លោក កឹ​ម សុខា ប្រកាស​ពី​ជំហរ​ចង់​បន្ថយកម្ដៅ​នយោបាយ​បច្ចុប្បន្ន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​នឹង​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​អស់ពី​លទ្ធភាព ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​និ​ន្ន​ការ​នយោបាយ​ទាំងអស់​ជឿ​ទុកចិត្ត​គ្នា រួម​សាមគ្គី​គ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

លោក កឹ​ម សុខា បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខមន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ នៅ​ទីស្នាក់ការ​គណបក្ស ។ លោក កឹ​ម សុខា បាន​សរសេរ​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ដើម្បី​ឱ្យ​ប្រទេស​ខ្មែរ​សុខសាន្ត ហើយ​មានការ​រីក​ចម្រើន​ពិតប្រាកដ​ទាល់តែ​យើង​មាន​ឯកភាព​ជាតិ ជាតិ​ណា​ក៏​ដោយ​កាលណា​បាត់បង់​ឯកភាព​ជាតិ គឺ​ធ្លាក់​ចុះ​។ ការ​ឯកភាព​ជាតិ​នេះ​រក​ឃើញ​ថា គ្រប់​ភាគី​ទាំងអស់​ចេះ​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​ចៀសវាង​កុំ​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ ចៀសវាង​កុំឱ្យ​អ្នក​ដទៃ​ភ័យ​ខ្លាច ។

លោក​បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំ​ជឿ​ថា យើង​នឹង​ទៅ​ដល់​ចំណុច​មួយ​ជឿ​ទុកចិត្ត​គ្នា ការ​ជឿ​ទុកចិត្ត​គ្នា​គឺជា​គ្រឹះ ដើម្បី​ឈាន​ទៅ​ដល់​ឯកភាព​ជាតិ ។ ដើម្បី​ឱ្យ​ជឿ​ទុកចិត្ត​គ្នា ទាល់តែ​ឈប់​ធ្វើ​ឱ្យ​ភាគី​ណាមួយ​ឈឺចាប់ ហើយ​ឈប់​ធ្វើ​ឱ្យ​អ្នក​ដទៃ​ភ័យ​ខ្លាច រហូត​ដល់​ធ្វើ​ឱ្យ​ខ្លួនឯង​ភ័យ​ខ្លាច​ខ្លួនឯង​។ ហ្នឹង​បាន​បាត់​ភ័យ​ខ្លាច បាត់​ឈឺចាប់​ទាំងអស់​គ្នា ពេល​ហ្នឹង​រក​ឯកភាព​ជាតិ​ឃើញ​ហើយ យើង​នឹង​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​ដោយ​សុខដុមរមនា​ទាំង​គ្នា ។ នេះ​ជា​ចក្ខុវិស័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ប្រើ​អស់ លទ្ធភាព សមត្ថភាព​របស់ខ្ញុំ ដើម្បី​ធ្វើ​ឱ្យ​កើត​មាន​កិច្ចព្រមព្រៀង​ក្នុង​ចិត្ត​រវាង​អ្នកនយោបាយ អ្នកដឹកនាំ​ខ្មែរ ដើម្បី​សម្រេច​បាន​ឯកភាព​ជាតិ​នៅ​ថ្ងៃ​ណាមួយ​» ។

សូម​រំឭក​ថា បញ្ហា​នយោបាយ​ដែល​មាន​កម្តៅ​រហូត​មេ​បក្ស​ជំទាស់​លោក សម រ​ង្ស៊ី មិន​អាច​ត្រឡប់​ចូល​ប្រទេស​បាន គឺ​បន្ទាប់​ពី​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​មាន​បញ្ហា​ជា​ច្រើន​ទៀត កំពុង​តែ​បន្ថែម​ទម្ងន់ ។

លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា  កម្តៅ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​ក្តៅ ឬ​មួយ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ ទាមទារ​ឱ្យ​អ្នកនយោបាយ ពិសេស​នោះ​មេ​បក្ស​ប្រឆាំង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នយោបាយ និង​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ទាំង​ពីរ​នា​ពេល​កន្លង​មក ។

នៅ​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ លោក កឹ​ម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស បាន​ជួប​ជាមួយ តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២៥​រាជធានី​-​ខេត្ត នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ដែល​ការ​ជួបជុំ​នោះ​ក្នុង​ចេតនា​បន្ថយកម្ដៅ​នយោបាយ ។ លោក​បាន​ស្នើ​ឱ្យ​ការ​បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន កុំ​ប្រើ​ពាក្យ​អសុរោះ​ដែល​នាំ​ឱ្យ​មានការ​ប្រឈម​នឹង​ផ្លូវច្បាប់ ។

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ដាក់​ចេញ​វិធាន​ផ្ទៃក្នុង​សម្រាប់​ក្រុម​តំណាងរាស្ត្រ

លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឱ្យ​ដឹង​ថា គណបក្ស​លោក​គ្រោង​ដាក់​ចេញ​នូវ​វិធាន​ផ្ទៃក្នុង​សម្រាប់​ក្រុម​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន ក្នុង​អង្គ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​នៅ​ថ្ងៃ​ទី​៦ ធ្នូ មុន​ពេល​ដាក់​ឱ្យ​អនុវត្ត ។

លោក យឹ​ម សុវណ្ណ បាន​លើក​ឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា ពេល​នេះ​លោក​កំពុង​ពិនិត្យ​មើល​ពង្រាង​វិធាន​ផ្ទៃក្នុង​សម្រាប់​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ ពង្រាង​នេះ នឹង​ដាក់​ជូន​អង្គ​សិក្ខាសាលា នៅ​ថៃ្ង​ទី​៦ ធ្នូ ដើម្បី​ពិគ្រោះ​យោបល់​និង​អនុម័ត មុន​ពេល​ដាក់​ឱ្យ​អនុវត្ត​នា​ពេល​ខាង​មុខ ។ លោក​លើក​ឡើង​ថា វិធាន​ផ្ទៃក្នុង​នេះ​មាន​គោលបំណង​ដូច​តទៅ ៖

ទី​១-​បង្ក​លក្ខណៈ​ឱ្យ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​លទ្ធភាព​ប្រែក្លាយ​គោលបំណង និង​ទស្សនវិស័យ​នយោបាយ​របស់​គណបក្ស ឱ្យទៅ​ជា​សេចក្តី​ស្នើ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​របស់​ជាតិ ។
ទី​២-​សម្របសម្រួល​កិច្ចការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​តាក់តែង និង​អនុម័ត​ច្បាប់ និង​ការ​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល ។
ទី​៣-​លើកកម្ពស់​កិត្យានុភាព​ស្ថាប័ន​រដ្ឋសភា ឱ្យ​ស័ក្តិ​សមជា​ស្ថាប័ន​អំណាច​កំពូល​របស់​រដ្ឋ​ក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ ។
គួរ​បញ្ជាក់​ថា ការ​ដាក់​ពង្រាង​វិធាន​ផ្ទៃក្នុង​ជា​លើក​ដំបូង​របស់​បក្ស​ជំទាស់​មួយ​នេះ ខណៈ​ដែល​បក្ស​នេះ​មាន​អ្នកនាំពាក្យ​របស់​ខ្លួន​នៅ​រដ្ឋសភា គឺ​លោក យ៉ែ​ម បុញ្ញឫទ្ធិ ៕