​នគរបាល​ឃាត់ខ្លួន បុរស​ម្នាក់​វាយ​ប្រពន្ធ និង​យក​ប្រេងម៉ាស៊ីន ស្រោច​លើ​ប្រពន្ធ រហូតដល់​សន្លប់​

ភ្នំពេញ: នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួនបុរស​ម្នាក់ ដែល​បាន​វាយ​ប្រពន្ធ និង​យក​ប្រេងម៉ាស៊ីន​ម៉ូតូ ចាក់​ស្រោច​លើ​ប្រពន្ធ រហូតដល់​វិលមុខ​សន្លប់​។ ហេតុការណ៍​នៃ​អំពើហិង្សា​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ ថន បូ​លីន អាយុ ៣០​ឆ្នាំ (​ប្រពន្ធ​ជនសង្ស័យ​) មុខរបរលក់​ផ្កា ។ ជនសង្ស័យ ឈ្មោះ​កែវ ពន្លក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ លក់​ផ្កា​ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ភូមិ​កើតហេតុ​ខាងលើជាមួយគ្នា​។​

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ បុរស​ជា​ប្តី បានមកពី​លក់​ផ្កា​វិញ ក៏​ឈ្លោះ​គ្នាជាមួយប្រពន្ធពី​រឿង​លុយ និង​វាយ​មួយ​ដៃ ពេលនោះ ស្ត្រី​ជា​ប្រពន្ធក៏​ទៅផ្ទះ​ម្តាយ​បាត់ទៅ​។​

​ក្រោយពី​ប្រពន្ធ ត្រឡប់មកវិញ ប្តីខឹង​ក៏​រករឿង រួច​វាយ​ជាច្រើន​ដៃ និង​យក​សាំង មកចាក់គំរាម​រក​ដុត រួច​ក៏​ដើរចេញទៅខាង​ក្រៅ​បាត់ទៅ បន្ទាប់មក ក៏​ត្រឡប់​
​មក​ផ្ទះ​វិញ រករឿង​ទៀត និង​វាយ​ប្រពន្ធ​មួយ​ដៃ រួច​យក​ប្រេង​បាត​ម៉ូតូ ទៅ​ចាក់​ចូល​មាត់ តែ​ស្ត្រី​ជា​ប្រពន្ធបិទមាត់​ជាប់​។ ពេលនោះ​ប្តី ក៏​យក​ប្រេង​បាតចា​ក់លើ ធ្វើ​ឲ្យ​វិលមុខ​សន្លប់បាត់ស្មារតី តែម្តង​។​

​ភ្លាមនោះ ស្ត្រី​រងគ្រោះត្រូវបាន​ក្រុមគ្រួសារនាំទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ជ័យជំនះ (​តាខ្មៅ​) ។ ក្រោយពី​ទទួល​ព័ត៌មាន​ពី ករណី​ហិង្សា​ក្នុង​គ្រួសារ ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​នាំខ្លួន​បុរស​ជា​ប្តី ទៅកាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ​៕V​/S

​នគរបាល​ឃាត់ខ្លួន បុរស​ម្នាក់​វាយ​ប្រពន្ធ និង​យក​ប្រេងម៉ាស៊ីន ស្រោច​លើ​ប្រពន្ធ រហូតដល់​សន្លប់​

​នគរបាល​ឃាត់ខ្លួន បុរស​ម្នាក់​វាយ​ប្រពន្ធ និង​យក​ប្រេងម៉ាស៊ីន ស្រោច​លើ​ប្រពន្ធ រហូតដល់​សន្លប់​