កិច្ចប្រជុំនៅថៃស្តីពីវិបត្តិជនអន្តោប្រវេសន៍ បញ្ចប់ទៅដោយ គ្មានដំណោះស្រាយ

បាងកក៖ ប្រទេស ថៃ នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យ មានការចាត់វិធានការ ដើម្បីទប់ស្កាត់បញ្ ហាជនអន្តោប្រវេសន៍ ក្នុងដែនមហាសមុទ្រឥណ្ឌា ប៉ុន្តែមិនមានដំណោះស្រាយ ប្រកបដោយស្ថិរភាពណាមួយ ត្រូវបានសម្រេចឡើងក្នុងកិច្ចប្រជុំថ្នាក់ តំបន់នេះឡើយ ដោយកិច្ចប្រជុំនេះមានគោលដៅ បង្ការ កុំឲ្យមានសោកនាដកម្ម បណ្តាលមកពីការលុងទឹកស្លាប់ របស់ជនភៀសខ្លួន ដែលធ្វើដំណើរតាមទូក នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

ដំណាងមកពីបណ្តាប្រទេស អាស៊ីអាគ្នេយ៍ បានធ្វើកិច្ចប្រជុំក្នុងទីក្រុង បាងកក ដើម្បីដាក់ចេញនូវគម្រោងការងារ ក្នុងគោលដៅដោះស្រាយ បញ្ហាជនអន្តោប្រវេសន៍ ដែលបច្ចុប្បន្នមានរហូតដល់ រាប់ពាន់នាក់ ក្នុងនោះភាគច្រើនមានប្រភពមកពីប្រទេស មីយ៉ាន់ម៉ា និងបង់ក្លាដែស ដែលផ្សងគ្រោះថ្នាក់ ដោយធ្វើដំណើរឆ្លងឈូងសមុទ្រ Bengal និងសមុទ្រ Andaman ជារៀងរាល់ឆ្នាំ។

លោក Apichart Chinwanno រដ្ឋលេខាធិការអចិន្ទ្រៃរបស់ក្រសួងការបរទេសថៃ បានលើកឡើងថា ទោះបីមានការពិភាក្សាគ្នា ប៉ុន្តែមិនមានកិច្ចព្រមព្រៀងជាផ្លែផ្កាណាមួយសម្រេចជារូបរាងនោះទេ ហើយក៏មិនមានដំណោះស្រាយណាមួយមានភាពច្បាស់លាស់នោះដែរ។ សូមជម្រាបថា កិច្ចប្រជុំនេះបានបញ្ចប់ទៅ ដោយបានដាក់ចេញនូវគម្រោងមួយ ដែលពាក់ព័ន្ធដោយផ្ទាល់ទៅលើប្រទេសចំនួនប្រាំ ក្នុងនោះមានប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា និងបង់ក្លាដែស៕

កិច្ចប្រជុំនៅថៃស្តីពីវិបត្តិជនអន្តោប្រវេសន៍ បញ្ចប់ទៅដោយ គ្មានដំណោះស្រាយ