អ្នក​ជំនាញ​យល់​ខុស​គ្នា​លើ​ការ​ដាក់​ទោស​គ្រូពេទ្យ​ យ៉ែម ជ្រិន

អ្នក​ជំនាញ​យល់​ខុស​គ្នា​លើ​ការ​ដាក់​ទោស​គ្រូពេទ្យ​ យ៉ែម ជ្រិន

លោក យ៉ែម ជ្រិន (កណ្តាល) គ្រូពេទ្យ​គ្មាន​អជ្ញាបណ្ឌ​ ត្រូវបាន​មន្ត្រី​ពន្ធនាគារ​នាំ​ចុះ​ពី​រថយន្ត​ នៅ​ពេល​ដែល​លោក​បាន​មក​ដល់​តុលាការ​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣ ខែ​ធ្នូ ឆ្នាំ២០១៥។ (AP Photo/ម៉ៃ វីរៈ)ក្រោយ​ពីសាលា​ដំបូង​ខេត្ត​បាត់​ដំបង​កាត់​ទោស​ឲ្យ​លោក ​យ៉ែម ជ្រិន​ អាយុ​៥៦​ឆ្នាំ​ អតីត​គ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រកា​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​មក ​យុត្តិធម៌​ត្រូវ​បាន​ចោទ​សួរ​ពី​ភាគី​ទាំង​សងខាង​។ ភ្នំពេញ—

នៅ​ក្រោយ​ពេល​ដែល​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​កាត់​ទោស​ឲ្យ​លោក ​យ៉ែម ជ្រិន​ អាយុ​៥៦​ឆ្នាំ​ អតីត​គ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រកា​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​មក ​យុត្តិធម៌​ត្រូវ​បាន​ចោទ​សួរ​ពី​ភាគី​ទាំង​សងខាង​គឺ​ភាគី​ជន​រងគ្រោះ​ ដែល​ជា​ដើម​បណ្តឹង​ និង​ភាគី​របស់​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ។​

បើ​យោង​ទៅ​តាម​សាលក្រម​ប្រកាស​ដោយ​អ្នក​ស្រី​ យិច ឈាណាវី​ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​តុលាការ​នៃ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ លោក​ យ៉ែម ជ្រិន​ ត្រូវ​បាន​ផ្តន្ទា​ទោស​«ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥.០០០.០០០ ​(ប្រាំលាន)​ រៀល​ ចូល​ថវិកា​រដ្ឋ​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ ទារុណកម្ម​ ដែល​មាន​ស្ថាន​ទម្ងន់​ទោស»។

សាលក្រម​នេះ​បញ្ជាក់​ថា ​បទល្មើស​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​អំឡុង​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០១៤​នេះ​ មាន​ស្ថាន​ទម្ងន់​ទោស ហើយ​វា​បង្ក​ឲ្យ​ជន​រងគ្រោះ​បាន​ទទួល​មរណភាព។

លោក​ សុក សំអឿន​ ជា​មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​ ថ្លែងប្រាប់​ VOA​ ថា​ ការ​សម្រេច​ផ្តន្ទា​ទោស​ ដាក់​ជន​ជាប់​ចោទ​ឲ្យ​ស្ថិត​ក្នុង​ពន្ធ​នាគារ​យូរឆ្នាំ​ អាច​នឹង​ទទួលយក​បាន​ បើសិន​ជា​ជន​ជាប់​ចោទ​ពិត​ជា​មាន​ចេតនា​ក្នុង​ការ​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ តាមរយៈ​ការ​ចម្លង​មេរោគ​នេះ។​ លោក​ថា​ ទម្ងន់​ទោស​ដែល​ គ្រូពេទ្យ​រូបនេះ​បាន​ទទួល​ហាក់​ដូច​ជា​ធ្ងន់​បន្តិច​ ដោយ​លោក​បាន​ថ្លែងថា៖​

