១ឆ្នាំអាជ្ញាធរថៃ ចាប់ឃាត់ខ្លួននិង បញ្ជូនពលករខ្មែរ ចំណាកស្រុកខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ជាង៥ម៉ឺននាក់

ភ្នំពេញ៖ គ្រាន់តែរយៈពេល១ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៥ ពលករខ្មែរប្រុសស្រី ដែលបានឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន និងបញ្ចូនត្រឡប់ចូលស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត សរុប ៥៥.៦២៦នាក់ ក្នុងចំណោមពលករខ្មែរ ដែលត្រូវបានចាប់បញ្ចូន មកមានពលករ ៩០១នាក់ ក៏ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន នៅក្នុងពន្ធនាគារផងដែរ។

នេះបើយោងតាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិដែលបានដកស្រង់ ពីរបាយការណ៍របស់ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

របាយការណ៍ខាងលើបន្តថា ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរ ត្រូវគេមើលឃើញថា បានលួចចាកចេញតាមច្រករបៀង និងច្រកអន្តរជាតិ តាមរយៈការអូសទាញពីមេខ្យល់ និងការចាកចេញដោយខ្លួនឯង។​​ គ្រាន់តែរយៈពេល១ឆ្នាំ គឺក្នុងឆ្នាំ២០១៥ នគរបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករខ្មែរ បម្រុងទៅ រកការងារធ្វើខុសច្បាប់ ចំនួន៤១លើក សរុបពលករ៧១១នាក់ ក្នុងនោះស្រី២៣៨នាក់ កុមារ៧៤នាក់។

រយៈពេល២ថ្ងៃចុងក្រោយ បានធ្វើការទប់ស្កាត់ពលករខ្មែរប្រុសស្រី ចំនួន៣៨នាក់បន្ថែមទៀត ខណៈដែលពលករទាំងនោះ ជិះរថយន្ត៣គ្រឿង ចាកចេញពីខេត្តកំពង់ធំ កំពង់ឆ្នាំង និងបន្ទាយមានជ័យ បម្រុងឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលករទាំង៣៨នាក់ ក៏ត្រូវបានដោះលែងឲ្យត្រឡប់ទៅស្រុកវិញ ក្រោយពីមានការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការឆ្លងដែនខុសច្បាប់តទៅទៀតនោះ ៕

១ឆ្នាំអាជ្ញាធរថៃ ចាប់ឃាត់ខ្លួននិង បញ្ជូនពលករខ្មែរ ចំណាកស្រុកខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ជាង៥ម៉ឺននាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត