កញ្ចប់​លុយ​របស់​មហា​យក្ស​ចិន​

​គ្រាន់តែ​ចាកចេញ​ពី​ក្រុងប៉ារីស​ភ្លាមៗ ប្រធានាធិបតី​ចិន​និង​ភរិយា​បន្តដំណើរ​ទៅកាន់​ទ្វីបអាហ្វ្រិក​ដើម្បី​បន្ត​ពង្រឹង​យុទ្ធសាស្ត្រ​ពង្រីក​ជំនួញ​និង​ឥទ្ធិពល​របស់ខ្លួន​នៅ​ទីនោះ​។ ប្រធានាធិបតី​ចិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ចិន​-​អាហ្វ្រិក និង​ឆ្លៀត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាងច្រើន​ជាមួយ​ប្រទេស​ស៊ីម​បាប​វ៉េ និង​អាហ្វ្រិក​ខាងត្បូង លើ​វិស័យ​សំខាន់ៗ​ជាច្រើន​ថែមទៀត​។ ចិន​បច្ចុប្បន្ន​មិនមែន​ត្រឹមតែ​ជា​ដៃគូ​ជំនួញ​ពិសេស​របស់​រដ្ឋ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ តែ​មហាអំណាច​មួយ​នេះ​កំពុង​ក្លាយ​មិត្ត​ដែល​រដ្ឋ​អាហ្វ្រិក​ពឹងពាក់​បាន​ស្រួល​ជាពិសេស​សុំ​ជំនួយ​។​

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង កំពុង​ស្ថិតនៅ​ទីក្រុង Johannesburg  ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ចូលក្នុង​កិច្ចប្រជុំ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អាហ្វ្រិក​-​ចិន​។ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជាង​៤០​នៅ​តំបន់​អាហ្វ្រិក​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ដោយ​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គឺ​ផ្តោតលើ​យន្តការ​នានា​ដែល​អាច​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​លើ​វិស័យ​ជាច្រើន​រួមមាន​ទាំង​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ សន្តិសុខ​រវាង​ចិន​និង​អាហ្វ្រិក​។  មុន​ចាក​ចេញមក​ប្រជុំ​នៅ​អាហ្វ្រិក​ខាងត្បូង ប្រមុខរដ្ឋ​ចិន​ដ៏​មាន​ឥទ្ធិពល​នេះ​បាន​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ីម​បា​វ៉េ និង​ជជែក​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ផ្តាច់ការ រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) ដែលជា​អ្នកប្រឆាំង​លោកខាងលិច​ផ្កាប់មុខ​នោះ​។

១.​សេដ្ឋកិច្ច​ចិន​កើន​យឺត ថមថយ​លំហូរ​វិនិយោគ តែ​ចិន​នៅ​ចិត្ត​ទូលាយ​
​យ៉ាងណាមិញ លោក ស៊ី ជិន​ពីង ធ្វើដំណើរ​ទៅកាន់​អាហ្វ្រិក​លើក​នេះ​ទាំង​ហាក់​មាន​អារម្មណ៍​ខ្វល់ខ្វាយ​ដែរ​ព្រោះតែ​បញ្ហា​សេដ្ឋកិច្ច​ក្នុងស្រុក​ដែល​ប​ន្ថ​កើនឡើង​យឺត​ទៅៗ​។ ដោយសារ​កំនើនសេដ្ឋកិច្ច​យឺត ទំហំ​វិនិយោគ​ចិន​នៅ​អាហ្វ្រិក​ស្រាប់តែ​ធ្លាក់ចុះ​ដែរ​។ ប៉ុន្តែ​ប្រមុខរដ្ឋ​ចិន​មិនបាន​ទៅ​អាហ្វ្រិក​ដោយ​ដៃទទេ​ឡើយ​ព្រោះ​វា​ជា​ទម្លាក់​របស់​ចិន​។ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី អះអាងថា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅ​អង្គប្រជុំ​ទាំងមូល លោក ស៊ី ជិន​ពីង ត្រៀម​ប្រកាស​កញ្ចប់​លុយ​កម្ចី​និង​គម្រោង​នានា​សម្រាប់​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​នៅ​អាហ្វ្រិក​ជារួម​ដែរ​។

​សម្រាប់​ប្រទេស​អាហ្វ្រិក ចិន​ជា​មហាអំណាច​ជាន់​ថ្មី​តែ​គួរ​ឲ្យ​ទុកចិត្ត​និង​អាច​ពឹងពាក់​បាន​។   តាំងពីដើម​មក ប្រទេស​អាហ្វ្រិក​ទាំងនោះ មិន​ដែរ​គិតថា​ចិន​ចង់​កេងប្រវ័ញ្ច​ខ្លួន​ឡើយ ហើយក៏​មិនដែល​ទាំង​គិតដល់​ថា​ចិន​នឹង​ក្លាយជា​ម្ចាស់​អាណានិគម​ថ្មី​ជំនួស​អឺរ៉ុប​ដែរ​។ ពួកគេ​មាន​សុទិដ្ឋិនិយម​ថា ចំណង​ពាណិជ្ជកម្ម​និង​សហប្រតិបត្តិការ​ចិន​អាហ្វ្រិក​ឈរលើ​គោលជំហរ​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក​។​

