​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​តែង​​​តាំង​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី​​​២២​​​នាក់ ប៉ុន្តែ​​​​​​គ្មាន​​​លេខ​​​ទាក់​​​ទង​​​លម្អិត

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​​​​ចេញ​​​ផ្សាយ​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​ដឹង​​​ថា ការងារ​​​​​​សម្រាប់​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​​​​មហា​​​ផ្ទៃ​​​​​​ដែល​​​កាន់​​​ដោយ​​​នាយ​​​ឧត្តម​​​សេនីយ៍ ខៀវ​​​ សុភ័គ ត្រូវ​​​​​​បែង​​​ចែក​​​ និង​​​ប្រគល់​​​ជូន​​​​​​មន្ត្រី​​​២២​​​រូប​​​នៅ​​​​​​ក្រសួង​​​មហាផ្ទៃ ប៉ុន្តែ​​​លេខទាក់​​​ទង​​​លម្អិត​​​មិន​​​មាន​​​ចេញ​​​ផ្សាយ​​​ទេ។​​​

ឯក​​​សារ​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ មាន​​​សមាស​​​ភាព​​​អ្នក​​​នាំពាក្យ​​​ពីរ​​​រូប​​​សម្រាប់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​មួយ ​​​ឬ​​​អង្គភាព​​​មួយ​​​​​​ក្នុង​​​បណ្តា​​​អគ្គ​​​នាយក​​​ដ្ឋាន​​​និង​​​អង្គភាព​​​​​​១១​​​ចំណុះ​​​ក្រសួង​​​មហា​​​ផ្ទៃ ហើយ​​​ក៏​​​ជួយ​​​សម្រាល​​​បន្ទុក​​​របស់​​​​​​នាយ​​​ឧត្តម​​​សេនីយ៍​​​ សុភ័គ ដែរ។​​​

នាយ​​​ឧត្តម​​​សេនីយ៍​​​ សុភ័ក បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​ត្រូវ​​​​​​មាន​​​​​​មនុស្ស​​​ច្រើន​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​សារព័ត៌មាន។​​​ មាន​​​អ្នក​​​កាសែត​​​ច្រើន​​​ណាស់​​​​​​សួរ​​​សំណួរ​​​​​​សព្វ​​​ថ្ងៃ​​​នេះ។​​​ ជា​​​ធម្មតា ខ្ញុំ​​​ទទួល​​​បាន​​​​​​ការ​​​ហៅ​​​ចូល​​​៨០​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ។ តើ​​​មនុស្ស​​​ម្នាក់​​​អាច​​​ធ្វើ​​​ម្ដេច​​​កើត​​​ទៅ?” នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​រំឭក​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​ជា​​​មន្ត្រី​​​ប៉ូលិស​​​ដំបូង​​​គេ​​​បំផុត​​​​​​ដែល​​​ធ្វើ​​​កិច្ចការ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​នេះ​​​។​​​

នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ធ្លាក់​​​ទៅ​​​លើ​​​​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​មួយៗ​​​ផ្ទាល់​​​ ដើម្បី​​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​​​​សារព័ត៌មាន និង​​​សាធារណជន”។​​​

នាយឧត្តម​​​សេនីយ៍​​​ សុភ័គ នឹង​​​នៅ​​​តែ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​សម្រាប់​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ដដែល ប៉ុន្តែ​​​​​​បាន​​​និយាយ​​​ថា ការ​​​ផ្ទេរ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​នឹង​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ដល់​​​អ្នក​​​កាសែត ដែល​​​ពេល​​​នេះ​​​អាច​​​ទទួល​​​ព័ត៌មាន​​​ផ្ទាល់​​​ពី​​​​​​អគ្គ​​​នាយកដ្ឋាន​​​ពាក់ព័ន្ធ។ លោក​​​ សុភ័គ បាន​​​និយាយ​​​ថា​​​ លោក​​​នឹង​​​បណ្តុះ​​​បណ្តាល​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី។​​​

នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​ផ្ទាល់​​​​​​ធ្វើ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ជិត​​​២០​​​ឆ្នាំ​​​ហើយ​​​។ ខ្ញុំ​​​មាន​​​សញ្ញា​​​ប័ត្រ​​​​​​ផ្នែក​​​​​​កាសែត​​​​​​ពី​​​សាកល​​​វិទ្យា​​​ល័យ​​​​​​មួយ​​​នៅ​​​ក្រុង​​​ញូវដេលី។ ជា​​​សញ្ញា​​​ប័ត្រ​​​ទាប មិន​​​មែន​​​សញ្ញា​​​ប័ត្រ​​​ថ្នាក់​​​អនុបណ្ឌិត​​​ទេ ដូច្នេះ​​​ខ្ញុំ​​​មាន​​​បទពិសោធន៍​​​​​​ និង​​​ចំណេះ​​​ដឹង​​​ខ្លះ​​​ ដើម្បី​​​ចែក​​​រំលែក”។សេចក្តី​​​ថ្លែង​​​ការណ៍​​​មាន​​​រៀប​​​រាប់​​​ឈ្មោះ និង​​​ឋានន្តរសក្តិ​​​នៃ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ថ្មី​​​ដែល​​​មាន​​​១២​​​រូប​​​ជា​​​ឧត្តម​​​សេនីយ៍​​​ឯក ២​​​រូប​​​​​​ជា​​​ឧត្តម​​​សេនីយ៍​​​ទោ ប៉ុន្តែ​​​មិន​​​បាន​​​ផ្តល់​​​លេខ​​​ទាក់​​​ទង​​​ទេ។​​​​​​​​​

នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​​​​និយាយ​​​បន្ថែម​​​ថា “យើង​​​នឹង​​​ព្យា​​​យាម​​​ធ្វើ​​​ឲ្យ​​​បាន។​​​ យើង​​​ចង់​​​​​​ឲ្យ​​​មាន​​​លេខ​​​ទាក់​​​ទង​​​លម្អិត។ ប្រហែល​​​​​​យើង​​​នឹង​​​​​​ចេញ​​​ផ្សាយ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ខ្ញុំ”។

លោក ឆាន់ ចន្ទសុភក្តិ ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី​​​​​​របស់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​រដ្ឋ​​​បាល​​​​​​បាន​​​និយាយ​​​ថា ជា​​​កិត្តិ​​​យស​​​ដែល​​​លោក​​​មាន​​​ឈ្មោះ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ។

លោក ចន្ទសុភក្តិ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មាន​​​មោទនភាព​​​ណាស់​​​ដែល​​​ថ្នាក់​​​ដឹក​​​នាំ[​​​អគ្គ​​​នាយក ប្រាក់ សំអឿន] ជឿ​​​ជាក់​​​លើ​​​ខ្ញុំ ហើយ​​​តែង​​​តាំង​​​ខ្ញុំ​​​ជា​​​​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ឲ្យ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​នេះ។ ឯកឧត្តម​​​ ខៀវ សុភ័គ នៅ​​​តែ​​​​​​​​​ជាន់​​​ខ្ពស់​​​ ហើយ​​​យើង​​​គ្រាន់​​​តែ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​តូច​​​សម្រាប់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​ប៉ុណ្ណោះ​​​”​​​៕​​​ រើន

 

The post ​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​តែង​​​តាំង​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី​​​២២​​​នាក់ ប៉ុន្តែ​​​​​​គ្មាន​​​លេខ​​​ទាក់​​​ទង​​​លម្អិត appeared first on ខេមបូឌា ដេលី.