ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងអញ្ជើញវិលត្រឡប់ មកដល់ មាតុប្រទេសវិញ នារសៀលនេះ បន្ទាប់ពី បញ្ចប់ទស្សនកិច្ច នៅឡាវ និងវៀតណាម

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ តាមការគ្រោងទុក នឹងអញ្ជើញវិល ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្រោយពីបញ្ចប់ ទស្សនកិច្ច រយ:ពេល៥ថ្ងៃ នៅប្រទេសឡាវ និងវៀតណាម។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា តាមការគ្រោងទុក នៅម៉ោង៤៖៣០ នាទី រសៀលថ្ងៃទី៥ ខែធ្នូ នេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ ជាមួយនិង គណ:ប្រតិភូ នឹងវិលមកដល់ មាតុប្រទេសវិញ ក្រោយពីបាន បញ្ចប់ទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសរយ:ពេល៥ថ្ងៃកន្លងមកនេះ។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នាល្ងាចថ្ងៃទី១ ខែធ្នូ កន្លងទៅនេះ បានដឹកនាំគណ:ប្រតិភូ មួយក្រុម រួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នយោបាយ និងកិច្ចការបរទេស នាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការ កងទ័ពជើងទឹក រួមនាយទាហានមួយចំនួនទៀត អញ្ជើញចូល ក្នុងពិធីមហាមិទ្ទិញ ធ្វើព្យុហយាត្រា អប់អរសាទរខួបលើកទី៤០ នៃទិវាបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ធ្នូ ឆ្នាំ១៩៧៥-២ធ្នូ ឆ្នាំ២០១៥) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែធ្នូ នៃរដ្ឋធានី ប្រទេសឡាវ។ ក្នុងអំឡុងពេលចូលរួម ប្រារព្ធពិធីនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានជួបសម្តែង ការគួរសម ជាមួយនិង លោក Thongsing THAMMAVONG នាយករដ្ឋមន្រ្តី សាធារណរដ្ឋ ប្រជាធិបតេយ្យឡាវ ផងដែរ ដើម្បីពិភាក្សាគ្នាមួយចំនួន ស្តីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ដោយឡែក ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ នាយឧត្តមសេនីយ៍ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រារព្ធ ពិធីខួបអនុស្សាវរីយ៍ លើកទី៧០ (១០ធ្នូ ១៩៤៥ -១០២០១៥)ថ្ងៃប្រពៃណី បង្កើតកងប្រដាប់អាវុធភូមិភាគ៧ កងទ័ពប្រជាជនវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងពិធីនេះនាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងបំពាក់គ្រឿង ឥស្សរយសជូន ដល់ស្ថាប័នអង្គភាព និងនាយទាហានមួយចំនួននៃកងឯកភាពភូមិភាគ៧ កងទ័ពប្រជាជវៀតណាម ដែលមានស្នាដៃឆ្នើមលើវិស័យកិច្ចសហប្រតិបត្តិការយោធា តាមរយ:ការជួយគាំទ្រឧត្ថម្ភ ទាំងស្មារតី និងសម្ភារ:ព្រមទាំងពង្រឹង ពង្រីកចំណងមិត្តភាព មិត្តភាពល្អប្រសើរ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម នាពេលកន្លងមក៕

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងអញ្ជើញវិលត្រឡប់ មកដល់ មាតុប្រទេសវិញ នារសៀលនេះ បន្ទាប់ពី បញ្ចប់ទស្សនកិច្ច នៅឡាវ និងវៀតណាម

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងអញ្ជើញវិលត្រឡប់ មកដល់ មាតុប្រទេសវិញ នារសៀលនេះ បន្ទាប់ពី បញ្ចប់ទស្សនកិច្ច នៅឡាវ និងវៀតណាម