​ស្ត្រី​ម្នាក់​ទើប​ខ្ចីលុយ​ពី​ធនាគារ ៤​ពាន់​ដុល្លារ ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ យកទៅ​បាត់​

បន្ទាយមានជ័យ: ស្ត្រី​ម្នាក់​ដែលមាន​សតិ​មិនល្អ ត្រូវបាន​គេ​ដឹក​យកទៅ​ផ្លុ​ង​ចោល នៅ​ម្តុំ​ក្រោយ​ទីលាន​បាល់ទាត់ វិទ្យាល័យ​សម្ដេចឪ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ​។​

​តាម​សម្តី​សាច់ញាតិ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ អូន មុំ អាយុ​ជាង ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ នៅពេល​ដែល​គេ​ប្រទះ ឃើញ​នេះ គឺ​រូបគាត់​មាន​សភាព​រវើរវាយ អារម្មណ៍​ក៏​មិន​ប្រក្រតី បាត់បង់​ស្មារតី ទំនងជា​ត្រូវ​ថ្នាំ​សណ្តំ ទើប​នាំយកមក​មន្ទីរពេទ្យ​ឯកជន​។​

​ក្រោយ​មានការ​ពិនិត្យ និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ ទើប​ស្ត្រី អូន មុំ បានដឹងខ្លួន​ឡើងវិញ ហើយ​បាន​ប្រាប់ថា មាន​គេ​ដាក់​ថ្នាំ​គាត់ យកលុយ​អស់​៤​ពាន់​ដុល្លារ ខណៈដែល​គាត់​ទើបតែ​បើក​ពី​ធនាគារ អេស៊ីលីដាថ្មីៗ​។​

​ស្ត្រី​រងគ្រោះ បាន​បន្តថា លុយ​ដែល​គេ​យកទៅ​នោះ គឺជា​លុយ​ដែល​ធនាគារ ហៅ​ឲ្យ​មក​យក បន្ទាប់ពី​គាត់​បាន​បំពេញ​លក្ខខណ្ឌ យកទៅ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​។ ពេល​ទទួល​លុយ​រួចរាល់ គាត់​ក៏បាន​ដើរចេញ​មិនទាន់​ផុត​ខ្លោងទ្វារ​ផង ក៏មាន​គេ​ទះ​ស្មា​គាត់ ហើយ​ក្រោយមក គាត់​មិន​ចាំ​អ្វី​ទាំងអស់​។​

​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​សាកសួរ​ស្ត្រី​រងគ្រោះ ជុំវិញ​ករណី​ដាក់​ថ្នាំ​នេះដែរ បន្ទាប់មកក៏បាន​សុំ​ឲ្យ​ខាង​ធនាគារ​អេស៊ីលីដា ធ្វើការ​សហការ ដោយ​សុំ​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​រកមុខ​អ្នកដៃដល់ ក្នុង​រឿងនេះ​៕V​/S

​ស្ត្រី​ម្នាក់​ទើប​ខ្ចីលុយ​ពី​ធនាគារ ៤​ពាន់​ដុល្លារ ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ យកទៅ​បាត់​