«តើ​គាត់​ដែល​ប្រព្រឹត្ត​ហ្នឹង​ដោយ​សារ​គាត់​មាន​ចេតនា​ ចេតនា​ដូច​ថា​ ចង់​ឲ្យ​គេ​ស្លាប់​ ឬក៏​គាត់​ដោយ​ធ្វេស​ប្រហែស​អញ្ចឹង​ណ៎ា?​ បើសិន​ជា​ដោយ​ធ្វេស​ប្រហែស​ វា​មិន​ វា​មិនមែន​ដល់​ថ្នាក់​ឃាតកម្ម ​មាន​ទោស​ដល់​ឃាត​កម្ម​គ្រោង​ទុក​ជាមុន​ទេ យ៉ាង​ច្រើន​ត្រឹម​តែ​មនុស្ស​ មនុស្ស​ឃាត​ដោយ​អចេតនា​ ហើយ​ទោស​ ទោះ​បី​ជា​មាន​ការ​ស្លាប់​ ក៏​នៅ​តែ​ជា​មនុស្ស​ឃាត​អចេតនា​ដដែល​ តែ​គ្រាន់​តែ​ខិត​ទៅ​អតិបរមា​តែ​ប៉ុណ្ណោះ»។​

ការ​ផ្តន្ទាទោស​ទៅ​លើ​គ្រូពេទ្យ​នោះ​កើត​មាន​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​កែប្រែ​បទ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ ​ដែល​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៤​ មក​ជា​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។​

លោក​ អំ សំអាត​ ប្រធាន​បចេ្ចកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារសិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ ការ​សម្រេច​ទៅ​តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ពិបាក​នឹង​ធ្វើ​ឲ្យ​ភាគី​ដើម​បណ្តឹ​ង​ និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ទួល​យក​បាន​ដោយ​ស្ងប់​ចិត្ត​ ដោយ​ហេតុ​ថា​ វិនាសកម្ម​ដែល​ពិរុទ្ធ​ជន​បាន​បង្ក​ឡើង​វា​មាន​ទំហំ​ធំធេង​ ដែល​ភាគី​ដើម​បណ្តឹម​អាច​នឹង​ទទួល​យក​មិន​បាន​ ខណៈ​ដែល​ភាគី​ដើម​ចោទ​យល់​ថា​ ការ​ផ្តន្ទាទោស​នេះ​គឺ​ធ្ងន់​ធ្ងរ​ និង​អយុត្តិធម៌​ទៅ​វិញ។

«ជា​ធម្មតា​ក្រុម​គ្រួសារ​ ជន​រងគ្រោះ​ គាត់​នៅតែ​គិត​ថា​ ប៉ុណ្ណឹង​ វា​មិន​យុត្តិ​ធម៌​សម្រាប់​គាត់ ប៉ុន្តែ​អានេះ​ គ្រាន់​ថា​វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ក្នុង​ការ​សម្រេច។ ទីមួយ​ បើ​ទៅលើ​ជន​រង​គ្រោះ​ទាំង​១០០​នាក់​ហ្នឹង​ គាត់​ថា​ វា​មិន​មាន​យុត្តិ​ធម៌​សម្រាប់​គាត់​ទេ​ ក៏​ប៉ុន្តែ​ មើល​ទៅ​លើ​ជន​ជាប់​ចោទ​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ គាត់​ថា​ ហាក់​បី​ដូច​ជា​មិន​យុត្តិ​ធម៌»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ អាជ្ញាធរ​ខេត្ត​បាត់​ដំបង​ និង​មន្ត្រី​ជំនាញ​សុខាភិបាល​ ក៏​មាន​ចំណែក​នៅ​ក្នុង​សោកនាដកម្ម​ ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ យ៉ែម ជ្រិន​ បើក​ការ​ពិគ្រោះ​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​រដ្ឋាភិបាល។

