​ជំនួប​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​តួ​ក​គី​ចាប់តាំងពី​ការបាញ់​ទម្លាក់​យន្តហោះ​

​អឺរ៉ុប​៖​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Lavrov និង​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu បាន​ជួបគ្នា​លើកដំបូង​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ។ នេះ​បើ​យោងតាម​ព័ត៌មាន Xinhua​។​

​ជំនួប​នេះ​ធ្វើឡើង​នៅក្រៅ​ដាច់ដោយឡែក ខណៈ​ភាគី​ទាំងពីរ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២២ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ នៅក្នុង​តំបន់​អឺរ៉ុប ហើយ​មិនមាន​របាយការណ៍​ណាមួយ ត្រូវបាន​ផ្តល់​ឲ្យ​នោះទេ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត​នេះ​បានបញ្ចប់​។​

​ទំនាក់ទំនង​ការទូត​រវាង​រុស្ស៊ី និង​តួ​ក​គី ថ្មីៗ​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​យន្តហោះ​ចម្បាំង ប្រភេទ Su-24 មួយគ្រឿង​របស់​រុស្ស៊ី ត្រូវបាន​បាញ់​ទម្លាក់​នៅ​ជិត​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ដោយ​កងកម្លាំង​ទ័ពអាកាស​របស់​តួ​ក​គី កាលពី​ថ្ងៃទី​២៤ វិច្ឆិកា ហើយ​ជាការ​ឆ្លើយតប​នឹង​សកម្មភាព​បង្កហេតុ​របស់​តួ​ក​គី រុស្ស៊ី​បាន​ផ្អាក​ការទំនាក់ទំនង​យោធា ជាមួយនឹង​តួ​ក​គី ហើយ​បានដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​លើ​តួ​ក​គី​ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី លោក Putin បាន​ព្រមាន​តួ​ក​គី​ថា នឹង​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​នេះ ហើយ​បាន​ព្រមាន​ថា នឹង​គ្រោង​ដាក់ទណ្ឌកម្ម​បន្ថែមទៀត ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​៕

​ជំនួប​លើកដំបូង​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​តួ​ក​គី​ចាប់តាំងពី​ការបាញ់​ទម្លាក់​យន្តហោះ​