អុី​វ៉ា ស្នេហា​ថ្មី សម្រេច​លើ​ឪពុក​

​ចាប់តាំងពី​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ​នៅ​ខេត្តសៀមរាប បាន​បែកបាក់​គ្នា​ទៅ គេ​ពុំ​ធ្លាប់​បានឃើញ​ព័ត៌មាន​តារាចម្រៀង​ល្បីឈ្មោះ អ៊ី​វ៉ា បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ ។ ដោយសារតែ​ជួប​ស្នេហ៍​បរាជ័យ​នេះ គេ​មិនដឹងថា អុីវ៉ា ឈឺចាប់​កម្រិតណា​នោះទេ ព្រោះតែ​មួយរយៈ​កន្លងមក​នេះ សូម្បីតែ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ក៏​តារា​ស្រី​សាច់​សខ្ចី​រូបនេះ​មិន​ប្រើ​ដែរ ពោលគឺ​ការងារ​គ្រប់បែបយ៉ាង ត្រូវ​ឆ្លងកាត់​ការអនុញ្ញាតិ​ពី​ឪពុក​របស់​នាង​ជាមុនសិន ។ ជាក់ស្តែង​ពេល​អ្នកយកព័ត៌មាន​រប​ស់​យើង​សួរនាំ​ផ្ទា​ល់ពី​រឿង​ស្នេហា​ថ្មី អុី​វ៉ាប្រាប់ថា អ្នក​ស្រឡាញ់​ចង់បាន​នាង​ជា​គូគ្រងលុះត្រាតែ​ឆ្លងកាត់​ឪពុក​របស់​នាង​ជាមុន ព្រោះ​គាត់​ជា​អ្នកសម្រេច។​

​ការបង្ហាញ​ខ្លួន​នៅ​ឆាក​តន្ត្រី​ស្ថានីយទូរទស្សន៍​បាយ័ន កាលពី​ចុងខែ​តុលា កន្លងមកនេះ តារាចម្រៀង អុីវ៉ា នៅតែមាន​រាង​ស្រ​ឡូ​ន និង មាន​សម្រស់​កាន់តែ​ស្រស់ស្អាត​គួរឱ្យ​ចាប់អារម្មណ៍ ។ ម្យ៉ាងទៀត​ការងារ​ច្រៀង​រាំ​ចុងឆ្នាំ ២០១៥ និង ​ដើមឆ្នាំ ២០១៦ ជិត​ចូល​មកដល់​នេះ អុី​វ៉ា ក៏បាន​ប្រាប់ថា នាង​ទទួលបាន​ច្រើន មិន​ចាញ់​ឆ្នាំ​កន្លងទៅ​ទេ ពោលគឺ​មកដល់ពេលនេះ​នាង​បានធ្វើ​កិច្ចសន្យា​ជាមួយ​បណ្តា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ធំៗ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាន​ចំនួន​បួន ហើយក៏​នៅមាន​ក្រុមហ៊ុន​តូចៗ​មួយចំនួនទៀត​ផងដែ​រ។

តាម​ការបញ្ជាក់​ប្រាប់​ពី អុីវ៉ា ស្តែង​ឱ្យឃើញថា ប្រជាប្រិយភាព​របស់​នា​ង​នៅតែ​ខ្លាំង ដែល​ជំរុញ​ឱ្យ​នាង​ចាប់បាន​ការងារ​ច្រើន​តាំងពី​ចុងឆ្នាំ ២០១៥ នេះ​ទៅហើយ ប៉ុន្តែ​បើ​យើង​សម្លឹងមើល​ពី​រឿង​ស្នេហា​វិញ​នោះ តាំងពី​បែក​ស្នេហា​ជាមួយ​ថៅកែ​ក្លឹប​កម្សាន្ត​នៅ​សៀមរាប​មក តារា​ស្រី​រូបនេះ ក៏​មិនទាន់​ជួប​ប្រសព្វ​ស្នេហ៍ ទី​ពីរ​ជាមួយ​បុរស​ណា​ម្នាក់ទៀត​នៅឡើយ ។ នៅពេល ដែល​ពន្លក​ស្នេហ៍​ថ្មី មិនទាន់​ផុស​ឡើង​នេះដែរ ក៏មាន​ព័ត៌មាន​ថា ការដែល​តារាចម្រៀង អុី​វ៉ា មិនទាន់​ជួប​ស្នេហា​ថ្មី​នេះ គឺ​បណ្តាលមកពី​ឪពុក​របស់​នាង​ជា​អ្នក​ដាក់​គំនាប​មិនឱ្យ អុីវ៉ា បង្កើត​ទំនាក់ទំនង ឬ​ជ្រើសរើស​បុរស​ធ្វើជា​គូ​អនាគត ដោយ​ខ្លួនឯង ដែល​មិនបាន​ឆ្លងកាត់​ឪពុក​នោះឡើយ ។

