​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចោរកម្ម​នៅក្នុង​ក្រុង​បាន​លុង

​ខេត្តរតនគិរី​៖​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ត្រង់ចំណុច កន្លែង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ស្ថិតនៅ​ក្នុងភូមិ​តា​អង ឃុំ​តា​អង​ស្រុក​កូន​មុំ​។​

​    ​យោងតាម​របាយការណ៍​ប៉ុ​ស្ថ៍​នគ​បាល​សង្កាត់​ឡា​បាន​សៀក​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០៣ ខែធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​មាន​ករណី​លួច​ម៉ូតូ ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​អាយ​ខុន​ពណ៌​លឿង​ស​ពាក់​ស្លាក​លេខ​រតនគិរី​១B០៧០១ លេខ​ម៉ាស៊ីន​៨០១៣៤៧៦​នៅត្រង់ចំណុច​ច្រកចូល​ផ្សារ​បាន​លុង​ស្តិ​ត​នៅ​ភូមិ ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​។​

​    ​លោក ផន ទុំ នាយប៉ុស្តិ៍​ឡា​បាន​សៀក​ស្តីទី​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ សួន រិ​ន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​តំបន់​១០១ ខេត្តស្ទឹងត្រែង​មុខរបរ​កម្មករ​។ លោក​បន្តទៀតថា​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​បាន​ដកហូត​វត្ថុតាង​បាន​ម៉ូតូ​ចំនួន​១​គ្រឿង​ចំណែក​ជនរងគ្រោះ មានឈ្មោះ​លឹម​សុជាតា​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​មុខរបរ​លក់ដូរ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគ​បាល​សង្កាត់​ឡា​បាន​សៀក​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​៕

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចោរកម្ម​នៅក្នុង​ក្រុង​បាន​លុង