​មូល​ហេតុដែល​ប្រទេស​អាហ្វ្រិក​ចូលចិត្ត​មហា​យក្ស​ចិន​ព្រោះ​ចិន​មាន​វិធីសាស្ត្រ​និង​យុទ្ធសាស្ត្រ​ត្រជាក់​ហើយ​ផ្អែម​។ ចិន​ថ្វីបើ​កោងកាច​បន្តិច​មែន ចិន​គិតតែ​រឿង​រកស៊ី​ចំណេញ​ឬ​ខាត​ប៉ុណ្ណោះ ហើយ​ចិន​មាន​គោលការណ៍​មួយ​គឺ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គេ​ឡើយ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ដែរ​បញ្ជា​ឲ្យ​គេ​ធ្វើ​នេះ​ធ្វើ​នោះ មិន​បរិហារ រឿង​សិទ្ធិមនុស្ស មិន​ដាស់តឿន​អាហ្វ្រិក​ឲ្យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ និង​មិន​ដែរ​លូកលាន់​រឿងរ៉ាវ​ណាមួយ​ដែលជា​បញ្ហា​ផ្ទៃក្នុង​របស់​រដ្ឋ​អាហ្វ្រិក​ទេ វា​លែង​តែមាន​ការពឹង​ពាក់​ជាមុន​។    ស្រប​ពេលដែល​ប្រទេស​អាហ្វ្រិក​សម្បូរ​បញ្ហា​ស្រាប់​ផង​នោះ វា​មិនអាច​ចៀសផុត​ដែល​ពួកគេ​ត្រូវ​រត់​មក​តោង​ចិន​នោះ​។

២.​ប្រទេស​អាហ្វ្រិក​៖ យើង​មិនមែន​ទៅ​ប្រជុំ​ព្រោះតែ​ចង់​សុំ​លុយ​ចិន​ឡើយ​
​ដោយសារ​ចិន​ផ្តល់​កម្ចី​និង​ជំនួយ​ច្រើន​ដល់​ទ្វីបអាហ្វ្រិក គេ​ឃើញ​មានការ​រិះគន់​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ផងដែរ ដែល​ភាគច្រើន​ចង់បាន​ជំនួយ​ពី​ចិន​ភ្លេច​គិត​។  ក្នុង​វេទិកា​កិច្ចប្រជុំ​ចិន​-​អាហ្វ្រិក មេដឹកនាំ​ប្រទេស​អាហ្វ្រិក​បាន​ថ្លែង​ការពារ​ខ្លួន​ថា ប្រទេស​អាហ្វ្រិក​ទៅ​ចូលរួម​កិច្ចប្រជុំ​ចិន អាហ្វ្រិក មិនមែន​ដោយសារតែ​ទៅសុំ​លុយ​ក្រុង​ប៉េកាំង​ទេ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាហ្វ្រិក​ខាងត្បូង Ghulam Hoosein Asmal បាន​សង្កត់ធ្ងន់ថា​៖« វេទិកា​ចិន​-​អាហ្វ្រិក​មិនមែនជា​កន្លែង​ជជែក​គ្នា​រឿង​ជំនួយ​ទេ តែ​វា​ជា​វេទិកា​ភាពជា​ដៃគូ ឈរលើ​គោលការណ៍​យោគយល់​គ្នា​និង​ស្មើភាព​គ្នា​ដែរ​»​។
 
​ទោះ​វា​មិនមែនជា​វេទិកា​សុំ​លុយ​មែន ប្រទេសមួយ​ចំនួន​ដូចជា ស៊ីម​បាប​វ៉េ  ស៊ូដង់​ខាងត្បូង ជាដើម​ពិតជា​ត្រូវការ​ជំនួយ​របស់​ចិន​ខ្លាំងណាស់​។ រដ្ឋ​ទាំងនេះ​ត្រូវការ​កញ្ចប់​លុយ​ជំនួយ​ក្រៅពី​លុយ​វិនិយោគ ព្រោះ​សេដ្ឋកិច្ច​ស៊ីម​បា​វ៉េ​ងើបឡើង​ទាំង​ត្រដរខ្យល់​។ ចិន​បានផ្តល់​ប្រាក់កម្ចី​ដល់​ស៊ីម​បា​វ៉េ​កន្លងមក ថ្វីបើ​ស៊ីម​បា​វ៉េ​មាន​ប្រវត្តិ​មិនសូវ​ល្អ ព្រោះ​ធ្លាប់​មិន​បង់​បំណុល​ឲ្យ​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ក្តី​។ ហើយ​មិនតែប៉ុណ្ណោះ​ក្រុង​ប៉េកាំង​ក៏បានផ្តល់​ជំនួយ​នានា​ដែល​ជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល​និង​អប់រំ​នៅ​ស៊ីម​បា​វ៉េ​ផង​។ គ្រាន់តែ​ជំងឺឆ្លង​អេ​បូ​ឡា​នៅ​អាហ្វ្រិក​ខាងលិច ចិន​បាន​ទម្លាក់​កញ្ចប់​លុយ​ជិត​២០០​លាន​ដុល្លារ​ដើម្បី​ឲ្យ​រដ្ឋ​ទាំងនោះ​ដោះស្រាយ​បញ្ហា​សុខាភិបាល​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះដែរ​។