ប្រភពព័ត៌មាន​ខាងលើ​នេះ​បាន​បន្តទៀតថា ហេតុផល ដែល​ឪពុក អ៊ី​វ៉ា ដាក់​ផែនការ​ថ្មី​មកលើ​កកូន​ស្រី​ក្នុងការ​ជ្រើសរើស​គូ​អនាគត​នេះ គឺ​មកពី​លោក​មិន​ចង់ឱ្យ អុីវ៉ា ជួប​ស្នេហ៍​បោកប្រាស់​ជា​លើក​ទី​ពីរ​ទៀតឡើយ ។ ក្រោយពី​បែកធ្លាយ ព័ត៌មាន​ខាងលើនេះ នៅពេល​ជួប​សម្ភាស​ផ្ទាល់​ជាមួយ “​ប្រជាប្រិយ​” នៅក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​“​តន្ត្រី​យុវវ័យ​”​កាលពីពេល ថ្មីៗ​នេះ តារាចម្រៀង​របស់​ផលិតកម្ម សាន់​ដេ អុី​វ៉ា បាន​ឆ្លើយតប​ថា ចំពោះ​រឿង​ស្នេហា​គឺ​នាង​ពិត​ជាមាន​បុរស​ជាច្រើន​បាន​ទាក់ទង​សុំ​ស្រឡាញ់ និង ចង់​ចូល​ស្តីដណ្តឹង​នាង​ធ្វើជា​ប្រពន្ធ​ពេញ​ច្បាប់​ពិតមែន ។ ប៉ុន្តែ​នាង​មិន​ទទួល ព្រោះ​ខ្លួន​នាង​ផ្ទាល់​កំពុង​ខិតខំ​ការងារ​សិល្បៈ​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​ទៀត ដើម្បី​រកប្រាក់​ឱ្យបាន​ច្រើន សម្រាប់​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ ។

អុីវ៉ា បន្តថា ទោះជា​យ៉ាងណា ចំពោះ​រឿង​ស្នេហា​នេះ​គឺ​នាង​ទុកឱ្យ​ឪពុក​ជា​អ្នកសម្រេច ហើយ​នៅពេលនេះ សូម្បីតែ​ទូរស័ព្ទ​ក៏​នាង​មិន​កាន់​ដែរ ពោលគឺ​មិន​ថា​ការងារ​សិល្បៈ​ឬ​បុរស​ណា​ព្យាយាម​ទាក់ទង​មក​នាង​នោះទេ លុះត្រាតែ​ឆ្លងកាត់​ឪពុក​របស់​នាង​ជាមុនសិន ទើប​ធ្លាក់​មកដល់​នាង​តាម​ក្រោយ ។ ឆ្លើយ​មកដល់​ចំណុច​នេះ នៅពេល​អ្នកយក​ពត៌មាន​របស់​យើង​សួរ​បញ្ជាក់ថា តាម​សម្តី អ៊ី​វ៉ា មានន័យថា រឿង​គូ​អនាគត លុះត្រាតែ​ឪពុក​ពេញចិត្ត ទើប​គាត់​ឱ្យ អុីវ៉ា ទទួលយក ចុះបើ​អ្នកនោះ អ៊ី​វ៉ា មិន​ស្រឡាញ់ តើ​នៅតែ​ទ្រាំ​ធ្វើតាម​ចិត្ត​ឪពុក ឬ​យ៉ាងណា​? សំណួរ​នេះ​ត្រូវបាន អ៊ី​វ៉ា ឆ្លើយតប​ថា ចិត្តជា​ឪពុក​គឺ​រមែង​ចង់ឱ្យ​កូន​បានល្អ​គ្រប់​រឿង ជាក់ស្តែង​ចំណុច​នេះ នាង​យល់ថា គាត់​ជា​ចាស់ទុំ​ធ្លាប់មាន​បទពិសោធ​ក្នុង​ជីវិត​ច្រើន​ដូច្នេះហើយ ការសិក្សា​មើល​អត្ត​ច​រិ​ក​មនុស្ស​ប្រុស​ម្នាក់ៗ គាត់​មើល​បាន​ច្បាស់​ជាង​នាង ។

ប៉ុន្តែ​បើ​បុគ្គល​ម្នាក់​មិនសូវ​ល្អ ឬ​មាន​ចំណុច​ណាមួយ ដែល​នាង​មិន​ពេញចិត្ត ឪពុក​នាង​ក៏​មិន​បង្ខំ​ឱ្យ​កូន​ទទួលយក​គ្រូ​សារ​ប្រភេទ​នេះដែរ ពេល​មាន​គេ​ចង់បាន​នាង​ជា​គូ​គ្រង់​គាត់​ក៏​តែងតែ​សួរនាំ​ពី​ចិត្ត​នាង ហើយ​នាង​ក៏​សង្កេតមើល​ពី​អត្តចរិត​បុរស​ម្នាក់​នោះ​ខ្លះៗ​ដែរ ពោលគឺ​បើ​នាង និង​ឪពុក​សម្លឹង​ឃើញ​បុរស​ម្នាក់ មាន​ចំណុច​អវិជ្ជមាន​ច្រើន​ក៏​មិន​ទទួល​ដែរ ។ នៅពេលនេះ ថ្វីដ្បិតតែ​តារាចម្រៀង អុីវ៉ា មិនទាន់បាន​បង្កាត់ភ្លើង​ស្នេហ៍​ទី​ពីរ​ក្តី ប៉ុន្តែ​តារា​ស្រី​កូនកាត់​ខ្មែរ​ចិន​រូបនេះ​បានគិត​ល្អិតល្អន់​ក្នុងការ​ជ្រើស​យក​អនាគត​គ្រួសារ រហូត​នាង​បានឱ្យ​ឪពុក​ជា​អ្នកមើល​ទឹកចិត្ត​បុរស ដែល​ស្រឡាញ់​នាង ថែមទៀត ។ ដូច្នេះហើយ​គូស្នេហ៍​ទី​ពីរ ដែល អុីវ៉ា ជ្រើស​យក​នៅពេល​ខាងមុខ​នេះ សង្ឃឹមថា នឹង​ជៀសផុត ពី​ចំណង​ស្នេហ៍​ប្រេះស្រាំ ដូច​ស្នេហា​ទីមួយ ជាមួយ​បុរស​ថៅកែ​ក្លឹប​នៅ​ខេត្តសៀមរាប​ជាមិនខាន ៕ ចន្ថា

​        

Related