ផ្ទុះ​ធុង​ហ្គាស​រថយន្ត របួសធ្ងន់​៦​នាក់ នៅ​ស្រុក​ត្រ​ពាំ​ប្រាសាទ​

ឧ​ត្ត​រ​មានជ័យ: មនុស្ស​ប្រុស​ស្រី ចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ដោយ​ផ្ទុះ​ធុង​ហ្គាស​រថយន្ត​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ ៣ រសៀល នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រ​ពាំ​ប្រាសាទ ។​

​ជនរងគ្រោះ​ទាំង​៦​នាក់ ដែល​រងរបួស​ធ្ងន់ ទី​១.​ឈ្មោះ សំ អូន ភេទ​ស្រី អាយុ ៣២ ឆ្នាំ ប្រពន្ធ​ម្ចាស់​រថយន្ត ។ ២.​ឈ្មោះ ថៃ មាន​ហួរ ភេទ​ស្រី អាយុ​៧​ខែ ជា​កូន​។ ៣. ឈ្មោះ ស្រី ដែ​ត ភេទ​ស្រី អាយុ​២​ឆ្នាំ ត្រូវជា​កូន​។ ៤.​ឈ្មោះ នូវ ជី​សៀន ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជា​ក្មួយ ។ ៥. ឈ្មោះ​នូវ សុ​វ៉ាន់ ភេទ​ស្រី អាយុ​៦​ឆ្នាំ ជា​ក្មួយ និង​៦. ឈ្មោះ បោះ ធីតា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​បញ្ជូន មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ ចេញដំណើរ​ពី​ស្រុក​អន្លង់វែង មាន​គ្នា ៦​នាក់ ទៅលេង​បងប្អូន នៅ​ចំណុចកើតហេតុ ពេល​ដល់​មុខផ្ទះ​បងប្អូន ម្ចាស់​រថយន្ត និង​ជា​អ្នកបើកបរ បាន​ចុះ​ពី​រថយន្ត ម៉ាក​តូ​យ៉ា​តា កាមរី (​ឆ្លាម​) ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2B 6697 ឯ​ប្អូន​ជា​ម្ចាស់ផ្ទះ ចេញមក​ទទួល​។ ភ្លាមនោះ រថយន្ត​ក៏​ផ្ទុះ​តែម្តង បណ្តាលអោយ​របួស​ទាំង​ម្ចាស់ផ្ទះ​។ ឯ​អ្នកបើកបរ ចេញ​ផុតពី​រថយន្ត​មិនមាន​រងរបួស​ទេ ។ ម្ចាស់​រថយន្ត ឈ្មោះ ដាំ សុផាត ភេទ​ប្រុស  រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង ៕V/S