ជនជាតិដើម​ភាគតិច​រងគ្រោះ​កាន់តែខ្លាំង​ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បំផ្លាញ​ព្រៃ​សហគមន៍ និង​ឆក់​ប្លន់​ដីធ្លី​

​ករណី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​យួន ក្រុមហ៊ុន​ចិន ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម កំពុង​នាំ​ឲ្យ​កើតមាន​ជម្លោះដីធ្លី​យ៉ាង​ពេញបន្ទុក ហើយ​ជនជាតិដើម​ភាគតិច​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​មណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី លំនៅដ្ឋាន​។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ តំណាង​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​មណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ទប់ស្កាត់​ការបណ្ដេញចេញ ពី​សំណាក់​ក្រុមហ៊ុន​បរទេស ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិនអាច​ទប់ស្កាត់​បានឡើយ​។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ស្នាក់ការ​អង្គការ​ជនជាតិដើម​ភាគតិច​ក្នុង​រាជធានី​ភ្នំពេញ តំណាង​ជនជាតិដើម​ភាគតិច​កួយ ព្នង មកពី​ខេត្តព្រះវិហារ ស្ទឹងត្រែង និង​មណ្ឌលគិរី បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ដូចជា បាត់បង់​ដីចម្ការ​វិលជុំ បាត់បង់​ដីព្រៃ​សហគមន៍ ហើយ​សូម្បី​តែព្រៃ​អារក្ស​និង​ព្រៃ​កប់​សព​ដូនតា ក៏ត្រូវ​ក្រុមហ៊ុន​យួន ក្រុមហ៊ុន​ចិន ឈូសឆាយ​ពង្រីក​ដី​សម្បទាន​របស់​ពួកគេ​ដែរ​។ តំណាង​ជនជាតិដើម​ភាគតិច​បាន​ឲ្យ​ដឹងថា ក្នុង​សំណុំរឿង​នីមួយៗ​ពួកគាត់​តវ៉ា​សុំ​អន្តរាគមន៍​ជាច្រើនលើក​ច្រើនសា ពី​មន្ត្រី​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត ក៏ប៉ុន្តែ​ពុំមាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​ទេ​។ ជាក់ស្តែង​នៅក្នុង​ខេត្តព្រះវិហារ ក្រុមហ៊ុន​ដាំ​អំពៅ​របស់​ចិន​បាន​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍ និង​បំពាន​លើដី​ចម្ការ​វិលជុំ​របស់​ជនជាតិដើម​ភាគតិច​យ៉ាង​គឃ្លើន និង​មានការ​គាំពារ​ពី​មន្ត្រី​អាជ្ញាធរ​ទៀតផង​។

​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ក្រុមហ៊ុន​យួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍ និង​បំពាន​លើ​ព្រៃ​អារក្ស ព្រៃ​បញ្ចុះសព​ដូនតា​របស់​ជនជាតិដើម​ភាគតិច​យ៉ាង​កំរោល​។ បញ្ហា​នេះហើយ​ដែល​ជនជាតិដើម​ភាគតិច​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​យួន បាន​រំលោភសិទ្ធិ​រស់នៅ​របស់​ពួកគាត់​និង​ប្រើ​អំណាច​បណ្ដេញ​ចេញពី​ដីធ្លី​យ៉ាង​អយុត្តិធម៌​បំផុត​។ ជនជាតិដើម​ភាគតិច​នៅក្នុង​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ក្លាយទៅជា​កន្លែង​របស់​ឯកជន ហើយ​ពួកគាត់​កំពុងតែ​ត្រូវ​បាត់បង់​ទាំង​ជំនឿ​សាសនា និង​មុខរបរ​ប្រចាំថ្ងៃ​គួរ​ឲ្យ​សោកស្ដាយ​បំផុត​៕

hunsen_305 indigenouse-people-2015-12-04