កម្លាំងមានសម្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា និង កោសជប់យីហោ

កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ អ​និតិ​ជន​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន និង​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ និង ​កម្លាំង​របស់​ជា​ជ្ញា​ធរ​មូលដ្ឋាន​បាន​ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ​និង ​កោស​ជប់​មួយកន្លែង​ដោយបាន​ធ្វើការ​រំដោះ​បាន​ស្ត្រី​ចំនួន ១៣​នាក់​។​ប្រតិបត្តិការ​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៤ ​និង ​១៥​នាទី​ល្ងាច ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ហាង​ម៉ាស្សា និង ​កោស​ជប់​ដែលមាន​យីហោ ហេង យូ ផ្ទះ​លេខ ២១២C ផ្លូវ​លេខ ១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ​។​

លោក​ឧ​ត្ត​ម​សេនី​ត្រី លី ឡាយ អនុប្រធាន​អគ្គនាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង ​ការពារ​អ​និតិ​ជន​នៃ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ដោយយោង​ទៅតាម​ពាក្យបណ្តឹង​របស់​អង្គការ​មេត្រីភាព​អន្តរជាតិ ដែល​ហៅ​កាត់​ថា <<AKP>> និង ​ឆ្លងកាត់​ទៅតាម​ការ​ការស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​របស់លោក​នាពេល​កន្លង​នោះ​ ​បាន​ឃើញថា ទីតាំង​ម៉ាស្សា និង ​កោស​ជប់​ដែលមាន​យីហោ ហេង យូ នេះ ពិតជា​មានការ​បង្កប់​នូវ​មុខរបរ​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​ពិតមែន ទើប​រូបលោក​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​សហការ​ជាមួយ និង កម្លាំង​របស់​ជា​ជ្ញា​ធរ​មូលដ្ឋាន​ឆ្មក់​ចុះមក​បង្ក្រាប​នៅពេលនេះ​។​លោក​ក៏បាន​ប្រាប់​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នេះដែរ​កម្លាំង​របស់លោក​បាន​រកឃើញ​មាន​ស្ត្រី​ដែល​ប្រកប​របរ​ជួញដូរ​ផ្លូវភេទ​ដោយ​ខុសច្បាប់នៅក្នុង​ហាង​ម៉ាស្សា និង ​កោស​ជប់​នេះ មាន​ចំនួន ១៣ ​នាក់ និង ​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​ជា​ប្តី​ប្រពន្ធ​ចំនួន ២ ​នាក់​ផងដែរ​ ។​

ក្រុម​ស្ត្រី​ជួញដូរ​ផ្លូវភេទ​ទាំង ១៣ ​នាក់​នេះ ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង ​ការពារ​អ​និតិ​ជន ដើម្បី​ធ្វើការ​អប់រំ ចំណែកឯ​ម្ចាស់​ទីតាំង​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជា​បន្តទៅទៀត ៕​ (ប្រភពពី TV5)



Related