៣.​មហា​យក្ស​ចិន​ត្រូវការ​ប្រទេស​អាហ្វ្រិក​ខ្លាំង​ជា​អាហ្វ្រិក​ត្រូវការ​ចិន​?
​មាន​ការជជែក​គ្នាច្រើន​ដែរ​ពី​តួនាទី​របស់​ចិន​នៅ​តំបន់​អាហ្វ្រិក​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃើញ​ចិន​ដើរតួនាទី​កាន់តែ​ធំ​និង​សំខាន់​នៅ​តំបន់​អាហ្វ្រិក ស្រប​ពេលដែល​ចំណង​ពាណិជ្ជកម្ម នយោបាយ សេដ្ឋកិច្ច​ទ្វេភាគី​រវាង​រដ្ឋ​អាហ្វ្រិក​ជាច្រើន​និង​មហាអំនាច​ចិន​ក៏​ចេះតែ​កើនឡើង​ឥត​ឈប់​។ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​រដ្ឋ និង​ប្រជាជន​ចិន ស្កេ​ក​ស្កះ បន្តកន្ទុយ​គ្នា​ឥត​ដាច់​ចូល​វិនិយោគ​នៅក្នុង​ប្រទេស​អាហ្វ្រិក​។​ចិន​បាន​វ៉ា​ដាច់​ប្រទេស​អតីត​ម្ចាស់​អាណានិគម​នៅ​អឺរ៉ុប និង​អាមេរិក ដោយ​ទំហំ​វិនិយោគ​ដ៏​លើសលុប​នេះដែរ​។

​ចិន​បន្ត​ដើរតួនាទី​ជា​អ្នក​សង្គ្រោះ​អាហ្វ្រិក​ឲ្យ​ផុតពី​ភាពក្រីក្រ ព្រោះ​ចិន​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​អាហ្វ្រិក​តាម​ការវិនិយោគ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដែលជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជ្រោមជ្រែង​ឲ្យ​រដ្ឋ​អាហ្វ្រិក​ឲ្យ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទូទៅ និង​ជម្លោះ​ប្រដាប់អាវុធ​ផងដែរ​។  បើតាម​របាយការណ៍រ​ដ្ឋា​ភិ​បាល​ចិន ពី​ឆ្នាំ ២០០៤ ចិន​បាន​បន្ត​ផ្តល់​កម្ចី​សម្រាប់​អនុវត្ត​គម្រោង​យ៉ាងតិច ៤០ ហើយ​ក្នុងនោះ​មាន​កញ្ចប់​លុយ​កម្ចី ជាង​២​ពាន់​លាន​ដុល្លារ​ត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​សាងសង់​ផ្លូវជាតិ ផ្លូវ​រថភ្លើង រោងចក្រ​ថាមពល និង​ប្រព័ន្ធ​ទូរគមនាគមន៍​ជាដើម​ផង​។​

​ក្រុង​ប៉េកាំង​បានប្រកាស​បញ្ជូន​ទ័ព​របស់ខ្លួន​ជាច្រើន​នាក់​ផងដែរ​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។ ស្របពេល​ជាមួយគ្នា​នោះ​ចិន​ក៏​ព្យាយាម​ពង្រីក​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​មហាអំណាច​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ ជម្លោះ​ប្រដាប់អាវុធ និង​សង្គ្រាមស៊ីវិល​នៅ​អាហ្វ្រិក​។

​តាមពិតទៅ អាច​និយាយ​ជារួម​ចិន​ត្រូវការ​ទ្វីបអាហ្វ្រិក​ជាង​ដែល​ទ្វីបអាហ្វ្រិក​ត្រូវការ​មហាអំណាច​ចិន​។​ដូច​ពេលបច្ចុប្បន្ន សេដ្ឋកិច្ច​ចិន​កំពុង​ប្រឈម​ការធ្លាក់ចុះ ព្រោះ​សេដ្ឋកិច្ច​ចិន​លែង​អាច​ពឹងពាក់​លើ​ការវិនិយោគ​ក្នុងស្រុក​ដូច​មុន​ហើយ​។ ដើម្បី​ធានាថា​សេដ្ឋកិច្ច​ចិន​នៅតែ​លូតលាស់​និង​មិន​ជួប​វិបត្តិ ចិន​ត្រូវការ​នាំចូល​វត្ថុធាតុដើម​ពី​បណ្តា​រដ្ឋ​អាហ្វ្រិក​ទាំងនោះ​រួមមាន​ទាំង​ប្រេង ឧស្ម័ន រ៉ែ​មានតម្លៃ​មាន ត្បូង មាស ប្រាក់ និង​សារធាតុ​ផ្សេងទៀត​ជាច្រើន​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​