«នេះ​ជា​បទ​ពិសោធន៍​ ឬក៏​ជា​មេរៀន​ សម្រាប់​ក្រសួង​សុខា​ភិបាល​ ក្នុង​ការ​ត្រួត​ពិនិត្យ​ និង​តាម​ដាន​រាល់​ការ​ប្រកប​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ​ហើយ​រាល់​ការ​បើក​ទាំង​អស់​វា​ត្រូវតែ​មាន​នេះ​ មាន​អាជ្ញាប័ណ្ណ​។​ ប៉ុន្តែ​ យើង​មិន​ចេះ​តែ​បណ្តោយ​ឲ្យ​មាន​អញ្ចឹង​ទៀត​ទេ។​ អញ្ចឹង​ហើយ​ អា​នេះ​ វា​ទី​មួយ​ យើង​គិត​ទៅ​ថា​ កំហុស​ទាំង​អស់​គ្នា។​ ប៉ុន្តែ​ បើ​នៅ​មាន​តទៅទៀត ​វា​ជា​កំហុស​របស់​មន្ត្រី​ជំនាញ​ ឬក៏​សុខាភិបាល​ហ្នឹង​ហើយ»។

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ក្នុង​ឃុំ​រកា​ចំនួន​២៨០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ការ​ឆ្លង​មួយ ​ដែល​គេ​ចោទ​ថា​បង្ក​ឡើង​ដោយ​គ្រូ​ពេទ្យ​ឯកជន​មិន​មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​ឃុំ​ម្នាក់​ ដែល​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ​រួម​គ្នា​ក្នុង​ពេល​ព្យាបាល​អ្នក​ជំងឺ។ មនុស្ស​ចំនួន​១១​នាក់​ដែល​បាន​ឆ្លង​មេរាគ​នេះ​ បាន​ស្លាប់​បាត់​បង់​ជីវិត។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​លោក ​ប៊ី បេងសោ ​ប្រធាន​មណ្ឌល​សុខ​ភាព​ឃុំរការ។​

លោក​ស្រី​ ធីតា ឃឹះ​ នាយិកា​អង្គការ​សីលកា​ ថ្លែង​ប្រាប់​ VOA ថា​ លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ពី​រដ្ឋា​ភិ​បាល​ ដែល​មាន​សភាព​យ៉ាប់យ៉ឺន​ គឺ​ជា​ដើមចម​នៃ​ការ​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ​នេះ ​ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​ទៅ​រក​សេវា​ព្យាបាល​ឯកជន ​ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់។​

អ្នក​ស្រី​ថា​ ការ​ផ្តន្ទាទោស​ទៅ​លើ​ គ្រូពេទ្យ​ដែល​ប្រកប​វិជ្ជាជីវៈ​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​នេះ​ គ្រាន់​តែ​ជា​ការ​គំរាម​ដល់​អ្នក​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ស្រដៀង​គ្នា​នេះ​ ដែល​អ្នក​ស្រី​យល់​ថា​ អាច​នៅ​មាន​ច្រើន​ ហើយ​គ្រូពេទ្យ​ទាំង​នោះ​គួ​រតែ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ ​និង​ត្រូវ​មាន​ការ​ស្រង់​ស្ថិតិ​ច្បាស់​លាស់​នៃ​ចំនួន​គ្រូពេទ្យ​នោះ ដើម្បី​បញ្ជៀស​វិបត្តិ​នេះ​ទៅ​ថ្ងៃ​អនាគត។

