ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ខុសពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​

តាម​កាសែត​បរទេស​បាន​ឲ្យ​ដឹងថា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីព រ៉ា​ហ្សា​ក់ បានផ្តល់​ឯកសារ​មួយចំនួន​ទាក់ទិន​ទៅនឹង​មូលនិធិ​ដែលមាន​ទឹកប្រាក់​ជាង​៦១១​លាន​ដុល្លារ ទៅ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​បន្ទាប់ពី​លោក​ត្រូវបាន​រង​ការ​រិះគន់ថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​។ បញ្ហា​នេះ​បាន​កើតឡើង​ក្រោយពេល​បាតុករ​ម៉ា​ឡា​ស៊ី​ច្រើន​ម៉ឺន​នាក់ បានធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​លោក ណា​ជីព រ៉ា​ហ្សា​ក់ ចុះ​ចេញពី​តំណែង​ដោយសារ​រឿងអាស្រូវ​ពុករលួយ ករណី​សង្ស័យថា​លោក​បាន​ផ្ទេរប្រាក់​ទាំងនេះ​ពី​ធនាគារ​អភិវឌ្ឍន៍​នៃ​ប្រទេស​ម៉ាឡេស៊ី​1MDB​។ ចំណាត់ការ​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​រឿងអាស្រូវ​របស់​នាយក​រដ្ឋមន្ត្រី ណា​ជីព រ៉ា​ហ្សា​ក់​។

តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក Wall Street Journal បាន​ឲ្យ​ដឹងថា​អ្នកស៊ើប​អង្កេត​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ក្នុងប្រទេស​ម៉ាឡេស៊ី បាន​ស៊ើបអង្កេត​រួចរាល់​អស់ហើយ​នូវ​សំណុំរឿង​របស់លោក ណា​ជីព រ៉ា​ហ្សា​ក់​។ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​កត់ត្រា​ឯកសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​របស់ខ្លួន ករណី​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​1MDB ដែល​ជួយ​ផ្ទេរ​មូលនិធិ​របស់ខ្លួន​ទៅ​ដាក់ចូល​ក្នុង​មូលនិធិ​ផ្ទាល់ខ្លួន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ណា​ជីព រ៉ា​ហ្សា​ក់​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ហ៊ាន​អនុវត្តន៍​ច្បាប់​ប្រឆាំង​អំពើពុករលួយ​យ៉ាង​ត្រឹមត្រូវ ខុសពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​បាន​រិះគន់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិន​ហ៊ាន​អនុវត្តន៍​ច្បាប់​ប្រឆាំង​មន្ត្រី​ពុករលួយ​ធំៗ​នៅឡើយ​ទេ​។ ជាក់ស្តែង​អំពើពុករលួយ​នៅក្នុង​ក្រសួងសុខាភិបាល នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​អំពើពុករលួយ​ធំៗ​នៅក្នុង​ស្ថាប័ន​តុលាការ មិន​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ចាត់វិធានការ​ស៊ើបអង្កេត​និង​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ចាត់វិធានការ​ទៅលើ​មន្ត្រី​តូចតាច​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​ស្ថាប័ន​នេះ​ទេ​៕

640px-Najib_Razak_2008-08-21លោក ណាជិព រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  ៨៤លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