«ដាក់​ទោ​ស​របស់​គាត់​ អាច​ថា​ ជា​ការ​គំរាម​ទៅ​ដល់​ពេទ្យ​ដទៃ​ទៀត​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ ក៏​ប៉ុន្តែ​វិធានការ​ក្នុង​ការ​ត្រួត​ពិនិត្យ​ ពេទ្យ​អស់​នេះ​ឯង​ ដើម្បី​ឲ្យ​គាត់​មាន​ការ​អប់រំ​ត្រឹម​ត្រូវ​ ហើយ​នឹង​ឲ្យ​មាន​ការ​អប់​រំ​ ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​អនុវត្ត​ វិជ្ជាជីវៈ​របស់​គាត់​ ហើយ​នឹង​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​គឺ​ជា​រឿង​មួយ​សំខាន់។​ ហើយ​នេះ​ចប់​ទៅ​ គឺ​ជាការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដដែល។​ ហេតុអី​បាន​ជា​បណ្តោយ​ឲ្យ​រឿង​នេះ​កើត​មាន​ឡើង​ ហើយ​យើង​ដឹង​ហើយ​ថា​មា​ន​ដល់​ប៉ុន្មាន​ពាន់​ ប៉ុន្មាន​ម៉ឺន​នាក់​ទៀត​ឯណោះ​ដែល​ផ្តល់​សេវា​នៅ​គ្រប់​កន្លែង​ទាំង​អស់​នៅ​ទូ​នៅ​ក្នុង​ប្រទេស​យើង​នេះ​ សួរ​ថា​ឥឡូវ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ​ដើម្បី​ទប់​ស្កាត់កុំ​ឲ្យ​មាន​រឿង​ដូច​អញ្ចឹង​កើត​មាន​ឡើង​ទៀត»។​ 

លោក​ស្រី​សង្កត់​ធ្ងន់​ ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ភូមិរកា​ បាន​ធ្វើ​ឲ្យ​សាធារណៈ​ជន​បាត់បង់​ទំនុក​ចិត្តលើ​ប្រព័ន្ធ​សុខា​ភិបាល​កម្ពុជា​ ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ដល់​កិត្យានុភាព​នៃ​ប្រជាជាតិ​ខ្មែរ។

កម្ពុជា​ធ្លាប់​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​យ៉ាង​ខ្លាំង ​ដែល​មាន​អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​មេរោគ​អេដស៍​រហូត​ដល់​២,៦ភាគរយ​នៅ​ឆ្នាំ​២០០២​ ប៉ុន្តែ​បាន​ខិតខំ​ទប់​ស្កាត់​ និង​បាន​ទម្លាក់​មក​ដល់​០,៧​ភាគរយ​នៅ​ឆ្នាំ​២០១០​ ដែល​សម្រេច​បាន​លឿន​ជាង​គោល​ដៅ​ដែល​ដាក់​នៅ​ក្នុង​ឆ្នាំ​២០០៣​ថា ​នឹង​ទម្លាក់​មក​ត្រឹម​តែ​១,៨​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ។ 

លោក​ ម៉ម ប៊ុនហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ពុំ​ធ្វើការ​អធិប្បាយ​ចំពោះ​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​នោះ​ទេ​ តែ​លោក​អះអាង​ថា​ ក្រសួង​បាន​ចាប់​ផ្តើម​ពង្រឹង​វិធានការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន​របៀប​នេះ​ ដោយ​ក្រសួង​ថែម​ទាំង​បាន​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ​ ប្រសិន​បើ​មាន​ការ​ល្មើស​ច្បាប់​ណា​មួយ​ក្នុង​វិស័យ​សុខា​ភិបាល​កើត​ឡើង​នោះ។​

«យើង​បាន​ពង្រឹង​នូវ​ការ​គ្រប់​គ្រង​វិស័យ​ឯក​ជន​ហ្នឹង​ហើយ​ ហើយ​យើងក៏​បាន​ប្តឹង​ទៅ​តុលាការ​មាន​ករណី​ខ្លះ​ ដែល​មិនមាន​គោរព​ឲ្យ​មាន​ទោស​ទណ្ឌ បន្ទាប់​មក​ទៀត​ក៏​យើង​លើក​កម្ពស់​នូវ​សេវា​ថែ​ទាំ​ សាធារណៈ​របស់​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត»។

អ្នក​ជំនាញ​ខាង​មេរោគ​អេដស៍​មើល​ឃើញ​ថា​ ករណី​នៅ​ភូមិ​រកា​ជា​ការ​អាម៉ាស់​មុខ​មួយ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​តែ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​កម្ពុជា​យក​ធ្វើ​ជា​គំរូ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍៕